គ្រូ​បង្វឹកជនជាតិ​ជប៉ុន លោក Koji Gyotoku នៅតែ​មិនអាច​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា ឱ្យ​ទទួល​បានជ័យជម្នះ ក្នុងតួនាទីជា​គ្រូ​បង្គោល​ជា​ផ្លូវ​ការ​របស់​លោក បន្ទាប់ពី​ក្រុមគោព្រៃកម្ពុជា បានចាញ់​ក្រុមជម្រើសជាតិអារូបា ២-១ កាលពី​យប់មិញ គឺ​ដូចគ្នា​ទៅ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិជាមួយ​​ក្រុម​ជម្រើសជាតិ​វៀតណាម កាលពី​ថ្ងៃទី​១៩ ខែមីនា ដែល​កម្ពុជា បានចាញ់​ម្ចាស់​ផ្ទះ​វៀតណាម ២-១ ដូចគ្នា។

យ៉ា​ងណា​ក៏​ដោយ លោក Koji បាន​ចេញមុខ​ទទួល​ខុស​ត្រូវចំពោះការ​ទទួ​ល​បាន​លទ្ធផល​មិន​ល្អនេះ ហើយ​លោក​មានការសោក​ស្តាយ​ខ្លាំង ចំពោះ​ការ​ចាញ់​ក្រុមជម្រើសជាតិអារូបា មកពី​ទ្វីបអាហ្រ្វិកខាង​ត្បូង ២-១ នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​យប់​មិញ ព្រោះ​ការ​រៀបចំ​គ្រប់​យ៉ាង​បានប្រែ​ប្រួល បន្ទាប់ពី​កម្ពុជា បាន​របូត​២គ្រាប់​លឿន​ពេក និងថែម​ទាំង​ទទួល​បានកាត​ក្រហម​២នាក់​ទៀត។

លោក Koji បាន​និយាយក្នុងសន្និសីទកាសែត ក្រោយ​ការ​ប្រកួត​ថា៖ «ខ្ញុំពិតជាសោកស្ដាយ​ចំពោះលទ្ធផល ហើយ​ខ្ញុំទទួលខុសត្រូវជាមួយលទ្ធផលនេះទាំងស្រុង និងសុំទោសអ្នកគាំទ្រផងដែរ។ ជាក់ស្ដែងខ្ញុំចង់ចាប់ផ្ដើម ១១នាក់ ហើយបញ្ច​ប់វិញជាមួយ​១១នាក់ ប៉ុន្តែវាអត់ដូចអ្វីដែលយើងរំពឹងទុក គឺ​ពេល​បញ្ចប់ យើង​នៅសល់​គ្នា​តែ​៨នាក់»។


តាម​រយៈការ​ប្រកួត​នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពី​យប់​ថ្ងៃអង្គារ​ម្សិលមិញ​នេះ ក្រុមអារូបា រក​បាន​២​គ្រាប់​ភ្លាមៗ ពីការ​តែត​បញ្ជូល​ទី​របស់កីឡាករ Walter Bennett នៅនាទីទី​៣ និង Rovien Ostiana នៅនាទីទី​១១ ហើយ​នៅនាទីទី​៤៣ ក្រុមកម្ពុជា បានបាត់​បង់សមាជិក​ម្នាក់ បន្ទាប់ពី​លោកអាជ្ញាកណ្តាល បាន​ពិន័យកាត​ក្រហម​ទៅលើ​កីឡាករ Yudai Ogawa។

ទោះយ៉ាង​ណា នៅនាទីទី​៥៧​កីឡាករ ថេឡរ ឌឿង នីកូឡាស រកបាន​១​គ្រាប់​វិញ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ប៉ុន្តែ​ក្រោយមក​ទៀតខ្សែ​ប្រយុទ្ធ Nieto Rondon ត្រូវបានបណ្តាញ​ចេញ ដោយការ​ពិន័យកាត​ក្រហម នៅនាទីទី​៩០ ដែលធ្វើ​ឱ្យកម្ពុជា នៅ​សល់​គ្នា​ត្រឹម​៨នាក់។ នេះ​​ជា​លើកដំបូង​ ដែល​ក្រុម​កម្ពុជា បាន​​កាតក្រហម​​២​ក្នុង​១​ប្រកួត ដែល​ធ្វើ​ឱ្យ​ពួកគេចាញ់​ក្រុមអារូបា ២-១ ទាំង​សោកស្តាយ។


លោក Koji បាន​បន្ថែម​ថា៖ «បញ្ហារបស់យើង គឺ​ចាប់ផ្ដើម នៅ​តង់ទី១ភ្លាម យើងគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែពេលបាត់បាល់គេវាយបក ជាមួយខ្សែ​ប្រយុទ្ធមានកាយ​សម្បទាល្អ គឺ​យើងមិន​អាចបិទគេបាន ធ្វើឱ្យរបូតគ្រាប់បាល់​ដល់២គ្រាប់។ ការ​ប្រកួត​មួយ​នេះ ធ្វើ​ឱ្យខ្ញុំ​មានការ​សោកស្តាយខ្លាំង​បំផុត គឺ​ខ្ញុំធ្លាប់​​បាន​​ដឹកនាំ​ក្រុម ​U17 U18 U19 និង​ក្រុម​​U20​កម្ពុជា ​តែខ្ញុំមិន​ដែល​មានសោកស្តាយ​ដូច​ការ​ប្រកួតមួយនេះទេ»។

ចំណែក​ខ្សែ​បម្រើ ថេឡរ ឌឿង នីកូឡាស បានអះអាង​ថា ការ​ប្រកួត​ជាមួយ​ក្រុម​អារូបា​នេះ គឺ​ក្រុមកម្ពុជា ពិតជា​បង្ហាញពី​គុណ​ភាព​លេង​អន់។ «យើងពិតជាខកចិត្តខ្លាំងចំពោះលទ្ធផល! ខ្ញុំមិន​មាន​អ្វីនិយាយ​ច្រើន​នោះទេ យើងលេងអន់ខ្លាំង។ សម្រាប់ទម្រង់លេង គឺស្មុគស្មាញ ហើយ​គ្រប់គ្នាសុទ្ធតែបានដឹង កីឡាករក៏ដឹង គ្រូបង្វឹកក៏ដឹង អ្នកគាំទ្រក៏ដឹងដូចគ្នា»។

កីឡាករ​មកពី​ក្លិប​ព្រះខ័នរាជស្វាយរៀង​រូបនេះ បានបន្ថែម​ថា៖ «នៅវគ្គទី​១ យើង​លេង​មិនល្អនោះទេ យើងបានរបូត​គ្រាប់បាល់ ហើយ​នៅវគ្គទី​២ យើងចាប់ផ្តើមមានទំនុកចិត្ត និងកម្លាំងបន្តិច ប៉ុន្តែការទទួលបានកាតក្រហម​២​នោះ គឺវាមិនបានជួយយើងនោះទេ សរុបមកគឺទម្រង់លេង​របស់​យើង​មិនល្អឡើយ»។

ជុំវិញ​ការ​​ទទួលបានកាត​ក្រហម​របស់​កីឡាករចូលសញ្ជាតិ​កម្ពុជា Yudai Ogawa និង Nieto Rondon នេះ លោក Koji បាន​បញ្ជាក់​ថា៖ «ពួកគាត់មិនមែនក្មេងទេ ពួកគាត់ធំហើយ។ ពួកគាត់ទទួលស្គាល់កំហុសខ្លួនឯង ព្រោះ​ការ​ឆេវឆាវមួយពេល​ធ្វើឱ្យប៉ះពា​ល់ដល់ក្រុម អ៊ីចឹងខ្ញុំនឹងនិយាយជាមួយគាត់បន្ថែម​ទៀត ហើយ​ពួកគាត់នឹងយល់ពីអ្វីដែលបង្ក​ឱ្យមានការប៉ះពាល់ដល់ក្រុម»។

ចំណែកលោក Marvic Bermudez គ្រូ​បង្វឹកក្រុមជម្រើសជាតិអារូបា បាន​ទទួលស្គាល់​ថា ក្រុម​របស់លោក​អាច​នឹងមានការពិបាក​ខ្លាំង បើសិនជា​ក្រុមកម្ពុជា មិន​ទទួលបានកាតក្រហម ព្រោះកូនក្រុម​របស់លោក​មួយចំនួន ក៏​រាង​អស់ថាមពល និងខ្លះ​ទៀត​ក៏មានរបួស ប៉ុន្តែសំខាន់​កីឡាករ​របស់​កម្ពុជា​គិត​ថា ការ​លេងជាមួយ​ក្រុម​យើង វាងាយស្រួល​ ដល់អ៊ីចឹងពួកគេ មិនអាច​គ្រប់​គ្រង​អារម្មណ៍បាន នៅពេល​យើងនាំ​មុខ​២​គ្រាប់។

«ខ្ញុំគិតថា កីឡាករកម្ពុជា​ខកចិ​ត្តខ្លាំង ហេតុដូច្នេះហើយពួកគេក៏មិនអាចគ្រ​ប់គ្រងអារម្មណ៍ បន្ទាប់មកគេក៏ទទួលបានកាតក្រហម ពីព្រោះគេគិតថា វាជាការប្រកួតដែលងាយស្រួល»។ លោក Marvic Bermudez បាននិយាយក្នុងសន្និសីទកាសែត ហើយ​លោក​បន្ថែម​ថា ជ័យជម្នះ​របស់ក្រុម​អារូបា គឺបូកផ្សំនឹងកាយសម្បទារបស់កូនក្រុមលោក មាន​អំណោយផលជាងកម្ពុជា ខណៈ​ការប្រកួត​នេះ បានចូលក្បួនលេងរបស់លោក គឺ​ការការពារ និងវាយបក៕