កីឡាករបរទេស​ទទួលបានសញ្ជាតិ​ខ្មែរ​​៥នាក់​ក្នុង​ចំណោម​៨​នាក់​ ត្រូវបាន​​កោះហៅ​ឱ្យ​ចូលជំរំហ្វឹក​ហាត់ជាមួយក្រុមជម្រើសជាតិ​កម្ពុជាជាថ្មី ជាមួយ​កីឡាករ​ក្នុង​ស្រុក​​១៨នាក់​ទៀត ដើម្បី​​ត្រៀមការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិចំនួន​២ នៅ​ក្នុង​ខែ​មីនា​នេះ។

ការប្រកួត​អន្តរជាតិ​ទាំង​ពីរ នឹង​ធ្វើ​​​ជាមួយក្រុមជម្រើសជាតិ​វៀតណាម នៅ​កីឡដ្ឋាន Go Dau Stadium នា​ថ្ងៃទី​១៩ ខែមីនា និងការ​ប្រកួត​ជាមួយ​ក្រុមជម្រើសជាតិអារូបា (Aruba) ​មកពីទ្វីបអាមេរិកខាងត្បូង នៅពហុកីឡដ្ឋានជាតិអូឡាំពិក នា​ថ្ងៃទី​២៥ ខែមីនា។

តាម​បញ្ជី​រាយនាម​កីឡាករ​ទាំង​២៣​នាក់ ចេញ​ដោយ​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា (FFC) នៅព្រឹក​ថ្ងៃ​អង្គារ​នេះ បានបញ្ជាក់​ថា កីឡាករ​បរទេស​ ទទួលបាន​សញ្ជាតិ​ខ្មែរ​ទាំង​៥​នាក់ រួម​មាន​​ខ្សែ​ប្រយុទ្ធកូឡុំប៊ី Nieto Rondon ​ខ្សែ​ការពារ​របស់​​ជប៉ុន Takaki Ose និង Yudai Ogawa ​ខ្សែ​ប្រយុទ្ធ​កូតឌីវ័រ Coulibaly Abdel Kader និងខ្សែ​ការពារអាហ្រិក​ខាងត្បូង កាន់ ម៉ូ សុទ្ធតែ​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូលរួមជាមួយក្រុមជម្រើសជាតិ​កម្ពុជា ជាថ្មី។


ការ​កោះហៅ​នេះ ដោយសារ​អ្នកទាំង​៥នាក់ សុទ្ធតែ​បាន​បង្ហាញគុណ​ភាពលេង​បានល្អ ក្នុងពាន​រង្វាន់ ASEAN Championship Mitsubishi Electric Cup 2024 ប៉ុន្តែ​កីឡាករជប៉ុនមានសញ្ជាតិ​ខ្មែរ Hikaru Mizuno ដែលបានចូល​លេង​ក្នុងពាន​នោះដែរ រួមទាំង​កីឡាករ​បរទេស​មានសញ្ជាតិ​ខ្មែរ​២នាក់​ទៀត គឺ​ខ្សែ​ប្រយុទ្ធ Privat Mbarga ដែល​កំពុង​លេង​នៅលីគកំពូល​ឥណ្ឌូនេស៊ី និងខ្សែ​ការពារ Zogbe Vireak ដែល​លេង​នៅលីគ​ទី​២​របស់ថៃ មិនត្រូវបាន​កោះហៅឱ្យ​ចូល​ជម្រើសជាតិ នោះ​ទេ។

ចំណែក​សមាសភាព​កីឡាករ​ក្នុងស្រុកចំនួន​១៨នាក់​ទៀត គឺភាគច្រើន​ជា​កីឡាករ ដែល​​ធ្លាប់ជាប់ជម្រើសជាតិ ​​ក្នុងការ​ប្រកួត​​ពាន​រង្វាន់ ASEAN Championship Mitsubishi Electric Cup 2024 គឺ​លើកលែង​តែ​អ្នកចាំទី ហ៊ុល គឹមហ៊ុយ រួមទាំង​កីឡាករ មិន រតនៈ , សារ​ ទី, អ៊ន ចាន់ប៉ូលីន, អ៊ិន សូដេវីត, យ៉ើ ម៉ូស្លីម, សឿត បារាំង, ឡេង ណូរ៉ា និង គឹម សុខយុទ្ធ ដែល​គ្មាន​ឈ្មោះលើក​នេះ ហើយជំនួស​វិញ​ដោយ​អ្នកចាំទី កែវ សុខសិលា កីឡាករ អ៊ុក សុវណ្ណ, ផាត សុខា, ជូ ស៊ីនទី, ស៊ិន សុវណ្ណមករា និង​កីឡាករវ័យក្មេង បុង សាំយូអ៊េល។


តាម​សមាសភាព​កីឡាករទាំង​២៣​នាក់ ដែល​ត្រូវបាន​កោះហៅ​ឱ្យ​ចូលជំរំហ្វឹកហាត់​លើក​នេះ ត្រូវបានគេ​មើល​ឃើញ​ថា ក្រុមជម្រើសជាតិ​កម្ពុជា មាន​ភាពរឹងមាំ​ទាំង​តំបន់ការពារ បម្រើ និង​ប្រយុទ្ធ ហើយនេះជា​ពេល​វេលា​ដ៏​ល្អមួយ ដែល​លោក Koji Gyotoku និងក្រុមការងារ​បច្ចេក​ទេស​របស់​លោក ត្រូវ​បញ្ចេញ​ស្នាដៃ​ជាថ្មី ក្នុង​ការ​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា បន្ទាប់ពីលោក ទើប​ត្រូវបាន​ FFC តែងតាំង​ជា​គ្រូ​បង្គោល​ក្រុមគោព្រៃកម្ពុជា ជា​ផ្លូវការ ជំនួសតួនាទីជា​គ្រូ​បង្វឹកជាបណ្តុះអាសន្ន កាលពី​ថ្ងៃចន្ទ។

ចំពោះការ​សម្រេច​ជ្រើស​រើស​តាំង​  ​លោក Koji Gyotoku ឱ្យ​ក្លាយជា​គ្រូ​បង្គោល​ផ្លូវការ​របស់​ក្រុមជម្រើសជាតិ​កម្ពុជា​ ជាមួយកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​នេះ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បាន​ឱ្យ​ដឹង​ថា ដោយសារ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហព័ន្ធ មានការជឿជាក់​ទៅលើ​សមត្ថភាព​របស់​លោក Koji ថា​នឹងអាច​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទទួលបានបទពិសោធន៍ និង​បច្ចេក​ទេស​ថ្មីៗ​បន្ថែម ក្នុងការ​អភិវឌ្ឍ​ក្រុមនេះ​ឱ្យកាន់តែ​ប្រសើរ​ឡើង។

លោក កែវ សារ៉េត បាន​បញ្ជាក់​ថា៖ «យើងបាន​​មើលឃើញ​​​ពី​ស្នា​ដៃ​​របស់​​​គាត់ ក្នុងការ​បង្ហាត់ និងដឹកនាំ​ការ​ប្រកួត​កន្លងមក គឺ​គាត់​ប្រឹង​ប្រែង និង​ព្យាយាម ធ្វើ​ឱ្យ​យើង​​មានការជឿជាក់​ទៅលើ​គាត់​ថា នឹងអាច​អភិវឌ្ឍ​គុណ​ភាព​លេង​របស់​ក្រុមជម្រើសជាតិ​កម្ពុជា ឱ្យ​មានការ​កើន​ឡើង ព្រោះ​សមត្ថ​ភាព និង​បទពិសោធន៍​របស់​លោក​គ្រូ Koji គឺ​ស័ក្តិសម សម្រាប់ការ​ដឹកនាំ​ក្រុមកម្ពុជា ក្នុងបរិបទ​នេះ»៕