
ពិធីចាប់ពូលការប្រកួតថ្នាក់ជាតិ នៃព្រឹត្តិការណ៍កីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី២ ឆ្នាំ២០២៥ កាលពីថ្ងៃសៅរ៍។រូបថត សហព័ន្ធ
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី២ (Wurkz Special Volleyball Cup 4x4 Season 2) បានចាប់ផ្តើមប្រកួតប្រជែងដំណាក់កាលថ្នាក់ជាតិហើយ ដើម្បីស្វែងរកក្រុមម្ចាស់ជើងឯក ស្របពេលប្រាក់រង្វាន់មានការកើនឡើងដល់៧០លានរៀល បើធៀបឆ្នាំចាស់ មានត្រឹម៥០លានរៀលប៉ុណ្ណោះ។
នៅក្នុងការប្រកួតថ្នាក់ជាតិ ដែលជាដំណាក់កាលដ៏សំខាន់នេះ គឺក្រុមទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ពីការប្រកួតជម្រុះ នៅតាមមណ្ឌលពោធិ៍សាត់, មណ្ឌលសៀមរាប, មណ្ឌលកំពង់ចាម, មណ្ឌលកណ្តាល និងមណ្ឌលកែប សរុបចំនួន១០ក្រុម ត្រូវប្រកួតជាមួយក្រុមសមាជិកពានរង្វាន់តេជោលីគ ចំនួន៤ក្រុមផ្សេងទៀត ដែលឈរចាំនៅមណ្ឌលភ្នំពេញនេះ។
ក្រុមទាំង១៤នេះ ត្រូវបានបែងចែកការប្រកួតជា៤ពូល ហើយយោងតាមលទ្ធផលការចាប់ឆ្នោតជ្រើសរើសពូល នៅផ្សារទំនើបជីបម៉ុងម៉េហ្គាម៉ល កាលពីថ្ងៃសៅរ៍ គឺពូល A មានក្រុមស្នងការនគរបាលខេត្តកោះកុង, ស្នងការនគរបាលខេត្តស្វាយរៀង, ស្នងការរាជធានីភ្នំពេញ A និងក្រុមសូត្រនិគមក្លិប រីឯពូល B មានក្រុមជីកសិករណាណូ, ក្រុមបាល់ទះខេត្តតាកែវ និងក្រុមស្នងការនគរបាលខេត្តសៀមរាប។
ចំណែកពូលC មានក្រុមស្នងការនគរបាលខេត្តរតនគីរី, សមាគមបាល់ទះក្រសួងមហាផ្ទៃ B, ក្រុមស្នងការនគរបាលខេត្តបាត់ដំបង, ក្រុមបាល់ទះសីហាសាមគ្គី និងពូល D មានសមាគមបាល់ទះក្រសួងមហាផ្ទៃ, សមាគមបាល់ទះវិសាខា, ក្លិបស្នងការរាជធានីភ្នំពេញ B ហើយការប្រកួតថ្នាក់ជាតិនេះ ត្រូវធ្វើនៅវិមានពហុកីឡដ្ឋានជាតិ ចាប់ផ្តើមពីថ្ងៃចន្ទ ទី២១ នេះ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងពិធីចាប់ពូល កាលពីថ្ងៃសៅរ៍ទី១៩ ខែមេសា កន្លងមកនេះ លោក លាង ម៉េង សហស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឯ.ក ដែលជាដៃគូឧបត្ថម្ភរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសពីការបង្កើនប្រាក់រង្វាន់ពី៥០លានរៀល កាលពីឆ្នាំមុន ទៅជា៧០លានរៀលវិញ នៅឆ្នាំ២០២៥នេះ។

កីឡាករ និងគ្រូបង្វឹកតំណាងឱ្យក្រុមទាំង១៤ បានថតជាមួយថ្នាក់ដឹកនាំ និងម្ចាស់ឧបត្ថម្ភ នៅក្នុងពិធីចាប់ពូល កាលពីថ្ងៃសៅរ៍។ រូបថត សហព័ន្ធ
ជុំវិញការបង្កើនប្រាក់រង្វាន់ ដល់ក្រុមម្ចាស់ជយលាភី នៅឆ្នាំនេះ លោក លាង ម៉េង បានបញ្ជាក់ថា ដោយសារក្រុមហ៊ុនរបស់លោក ចង់ឱ្យក្រុមទាំងអស់ កាន់តែខិតខំប្រឹងប្រែងប្រកួតប្រជែងគ្នាខ្លាំង ព្រោះគោលបំណងសំខាន់ គឺក្រុមហ៊ុនចង់ឃើញក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈ្នះមេដាយមាស នៅស៊ីហ្គេម នាពេលខាងមុខ។
ចំណែកលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានជំរុញឱ្យក្រុមទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកួតគ្នាអស់ពីសមត្ថភាព ព្រោះថាការប្រកួតនេះ មិនមែនក្រុមទាំងអស់តំណាងតែខេត្តរបស់ខ្លួននោះទេ តែក៏ជាបេក្ខភាពតំណាងមណ្ឌលរបស់ខ្លួនដែរ ហើយការបង្កើនប្រាក់រង្វាន់រហូតដល់៧០លានរៀល គឺជាទឹកប្រាក់ដ៏ច្រើន ដែលបានរួមចំណែកកាន់តែខ្លាំង ក្នុងការអភិវឌ្ឍវិស័យបាល់ទះ នៅទូទាំង២៥ រាជធានី-ខេត្ត។
លោកបានបញ្ជាក់ថា៖ «ការបង្កើនប្រាក់រង្វាន់ដល់៧០លានរៀលនេះ គឺនៅតំបន់អាស៊ី សឹងតែយើងហើយ អ៊ីចឹងធ្វើឱ្យឱកាសនៃការអភិវឌ្ឍក្លិបនៅតាមបណ្តារាជធានី-ខេត្ត កាន់តែមានលំហធំធេងថែមទៀត ពីព្រោះថា នៅពេលមានការប្រកួតប្រជែងច្រើន ទទួលបានប្រាក់រង្វាន់ច្រើន គឺឱកាសនៅក្នុងការពង្រឹង ក៏ដូចជាពង្រីកសមាជិកក្លិបរបស់យើង និងគុណផលរបស់យើង កាន់តែល្អថែមទៀត»។
លោក អាំង សិរីពិសិដ្ឋ បានបន្ថែមថា៖ «ខ្ញុំជឿជាក់ថា រយៈពេលមិនដល់៥ឆ្នាំទេ ២៥រាជធានី-ខេត្តរបស់យើង សុទ្ធតែមានអត្តពលិក ដែលមានគុណផលខ្ពស់ទាំងអស់។ នេះជាទិសដៅរបស់សហព័ន្ធ ព្រោះនៅពេលក្លិបខ្លាំង ប្រាកដណាស់ ក្រុមជម្រើសជាតិរបស់យើង នឹងខ្លាំង ព្រោះសហព័ន្ធ ចម្រាញ់ជ្រើសរើសអត្តពលិកនៅតាមបណ្តាក្លិប ដែលមានគុណផលខ្ពស់ ដើម្បីមកចូលរួមជាមួយក្រុមជម្រើសជាតិ»៕