ក្រុមប្រឹក្សា​ក្រុងឡុងប៊ិច ​របស់​លោក Rex Richardson និងប្រធានក្រុមប្រឹក្សា​ស្រុក​ទី​៦​នៃទីក្រុង​ឡុងប៊ិច លោក​ស្រី Suely Saro បានបង្ហាញ​ការគាំ​ទ្រ​ដល់ «គុនខ្មែរ» ​តាម​រយៈការ​ប្រគល់​ជូននូវ​វិញ្ញាបនបត្រថ្លែងអំណរគុណ ដល់​សហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរ ដែល​បាន​នាំ​យក​កីឡាករ កីឡាការិនី​​របស់​ខ្លួន ទៅ​ផ្សព្វ​ផ្សាយ  និង​ប្រកួតដណ្តើមខ្សែក្រវាត់​ នៅ​ទីនោះ។

ការ​ប្រគល់​វិញ្ញាបនបត្រថ្លែង​អំណរគុណ​នេះ ត្រូវបាន​ធ្វើ​ឡើង កាលពី​ថ្ងៃពុធ ​គឺ​នៅពេល​លោក ខូវ ឆាយ ប្រធានសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ​បានដឹកនាំ​ប្រតិភូគ្រូបង្វឹក និង​កីឡាករ កីឡាការិនីគ្រុឌគុនខ្មែរ ទៅ​ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា​ សហរដ្ឋអាមេរិក។

បន្ទាប់ពីការជួបសំណេះសំណាល​នោះ លោក​ស្រី Suely Saro ​ប្រធានក្រុមប្រឹក្សា​ស្រុក​ទី​៦​នៃទីក្រុង​ឡុងប៊ិច បានបង្ហោះសារ​បែបនេះ​ថា៖ «ខ្ញុំ និងការិយាល័យអភិបាលក្រុង លោក Rex Richardson មានកិត្តិយសក្នុងការស្វាគមន៍ និងទទួលស្គាល់សហព័ន្ធកីឡា​​ប្រដាល់​គុនខ្មែរ មកពី​ប្រទេស​កម្ពុជា ដោយបាន​ប្រគល់​វិញ្ញាបនបត្រ​ជូន​លោកខូវ ឆាយ ជា​ប្រធានសហព័ន្ធ លើកិច្ចខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្រ ក្នុងការលើកស្ទួយសិល្បៈគុនខ្មែរ​បុរាណ លើឆាកអន្តរជាតិ តាមរយៈការប្រកួតដណ្តើមខ្សែក្រវាត់លើកដំបូង មិនធ្លាប់មាន​នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក»។


ចំណែក​លោក ខូវ ឆាយ បានចាត់​ទុកការ​បានទទួលវិញ្ញាបនបត្រថ្លែងអំណរគុណ ពី​ក្រុមប្រឹក្សាក្រុងឡុងប៊ិច​នេះ ថា ជាជំហាន ជំហានដ៏សំខាន់មួយ ក្នុងការផ្សព្វផ្សាយក្បាច់គុនបុរាណ នៅលើ​ទឹក​ដី​មហាអំណាច​ដ៏​ធំនេះ។

លោក ខូវ ឆាយ បានបញ្ជាក់​តាមការ​បង្ហោះសារ​របស់​ខ្លួន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «វា​ជាកិត្តិយសណាស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានទទួលវិញ្ញាបនបត្រថ្លែងអំណរគុណ ក្នុងការចូលរួមផ្សព្វផ្សាយគុនខ្មែរ នៅទីក្រុងឡុងប៊ិច និងប្រកួតកីឡាប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ និង​ដណ្តើមខ្សែក្រវាត់នៅលើទឹកដីសហរដ្ឋអាមេរិក។ នេះជាជំហានដ៏សំខាន់មួយ ក្នុងការផ្សព្វ​​ផ្សាយ​ក្បាច់គុនបុរាណរបស់យើង នៅលើទឹកដីដ៏ឆ្ងាយមួយនេះ»។


បន្ថែម​លើក​នេះ លោក​ស្រី Suely Saro បាន​ឱ្យ​ដឹងទៀត​ថា ​ប្រតិភូ​កីឡា​គុនខ្មែរ បាន​ធ្វើដំណើរ​មកបំពេញ​បេសកកម្មរបស់ខ្លួន តាមការ​អញ្ជើញ​របស់​លោក Richer San ប្រធាន​ទីក្រុងភ្ជាប់សម្ព័ន្ធភាព (Sister Cities) នៅ​ទីក្រុងឡុងប៊ិច ដើម្បី​ចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្ត​ក្រុង​ឡុងប៊ិច ឆ្នាំ​២០២៥ និងពិធីបុណ្យដង្ហែក្បួន និងវប្បធម៌ក្រុងកម្ពុជា លើក​ទី​១៧  ដើម្បីលើកកម្ពស់ទំនាក់ទំនងការទូតកីឡា និងការផ្លាស់ប្តូរវប្បធម៌រវាងសហរដ្ឋអាមេរិក និងកម្ពុជា។

លោក​ស្រីបាន​បញ្ជាក់ថា៖ «ខ្ញុំគាំទ្រយ៉ាងខ្លាំង ចំពោះ Sister Cities។ គោលដៅចម្បងរបស់ Sister Cities គឺដើម្បីលើកកម្ពស់សន្តិភាព និងការយល់ដឹងតាមរយៈអន្តរកម្មរវាងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា សិល្បៈ អប់រំ កីឡា ធុរកិច្ច និងការអភិវឌ្ឍសហគមន៍»។

ជាមួយគ្នា​នេះ ការមក​ដល់​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិកឆ្នាំ ២០២៨ ដែល​នឹង​ធ្វើឡើងនៅទីក្រុង Los Angeles និង Long Beach ត្រូវបាន​លោក​ស្រី Suely Saro ចាត់ទុក​ថា វាជាពេលវេលាដ៏​សមស្រប ក្នុងការលើកកម្ពស់កីឡាអន្តរជាតិដូចជា គុនខ្មែរ (ប្រដាល់សេរីកម្ពុជា) ជាពិសេសជាមួយប្រទេសកម្ពុជា ព្រោះ Long Beach មានប្រជាជនកម្ពុជាច្រើនជាងគេនៅសហរដ្ឋអាមេរិក។

លោក​ស្រី Suely Saro បានបញ្ជាក់ថា៖ «គុនខ្មែរជាសិល្បៈប្រដាល់ប្រពៃណីខ្មែរ ដែលអមដោយតន្ត្រីបុរាណផ្ទាល់ ដែលយើងបានទស្សនានៅសាលប្រជុំនៃសាលាក្រុង Long Beach ហើយ​ Long Beach ទន្ទឹងរង់ចាំបន្តគាំទ្រគុនខ្មែរ!»៕