លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចាត់​ទុក​ការ​ប្រកួត​ប្រដាល់​រវាង​ក្រុម​កីឡាករ​កម្ពុជា និង​ក្រុម​កីឡាករ​ប្រដាល់មកពី​អាមេរិក ​ដែល​មាន​ទាំងការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ និង​ប្រកួត​មិត្ត​ភាព​អន្តរជាតិ សរុប​​​៥គូ ធ្វើ​​នៅ​ផ្លូវ៦០ម៉ែត្រ ក្រុង​សៀម​រាប ខេត្តសៀម​រាប នា​យប់​ថ្ងៃ​សុក្រ​​ខាង​មុខ​នេះ ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ក្បាច់​គុន​ខ្មែរ ក៏​ដូច​ជា​កម្ពុជា ទៅ​កាន់ពិភព​លោក។

ការ​លើក​ឡើង​បែប​នេះ នៅពេល​លោក ហ៊ុន ម៉ាណែត ​បាន​អនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូ​កីឡាគុនខ្មែរ និង​ប្រតិភូ​កីឡា​សហរដ្ឋ​អាមេរិក ដឹកនាំ​ដោយ​លោក វ៉ា សុធា ប្រធាន​ប្រតិភូ​នៃ​ស្ថានីយទូរទស្សន៍​ថោន ចូល​ជួប​សម្តែង​ការ​គួរ​សម និងពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​អង្គារ។

នៅក្នុងឱកាស​នោះ លោក វ៉ា សុធា បាន​លើក​ឡើង​​ថា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឱ្យ​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ ទទួល​បាន​ការ​គាំទ្រយ៉ាង​ច្រើន​ពី​សំណាក់​ប្រជាពល​រដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស និង​បាន​ផ្សព្វ​ផ្សាយ​ប្រដាល់​គុនខ្មែរ​យ៉ាង​ទូលំ​ទូលាយ​ទៅ​កាន់​ពិភព​លោក។


ជាមួយ​គ្នា​នេះ លោក សុធា បាន​​ប្រាប់​លោក ហ៊ុន ម៉ាណែត អំពីការ​ត្រៀម​រៀបចំ​ការ​ប្រកួតដណ្ដើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក «តេជោ​​សន្តិភាព» ជាលើក​ទី​៣ រវាង​កីឡាករ​កម្ពុជា ធឿន ធារ៉ា និង​កីឡាករ​អាមេរិក Max Crus រួមទាំង​ការ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​រវាង​កីឡាករ​កម្ពុជា​៤នាក់​ទៀត ជាមួយ​កីឡាករ​​អាមេរិក ដែល​នឹង​ធ្វើ​នៅ​ខេត្ត​សៀមរាប ​ថ្ងៃទី​២៨ ខែមីនា​នេះ ដោយសហការ​ជាមួយ​នឹង​ស្ថាប័ន​ប្រដាល់​សេរី​ពិភព​លោក ឬ World Championship Kickboxing (WCK) ហើយ​ក៏​នឹង​មាន​ការផ្សាយបន្តផ្ទាល់ការ​ប្រកួត​នេះ​ ទៅកាន់សហរដ្ឋអាមេរិកដែរ។

ជាការ​ឆ្លើយតប លោក​នាយក​រដមន្រ្តី បាន​សម្ដែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​កោតសរសើរចំពោះ​ស្ថានីយ​ទូរទស្សន៍​ថោន ដែល​បាន​សហការ​ជាមួយ​ស្ថាប័ន WCK ក្នុង​ការ​បន្ត​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​គុនខ្មែរ​ពិភព​លោក «តេជោសន្តិភាព» នៅ​ខេត្ត​សៀមរាប។ ​លោក​បាន​បញ្ជាក់​ថា «​ព្រឹត្តិការណ៍​នេះ​ជាឱកាស​ដ៏​ល្អ​មួយ​ ក្នុង​ការ​ជំរុញ​ការ​ផ្សព្វផ្សាយ និងការ​លើក​កម្ពស់​ស្មារតី​សិល្បៈ​ក្បាច់​គុន​ខ្មែរ ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ទៅ​កាន់​ពិភព​លោក»។


លោក ហ៊ុន ម៉ាណែត ពេល​ជួបពិភាក្សាការងារជាមួយ​ប្រតិភូកីឡា​ប្រដាល់​គុនខ្មែរ និង​ប្រតិភូកីឡាសហរដ្ឋអាមេរិក នៅវិមានសន្តិភាព កាលពី​ថ្ងៃអង្គារ។ រូប​ថត STPM

ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ាណែត ក៏បាន​គូស​បញ្ជាក់​អំពី​ភាព​សម្បូរ​បែប​នៃ​សិល្បៈក្បាច់​គុន​បុរាណ​ខ្មែរ និង​បាន​វាយ​តម្លៃខ្ពស់​ចំពោះ ស្ថាប័ន WCK ដែល​​បាន​ចាប់អារម្មណ៍​ទៅលើ​សិល្បៈ​គុន​បុរាណ​ខ្មែរ ព្រោះ​ក្បាច់​គុន​ជា​វប្បធម៌​របស់​កម្ពុជា​នេះ មិន​ត្រឹម​ជាសិល្បៈ​ការពារ​ខ្លួន និងសិល្បៈ​ក្នុង​ការ​ប្រយុទ្ធ​ប៉ុណ្ណោះទេ ថែមទាំងជាស្ពានក្នុង​ការកសាង​មិត្តភាព​ផង​ដែរ។

លោក​នាយករដ្ឋម​ន្រ្តី ក៏​បាន​គូស​បញ្ជាក់​អំពី​ការយក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការ​គាំទ្រ​សិល្បៈ​ក្បាច់​គុនបុរាណ​ខ្មែរ រួម​មាន​ការ​ដាក់​បញ្ចូល​គុន​ល្បុក្កតោ ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​អរូបីយ​នៃ​មនុស្ស​ជាតិ របស់អង្គការ UNESCO ជា​ផ្លូវ​ការ និង​បាន​ដាក់​យុទ្ធគុន មួយ​ចំនួន ចូលទៅ​ក្នុង​វិស័យ​កងទ័ព ដូចជា គុនល្បុក្កតោ យុទ្ធ​ក្រមខម និង​គុនខ្មែរ ជាដើម។

លោក ហ៊ុន ម៉ាណែត បាន​គូស​បញ្ជាក់ថា លោក​ចង់ឃើញ យុទ្ធគុនខ្មែរ ត្រូវ​បាន​យក​ទៅ​បង្ហាត់​បង្រៀន និង​ហ្វឹក​ហាត់ នៅ​តាម​បណ្ដា​ប្រទេសនានា​ឱ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ហើយលោក​​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ស្ថានីយទូរ​ទស្សន៍​ថោន បន្ត​សហការ​រៀបចំ​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​នឹង​ស្ថាប័ន​ប្រដាល់​អន្តរ​ជាតិ​នានា ឱ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់ និង​ផ្សព្វ​ផ្សាយ​ក្បាច់​គុន​ខ្មែរ​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​ទៅ​កាន់​ពិភព​លោក។

កាល​ពី​ព្រឹក​ថ្ងៃអង្គារ​​នោះ​ដែរ ប្រតិភូ​កីឡា​គុនខ្មែរ និងប្រតិភូកីឡា​សហរដ្ឋអាមេរិក ក៏បាន​ចូល​ជួបសម្តែង​ការ​គួរ​សមជាមួយ​លោក​ទេស​រដ្ឋ​មន្រ្តី ថោង ខុន ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ផង​ដែរ ហើយ​ក្នុងឱកាស​នោះ លោក ថោង ខុន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ​លោក Dennis Warner ប្រធាន WCK សម្រាប់​ដំណើរ​ទស្សនកិច្ចមកកាន់​ប្រទេស​កម្ពុជា ដែល​ជា​ទឹក​ដី​កំណើត​គុនខ្មែរ។

លោក ថោង ខុន បាន​ថ្លែង​ថា៖ «ខ្ញុំពិត​ជា​មាន​ក្តីសោមនស្សរីករាយ ដែល​បាន​ជួប​លោក នៅ​​ថ្ងៃ​នេះ ហើយ​យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ការគាំទ្រ​ដល់​គុនខ្មែរ។ ខ្ញុំក៏សូម​អរ​គុណ​ដល់ស្ថានីយ​ទូរ​ទស្សន៍ថោន សហព័ន្ធ​គុន​ខ្មែរ​អន្តរ​ជាតិ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង WCK ដែល​បាន​រួមគ្នា​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ នៅ​ប្រាសាទ​អង្គរ​វត្ត ដែល​ជា​សម្បត្តិ​បេតិកភណ្ឌពិភព​លោក និង​ជា​បេះដូង​នៃ​គុនខ្មែរ»។

ជាមួយគ្នា​នោះ លោក ថោង ខុន បានបញ្ជាក់ថា គុន​ខ្មែរ​ មាន​ប្រវត្តិ​ដ៏​យូរ​អង្វែង​ដែល​មាន អាយុកាល​រាប់​ពាន់​មកហើយ ហើយ​លោក​បានប្រាប់​ទៅ​លោក Dennis Warner ប្រធាន WCK ក៏ដូចជា​​កីឡាករ​អាមេរិក និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត អាចចុះ​ទៅ​ស្រាវ​ជ្រាវ​ស្វែង​យល់​បន្ថែម ​ពីប្រវត្តិ​គុនខ្មែរ តាម​រយៈ​ការ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត ក៏ដូច​ជា​ចម្លាក់​នៅ​តាម​ប្រាសាទ​បាយ័ន៕