
អតីតខ្សែការពារក្រុមជម្រើសជាតិកម្ពុជា និងជាសមាជិកក្រុមវិសាខា ទេស សម្បត្តិ បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។ រូបថត FFC/ វិសាខា
ថ្នាក់ដឹកនាំក្លិបបាល់ទាត់នៅកម្ពុជា រួមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី និងអ្នកគាំទ្រ ដែលជាមហាគ្រួសារបាល់ទាត់កម្ពុជា បានបង្ហាញការសោកស្តាយខ្លាំង ចំពោះមរណភាពរបស់កីឡាករ ទេស សម្បត្តិ ព្រោះគេជាខ្សែការពារដ៏មានគុណភាព ដែលបានរួមចំណែកយ៉ាងច្រើន ក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជា ទាំងការលេងនៅលីគក្នុងស្រុក និងលើឆាកអន្តរជាតិ។
អតីតកីឡាករជម្រើសជាតិ ដែលកំពុងលេងឱ្យក្លិបវិសាខា ទេស សម្បត្តិ បានបាត់បង់ជីវិតយ៉ាងរន្ធត់ កាលពីយប់ថ្ងៃទី២០ ខែមេសា ដោយរូបគេបានជិះម៉ូតូម៉ាក ADV ពាក់ស្លាកលេខ ភ្នំពេញ 1KY-4937 ធ្លាក់ទឹកស្ទឹងបណ្ដាលឱ្យលង់ស្លាប់ ដែលមានទីតាំងស្ថិតនៅ ភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើតាមព័ត៌មានជាបឋម ទទួលបានពីប្រជាពល ដែលឃើញហេតុការណ៍នេះ។
ចំណែកក្លិបបាល់ទាត់វិសាខា ទើបតែបានជូនដំណឹងពីមរណភាពរបស់កីឡាករ ទេស សម្បត្តិ កាលពីរសៀលម៉ោង ១២:១៦ នាថ្ងៃចន្ទនេះ ដោយបានបញ្ជាក់ថា កីឡាករ ទេស សម្បត្តិ សមាជិកក្លិបកីឡាបាល់ទាត់ វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាព នៅក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ១០:៣០ នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ក្លិបវិសាខា បានចាត់ទុក មរណភាពរបស់ ទេស សម្បត្ដិ ជាការបាត់បង់នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវស្វាមី ឪពុក និងជាសមាជិកគ្រួសារ ប្រកបដោយព្រហ្មវិហារធម៌។
ក្លិបវិសាខា បានបញ្ជាក់តាមរយៈការបង្ហោះសាររបស់ខ្លួនបែបនេះថា៖ «តាងនាមថ្នាក់ដឹកនាំ ក្រុមការងារ និងកីឡាករ-កីឡាការិនីទាំងអស់ នៃក្លិបកីឡាបាល់ទាត់ វិសាខា ពិតជាមានសេចក្ដីក្ដុកក្ដួលរន្ធត់តក់ស្លុតជាខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់កីឡាករ ទេស សម្បត្តិ»។
«ពួកយើងទាំងអស់គ្នា ពិតជាមានការសោកស្ដាយជាអនេក ចំពោះការបាត់បង់នូវធនធានកីឡាករដ៏សំខាន់របស់កម្ពុជា នាពេលនេះ។ ពួកយើងទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពរបស់កីឡាករ ទេស សម្បត្តិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្បត្តិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្លិបវិសាខា បានបញ្ជាក់បន្ថែម។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំរបស់ក្លិបផ្សេងៗទៀត ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី និងអ្នកគាំទ្រ ដែលជាមហាគ្រួសារបាល់ទាត់កម្ពុជា បានបង្ហោះសារព្រោងព្រាត ដើម្បីចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ ទេស សម្បត្តិ។ គ្រប់គ្នាមានការសោកស្តាយខ្លាំង និងមិនអាចទទួលយកបាន នៅពេលទទួលបានដំណឹងថា ទេស សម្បត្តិ បានបាត់បង់ជីវិត ដោយហេតុការណ៍ដ៏រន្ធត់បែបនេះ។
បើទោះបីជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទេស សម្បត្តិ មិនសូវបានបង្ហាញវត្តមាន នៅលើទីលាន ហើយលែងមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិកម្ពុជា ដោយសាររូបគេមានរបួសជាបន្តបន្ទាប់ ប៉ុន្តែគ្រប់គ្នានៅតែចងចាំពីវីរភាពដ៏ក្លាហានរបស់ខ្សែការពាររូបនេះ ដែលមានភាពរវៀសរវៃ និងមានជំនាញខ្ពស់ ក្នុងការបិទទៅលើគូប្រកួត ក្នុងអំឡុងពេលរូបគេពាក់ស្លាកជាប្រធានក្រុមនៃក្រុមជម្រើសជាតិកម្ពុជា និងក្រុមបឹងកេត មុនពេលរូបគេបានប្តូរមកលេងឱ្យក្លិបវិសាខា នៅឆ្នាំ២០២១។
ដោយបានចូលហ្វឹកហាត់បាល់ទាត់ នៅសាលាកីឡាបាល់ទាត់ជាតិបាទី តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨នោះ ទេស សម្បត្តិ ធ្លាប់ជាប់ជម្រើសជាតិតាំងពីនៅជាយុវជនអាយុក្រោម ១៥ឆ្នាំ រួចបន្តជាប់នៅអាយុក្រោម១៩ ឆ្នាំ អាយុក្រោម ២៣ ឆ្នាំ និងក្រុមធំជម្រើសជាតិ ប៉ុន្តែអ្វីដែល សម្បត្តិ ខកបំណងបំផុតនោះ គឺរូបគេមិនអាចជួយក្រុមជម្រើសជាតិកម្ពុជា ពេលប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម ដោយសារពេលនោះរូបគេមានរបួសកជើង ក្នុងអំឡុងពេលប្រកួតលីគកំពូលកម្ពុជា។
«ខ្ញុំពិតជាសោកស្ដាយណាស់ ព្រោះវាជាស៊ីហ្គេមចុងក្រោយសម្រាប់ខ្ញុំផង។ គោលដៅរបស់ខ្ញុំ គឺតាំងពីចប់ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ មកម្ល៉េះ ព្រោះវាជាគោលដៅធំ សម្រាប់អាជីពរបស់ខ្ញុំ»។ នេះជាការបញ្ជាក់របស់ ទេស សម្បត្តិ ជុំវិញការខកខាន មិនបានប្រកួតនៅស៊ីហ្គេម ឆ្នាំ២០២២នោះ ប៉ុន្តែពេលនេះ រូបគេបានលារហូតហើយ៕