
ការប្រកួតជើងទី១រវាងក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៍ និងក្រុមភ្នំពេញក្រោិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត ណាហ្គា
ការបរាជ័យដោយលទ្ធផល ៤-០ សម្រាប់ការប្រកួតជើងទី១ ក្រោមថ្វីដៃក្រុមភ្នំពេញក្រោន វាស្ទើរតែបិទផ្លូវសម្រាប់ក្រុមណាហ្គាវើលដ៍ ក្នុងការប្រជែងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់សម្តេច ហ៊ុន សែន រួចទៅហើយ ព្រោះគេមិនរំពឹងថា ណាហ្គា អាចវាយបកយកឈ្នះក្រុមភ្នំពេញក្រោន បាន៤គ្រាប់វិញ សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ នៅថ្ងៃទី១៤ ខែមីនា នោះទេ។
ជាមួយគ្នានេះគ្រូបង្គោលក្រុមណាហ្គាវើលដ៍ លោក ឃីម បូរី បានទទួលស្គាល់ថា ក្រុមរបស់លោក ពិតជាសល់ឱកាសតិចតួចបំផុត ក្នុងការប្រជែងជាមួយក្រុមភ្នំពេញក្រោន ខណៈការប្រកួតជើងទី២ ត្រូវធ្វើនៅកីឡដ្ឋាន Smart RSN របស់ភ្នំពេញក្រោន ទៅទៀត ប៉ុន្តែលោក បូរីយល់ថា នៅក្នុងបាល់ទាត់អ្វីៗក៏អាចកើតមានឡើងដែរ ដរាបណាការប្រកួតមិនទាន់បញ្ចប់ជាផ្លូវការ។
«ការចាញ់ក្រុមភ្នំពេញក្រោន ៤-០ នៅជើងទី១ យើងគិតថា ឱកាសតិចតួចបំផុតសម្រាប់យើងឡើងទៅវគ្គបន្ត ប៉ុន្តែក្នុងបាល់ទាត់ អ្វីៗក៏អាចកើតឡើងបានដែរ»។ លោក ឃីម បូរី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ហើយលោកបានអះអាងថា ក្រុមរបស់លោកគ្មានសម្ពាធអ្វីនោះទេ សម្រាប់ការធ្វើដំណើរទៅជួបក្រុមភ្នំពេញក្រោន នាថ្ងៃទី១៤ ខែមីនា ខាងមុខនេះ។
អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះ បានបញ្ជាក់ថា៖ «ក្រុមរបស់យើង មិនមានសម្ពាធអ្វីខ្លាំងនោះទេ ទោះលេងនៅក្រៅដី ព្រោះខ្ញុំបានដឹងអំពីសមត្ថភាពរបស់ភ្នំពេញក្រោនរួចទៅហើយ ប៉ុន្តែអ្វីដែលត្រូវធ្វើ គឺរៀបចំក្រុមឱ្យបានល្អ និងពង្រឹងស្មារតីក្រុមឱ្យបានល្អមកវិញ សម្រាប់ការប្រកួតនាថ្ងៃទី១៤ មីនា ខាងមុខ»។
ជាមួយគ្នានេះ លោក ឃីម បូរី បានរំឭកទៅដល់ការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ ជាមួយក្រុមភ្នំពេញក្រោន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដោយលោកកត់សម្គាល់ថា ការចាញ់ ៤-០ នេះ វាកើតឡើងដោយសារក្រុមរបស់លោក ប្រមូលអារម្មណ៍មិនសូវបានល្អ ទាំងការការពារ និងការបញ្ចប់ទី។
គ្រូបង្វឹករូបនេះ បានអះអាងថា បន្ទាប់ពីខ្សែប្រយុទ្ធ Ofufu Ibeh រកបានគ្រាប់បាល់នាំមុខភ្នំពេញក្រោន ១-០ នៅនាទីទី៤នោះ គឺក្រុមរបស់លោកបានបង្កើតឱកាសរកគ្រាប់បាល់តាមស្មើច្រើនដង ជាពិសេស Marcio Marques និង Hugo Kametani ដោយសុទ្ធតែមានឱកាស៣ទៅ៤ដង ប៉ុន្តែពួកគេធ្វើមិនបានសម្រេច ហើយត្រូវបាន ភ្នំពេញក្រោន វាយបករកបាន៣គ្រាប់បន្ថែមទៀត គឺគ្រាប់បាល់ធ្វើឱ្យចូលទីខ្លួនឯងរបស់ Yuta Kikuchi នៅនាទីទី៧១ ហើយ លឹម ពិសុទ្ធ និង យ៉ែម ដេវិត បានបន្ថែមម្នាក់១គ្រាប់ទៀត នៅនាទីទី៨៩ និងទី ៩០+៤។
គ្រូបង្គោលក្រុមណាហ្គាវើលដ៍ លោក ឃីម បូរី បានសង្កត់ធ្ងន់ថា ៖«ពេលយើងមានឱកាសហើយ យើងបាត់បង់ការប្រមូលអារម្មណ៍ការពារ ជាហេតុដែលយើងរបូតដល់៣គ្រាប់បន្ថែមទៀត។ ចំណុចនេះ យើងត្រូវពង្រឹងជើងទី២ ឱ្យបានខ្លាំងក្លាមកវិញ ទាំងការបញ្ចប់ទី និងការការពារឱ្យបានល្អជាងជើងទី១»។
យ៉ាងណាក៏ដោយ តាមស្ថានភាពប្រកួតប្រជែងរវាងក្រុមភ្នំពេញក្រោន និងក្រុមណាហ្គាវើលដ៍ ពេលនេះគេមិនរំពឹងថា នឹងមានគ្រាប់បាល់កើតឡើងច្រើននោះទេ ហើយគេក៏មិនរំពឹងថា ណាហ្គា អាចយកឈ្នះភ្នំពេញក្រោន ដូចគ្នា ព្រោះលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានដឹងពីយុទ្ធសាស្រ្ត និងគុណភាពលេងរបស់ក្រុមណាហ្គា ច្បាស់ដូចគ្នា ហេតុនេះហើយទើបលោក អាចដឹកនាំភ្នំពេញក្រោន បានយកឈ្នះក្រុមណាហ្គា ១-០ នាជំនួបនៅលីគកំពូលកម្ពុជា កាលពីថ្ងៃទី៩ មីនា។
យោងតាមគុណភាពលេង និងលទ្ធផលនៃការចាញ់ ៤-០ កាលពីជើងទី១ វាសឹងតែបានបញ្ជាក់ច្បាស់រួចទៅហើយថា ណាហ្គា នឹងធ្លាក់ត្រឹមវគ្គជម្រុះ៨ក្រុមចុងក្រោយនេះ រីឯភ្នំពេញក្រោន នឹងបន្តឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមខ្លាំងចំនួន៣ទៀត ដែលអាចជាក្រុមព្រះខ័នរាជស្វាយរៀង បឹងកេត និងវិសាខា ព្រោះការប្រកួតជើងទី១កន្លងមកនេះ ក្រុមស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ ២-០។
ចំណែកក្រុមបឹងកេត បានយកឈ្នះក្រុម ISI ដង្កោសែនជ័យ ២-០ នៅក្រៅទឹកដីដូចគ្នា ខណៈក្រុមវិសាខា បានស្មើ ២-២ ជាមួយក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ហេតុនេះ វិសាខា អាចមានប្រៀបវិញ សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ នៅលើទឹកដីខ្លួនឯង ដោយការប្រកួតជើងទី២រវាងក្រុមទាំង៦នេះ នឹងត្រូវធ្វើនៅថ្ងៃទី២ ខែមេសាដូចគ្នា៕