
ក្រុមបាល់ទាត់នារីរបស់វិសាខា បានបង្ហាញការតាំងចិត្តខ្ពស់ ចំពោះការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាមួយក្រុមនារីភ្នំពេញក្រោន នៅកីឡដ្ឋានស្តាតចាស់ នារសៀលម៉ោង៤ ថ្ងៃសៅរ៍នេះ ដោយពួកគេរំពឹងថា នឹងដណ្តើមបានជ័យជម្នះ ដើម្បីលើកពានលីគនារី (Cambodian Women’s League) ជាលើកដំបូង។
ការវិលនមកជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្ររវាងក្រុមទាំង២នេះ ក៏ជាពេលវេលាដ៏ល្អ ដើម្បីជម្រះភាពមន្ទិល ចំពោះការឈ្នះចាញ់គ្នាម្តង១ដង ក្នុងការប្រកួតវគ្គសន្សំពិន្ទុផងដែរ ដោយក្នុងនោះ ក្រុមនារីភ្នំពេញក្រោន បានយកឈ្នះក្រុមនារីវិសាខា ៤-០ សម្រាប់ការប្រកួតជើងទី២ នៅលើទឹកដីខ្លួនឯង បន្ទាប់ពីបានចាញ់ ២-១ ក្នុងការជើងទី១ នៅកីឡដ្ឋានព្រីនស៍ ជាទឹកដីរបស់វិសាខា។
កីឡាការិនីជាប្រធានក្រុមបាល់ទាត់នារីវិសាខា ហ៊ា ស្រីឡាស់ បានបានចាត់ទុកការដណ្តើមបានឱកាសឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ វាជាសមិទ្ធផលដ៏គួរឱ្យរំភើបដែលក្រុមទាំងមូលបានព្យាយាមបង្កើតឱ្យមានឡើង បន្ទាប់ពីបានឆ្លងកាត់ការប្រកួតប្រជែងយ៉ាងលំបាកពីមួយប្រកួតទៅមួយប្រកួត ហេតុនេះពួកគេ នឹងប្រឹងប្រែងកាន់តែខ្លាំង ដើម្បីទទួលបានជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រនេះ។

តាមរយៈក្លិបវិសាខា ខ្សែការពារកណ្តាល ហ៊ា ស្រីឡាស់ បាននិយាយថា៖ «យើងដឹងហើយថា ការប្រកួតនីមួយៗ វាមិនស្រួលក្នុងការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះទេ អ៊ីចឹងនេះជាការប្រកួតដ៏សំខាន់សម្រាប់ពួកយើង។ ពួកយើងប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបានជ័យជម្នះជូនក្រុម»។
ចំណែកអ្នកចាំទីដៃទី១របស់ក្រុមនារីវិសាខា ពេញ បូរ៉ាវី ក៏បានបង្ហាញការតាំងខ្ពស់ ក្នុងការរក្សាសំណាញ់ទីរបស់ក្រុម ខណៈការប្រកួតកន្លងមកនេះ បូរ៉ាវី បានបំពេញតួនាទីយ៉ាងល្អ ជាពិសេសការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមនារីណាហ្គាវើលដ៍ កាលពីថ្ងៃទី១ ខែកុម្ភៈ គឺអ្នកចាំទីរូបនេះ ត្រូវបានជ្រើសរើសជាកីឡាការិនីល្អប្រចាំការប្រកួត បន្ទាប់ពីបានជួយក្រុមវិសាខា ឱ្យឈ្នះ ណាហ្គាវើលដ៍ ៤-៣ ក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយក្រុមទាំង២ បានស្មើគ្នា ០-០។
ពេញ បូរ៉ាវី បាននិយាយថា៖ «ខ្ញុំ និងមិត្តរួមក្រុម បានត្រៀមខ្លួនជានិច្ច សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនេះ ហើយយើងទាំងអស់គ្នាប្តេជ្ញាចិត្តថា នឹងធ្វើឱ្យបានល្អ និងអស់ពីសមត្ថភាព សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនេះ»។
យ៉ាងណាក៏ដោយ គេនៅមិនទាន់ប្រាកដថា ក្រុមនារីវិសាខា នឹងអាចយកឈ្នះក្រុមនារីភ្នំពេញក្រោន ដើម្បីសម្រេចក្តីស្រមៃបានលើកពានលីគនារី ជាលើកដំបូង ឬយ៉ាងណាទេ ព្រោះជាលទ្ធផលរួម សម្រាប់ការប្រកួតលីគនារី រដូវកាលឆ្នាំ២០២៤/២០២៥នេះ គឺក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ធ្វើបានល្អជាងក្រុមវិសាខា។

ក្រុមភ្នំពេញក្រោន បានបញ្ចប់ការប្រកួតសន្សំពិន្ទុទាំង២ជើង ដោយការឈ្នះ១៦ ស្មើ១ ចាញ់១ប្រកួត មាន៤៩ពិន្ទុ ឈរនៅលេខ១ ខណៈក្រុមនារីវិសាខា ឈរនៅលេខ២ មាន៤៣ពិន្ទុ ដោយឈ្នះ១៤ ស្មើ២ និងចាញ់២ប្រកួត ចំណែកក្រុមនារីណាហ្គាវើលដ៍ ឈរនៅលេខ៣ មាន៤០ពិន្ទុ និងក្រុមព្រះខ័នរាជស្វាយរៀង ឈរនៅលេខ៤ មាន៣៩ពិន្ទុ។
សម្រាប់ការឈរចាំប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវប៉ះក្រុមនារីវិសាខា ជាលើកទី៣នេះ ក្រុមនារីភ្នំពេញក្រោន បានបង្ហោះសារខ្លីៗ នៅលើផេចហ្វេសប៊ុករបស់ខ្លួន ដោយបង្ហាញថា ពួកគេបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនេះហើយ ហើយរំពឹងថា ពួកគេនឹងធ្វើបានល្អម្តងទៀត នៅវគ្គផ្តាច់ព្រ័ត្រនេះ៕