ប្រធាន​ក្លិបគុនខ្មែរ​អន្តរជាតិ (KKIF) លោក ស្រី ចាន់​ថន បាន​ទទួល​ជោគ​ជ័យ​យ៉ាងត្រចះ​ត្រចង់​ក្នុងការ​ដាក់ពាក្យ «គុនខ្មែរ ឬ Kun Khmer» ព្រមទាំង​ទង់​ជាតិ​កម្ពុជា និងរូបប្រាសាទអង្គរ​វត្ត ជាផ្លូវ​ការ​ទៅក្នុង​ខ្សែក្រវ៉ាត់របស់​ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC)។

ខ្សែ​ក្រវាត់ WBC Kun Khmer នេះ នឹង​ត្រូវនាំ​យក​មក​ដល់​ប្រទេស​កម្ពុជា នៅ​រសៀល​ម៉ោង​៤ ថ្ងៃ​ចន្ទ​នេះ ដោយមានការ​ដង្ហែ​ពីព្រលាន​យន្ត​ហោះ​អន្តរជាតិភ្នំពេញ ទៅកាន់​ក្លិប KKIF នៅ​ម្តុំ​ជ្រោយ​ចង្វារ​ផងដែរ ហើយនេះជា​មោទនភាពដ៏​ធំធេង​សម្រាប់គុនខ្មែរ ព្រោះ WBC ជាប្រភេទខ្សែក្រវ៉ាត់កម្រិតពិភពលោកដ៏ល្បីល្បាញ ហើយ​កីឡាករប្រដាល់លំដាប់ពិភពលោក​ជាច្រើន បានសាងកេរ្តិ៍​ឈ្មោះ​ល្បីល្បាញ តាម​រយៈ​ការ​ឈ្នះបាន​ខ្សែ​ក្រវាត់ WBC នេះ។

ដោយឡែក សម្រាប់វិស័យ​កីឡាប្រដាល់​គុនខ្មែរ ទើប​តែ​បាន​ទទួលស្គាល់​ផ្លូវ​ការ​ពី​ស្ថាប័ន WBC ហើយនេះជា​មូល​ហេតុចម្បង​ដែល​កម្ពុជា​តាម​រយៈ​លោក ស្រី ចាន់ថន អាច​បង្កើត​ខ្សែ​ក្រវាត់ WBC Kun Khmer ជា​ប្រវត្តិសាស្រ្តលើក​ដំបូង ដើម្បី​បើក​ផ្លូវ​ឱ្យ​កម្ពុជា មាន​សិទ្ធិ​រៀបចំ​ការ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់​នេះជា​ផ្លូវការ ក្នុងការ​ផ្សព្វ​ផ្សាយ​ «គុនខ្មែរ» ទៅកាន់ពិភព​លោកដ៏ពិតប្រាកដ​។


លោក ស្រី ចាន់​ថន ដែលជា​អនុប្រធានសហព័ន្ធ​គុនខ្មែរ​អន្តរជាតិ​ផង​នោះ បាន​បង្ហាញ​ក្តី​រំភើប​ខ្លាំង ហើយ​លោក​បានអះអាង​ថា វាជារឿង​ដែល​មិននឹក​ស្មាន​ដល់ ដែល​ស្ថាប័ន WBC ទទួល​ស្គាល់ គុនខ្មែរ ហើយ​​ថែម​អនុញ្ញាតឱ្យ​កម្ពុជា បង្កើត​ខ្សែ​ក្រវាត់ WBC Kun Khmer ជាលើក​ដំបូង​ទៀត។​

លោក ស្រី ចាន់ថន បាននិយាយតាម​រយៈវីដេអូ​ខ្លី​ចេញពី​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​អាទិត្យ​​ថា៖​ «​ខ្ញុំ​ចង់ស្រក់​ទឹក​ភ្នែក ព្រោះយើង​​មិន​គិតស្មាន​ដល់​​ថា យើងអាច​ធ្វើ​វា​បាន ហើយនេះជា​ក្តីសង្ឃឹម​របស់បងប្អូន ជាតិសាសន៍​ខ្មែរ​ទាំង​មូល ដែល​ចង់បានពាក្យគុនខ្មែរ នៅលើ​ខ្សែ​ក្រវាត់ WBC ព្រមទាំង​មាន​ទង់ជាតិ​កម្ពុជា ជាពិសេស​​គឺ​រូប​ប្រាសាទ​អង្គរ​វត្ត ដែល​ជា​អត្តសញ្ញាណ​ជាតិ​របស់​ខ្មែរ​យើង»។


ជាមួយគ្នា​នេះ​លោក ស្រី ចាន់​ថន បានឱ្យ​ដឹង​ថា ​ខ្សែ​ក្រវាត់ WBC Kun Khmer នេះ ជាការ​ឌីហ្សាញដោយ​ផ្ទាល់​ពីសំណាក់ប្រធានស្ថាប័ន WBC ​លោក Mauricio Sulaiman ហើយ​លោក​ក៏ចេញវីដេអូ​ខ្លីមួយ បញ្ជាក់ពី​ការ​ចុះហត្ថលេខាទទួលស្គាល់ជា​ផ្លូវ​ការ ក្នុងការ​បង្កើត​ឱ្យ​មាន​ខ្សែ​ក្រវាត់ WBC Kun Khmer ជា​លើកដំបូង​នេះ សម្រាប់ប្រទេស​កម្ពុជា​​ផងដែរ។

បន្ថែម​លើ​ភាពអស្ចារ្យ​ទាំង​នេះ គឺ​នៅ​រង្វង់​ជុំវិញ​ខ្សែ​ក្រវាត់ WBC Kun Khmer ក៏ដូចជា​ខ្សែ​របស់​វា គឺ​មានពណ៌​ខៀវ និងក្រហម​តំណាង​ឱ្យ​ទង់ជាតិ​កម្ពុជា។ លោក ចាន់ថន បញ្ជាក់​ថា៖​«ពណ៌នេះ​តំណាង​ឱ្យប្រទេស​​កម្ពុជា​យើង ព្រោះ​នេះជា​ខ្សែ​ក្រវាត់​គំរូទី​១ ​តំណា​ង​ឱ្យប្រទេស​កម្ពុជាតែម្តង​»។

ប្រធាន​ក្លិប KKIF លោក ស្រី ចាន់ថន បានបន្ថែម​ថា៖ «ចំណែក​​ខ្សែ​ក្រវាត់​ក្រោយៗ​ទៀត យើង​អាច​ប្រើ​ពណ៌​ផ្សេង​ពីនេះ ហើយនេះ​ក៏ជា​ប្រវត្តិសាស្រ្ត​ ដែល​ខ្សែ​ក្រវាត់ WBC មាន​ពាក្យ​គុនខ្មែរ   ហើយ​យើង​នឹង​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់​នេះ នៅលើ​ទឹក​ដី​ខេត្តព្រះសីហនុ នា​ពិធីបុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ខាង​មុខ​នេះ»។

បើតាម​លោក ចាន់​ថន បាន​ឱ្យ​ដឹង​ថា ខ្សែ​ក្រវាត់ WBC Kun Khmer ដោយ​មានទាំងពាក្យ​ គុនខ្មែរ ទង់ជាតិ​កម្ពុជា និង​រូប​ប្រាសាទ​អង្គរ​វត្ត​​នេះ នឹង​ត្រូវនាំយក​មកពី​ប្រទេស​ហ្វីលីពីន មក​ដល់ព្រលានយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ នៅរសៀល​ម៉ោង​៤ថ្ងៃ​ចន្ទ​នេះ។ លោ​ក​បញ្ជាក់​ថា៖ «ខ្ញុំបាទនឹងទៅដល់ជាតិមាតុភូមិ នាំយកខ្សែក្រវាត់ WBC KUN KHMER ជូនបងប្អូនជាទីគោរពស្រឡាញ់ ហើយក៏សូមអរគុណដល់ប្អូនប្រុស ស្រី រាជបុត្រ ដែលបានជួយសម្របសម្រួលរហូតទទួលបានជោគជ័យ»៕