ក្រុមបឹងកេត នឹងត្រូវ​បើកទ្វារពហុកីឡដ្ឋានជាតិ​អូឡាំពិក ដើម្បី​ប្រកួតជើងទី​១ វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៨ ឆ្នាំ​២០២៥ ជាមួយ​ក្រុម​ការពារ​តំណែង​ជើង​ឯក ព្រះខ័នរាជស្វាយរៀង នៅ​យប់​ម៉ោង​៧ ថ្ងៃ​ពុធនេះ ប៉ុន្តែ​​ក្រុម​វិសាខា បានសុំ​លើក​ពេល​ការ​ជួប​ក្រុម​​ភ្នំពេញ​ក្រោន ដើម្បីកាន់​ទុក្ខ​ការ​ទទួលមរណភាព​របស់​ខ្សែ​ការពារ ទេស សម្បត្តិ។

សម្រាប់​ការ​ឡើងមក​ជួប​គ្នាជាថ្មី នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រនេះ វាជាពេលវេលា​ដ៏សំខាន់ ដែល​ក្រុម​បឹងកេត ត្រូវ​សងសឹក​ក្រុមព្រះខ័នរាជស្វាយរៀង  ចំពោះ​ការ​បរាជ័យ នៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ កាលពី​ឆ្នាំ​២០២៤ ដោយ​ក្រុម​ស្វាយរៀង បាន​ទម្លាក់​ក្រុមបឹងកេត ជាមួយការ​​យក​ឈ្នះទាំង​២​ជើង ៤-៣ គឺ​ជើង​ទី​១ បឹងកេត ចាញ់ ៣-១ ក្នុងទឹក​ដី តែជើងទី​២ បាន​ឈ្នះ​ ២-១ វិញ នៅ​ក្រៅ​ទឹក​ដី។

រំឭក​ទៅ​ដល់​ការ​ប្រកួតនោះ លោក Conor Nestor ដែល​ទើប​ត្រូវបាន​តែង​តាំង​ជា​គ្រូ​បង្គោល​ក្រុម​បឹងកេត កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានអះអាង​ថា លោកនឹង​​ប្រឹងប្រែង​រៀបចំ​ក្រុម​ឱ្យបាន​ល្អ ដោយមិន​បង្កើត​ឱ្យមាន​ចន្លោះប្រហោង ឬទីតាំងទូលាយ ធ្វើ​ឱ្យ​​ក្រុមស្វាយរៀង អាច​រកបាន​គ្រាប់​បាល់​ទៀត​នោះ​ទេ។


«​​យើងនឹង​​ត្រៀម​លក្ខណៈ​ឱ្យបានរួច​រាល់ សម្រាប់ការជួប​ក្រុម​ស្វាយរៀង ជា​ថ្មី»។ លោក Conor បាន​បញ្ជាក់បែបនេះ បន្ទាប់ពី​ក្រុមបឹងកេត បានទម្លាក់​ក្រុម ISI ដង្កោសែនជ័យ នៅវគ្គ​៨​ក្រុម​ចុងក្រោយ ជាមួយការ​យក​ឈ្នះ​ទាំង​២ជើង ២-០ និង ១-០។

ជាមួយគ្នា​នេះ គ្រូ​បង្វឹកអៀរឡង់ លោក Conor ​បានជំរុញ​កូន​ក្រុម​របស់លោក ត្រូវ​ផ្តោត​យក​ចិត្តទុក​ដាក់ឱ្យបាន​ខ្លាំង ដើម្បី​ឈាន​ទៅ​ទទួលបានជ័យជម្នះ​លើ​ក្រុមស្វាយរៀង ព្រោះ​លោក​​ចង់​កែ​ប្រែប្រវត្តិសាស្រ្ត ក្នុងការ​ដឹកនាំ​ក្រុមបឹងកេត ឱ្យ​ឡើង​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២៥​នេះ។


អតីតគ្រូ​បង្គោល​ក្រុម​ព្រះខ័នរាជស្វាយរៀង លោក Conor បាន​​បញ្ជាក់​ថា៖ «នៅ​ក្នុង​រាជកាល​ឆ្នាំ២០២៥​នេះ មនុស្ស​ភាគ​ច្រើន យល់​​ថា ក្រុមខ្លាំង តែងតែ​ឈ្នះ​ក្រុម​ដែល​ខ្សោយ ប៉ុន្តែជាក់ស្តែង វា​មិនដូច​អ្វី​ដែល​​យើងគិត​ទាំងស្រុង​ទេ ព្រោះ​នៅក្នុង​បាល់​ទាត់​លើ​ពិភព​លោកនេះ ​ក្រុម​ដែល​ខ្លាំង ក៏​អាចចាញ់​ក្រុម​នៅ​ក្នុងចំណាត់​ថ្នាក់​ខ្សោយដូចគ្នា»។

ការ​ប្រកួត​រវាងក្រុម​បឹងកេត (ស) និងក្រុមព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​ថ្ងៃទី​២០ ខែមេសា។ រូប​ថត ស្វាយរៀង

យ៉ាងណា​ក៏ដោយ នៅ​ក្នុងការ​ប្រកួតលីគកំពូល​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែមេសា​ថ្មីៗ​នេះ ក្រុម​បឹងកេត បានបន្តចាញ់​ក្រុម​ព្រះខ័នរាជស្វាយរៀង ១-០ ទាំងសោក​ស្តាយ ខណៈ​ពេលនេះ ស្វាយរៀង ក៏បានផ្តោត​ខ្លាំង ក្នុងការបន្ត​យក​ឈ្នះ​​លើ​ក្រុមបឹងកេត ម្តង​ទៀត ព្រោះ​ស្វាយរៀង មានបំណង​ចង់​ក្រសោបយក​ពាន​ផ្តាច់​​មុខ ដូច​កាលឆ្នាំ​២០២៤ ដោយពួកគេ​បាន​ឈ្នះ​តំណែង​ជើងឯក ទាំងការ​ប្រកួត​លីគកំពូល​កម្ពុជា និង​ពាន​រង្វាន់​សម្តេច ហ៊ុន សែន នេះ។

ដោយឡែកការ​ប្រកួតជើងទី​១ ​​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២៥ រវាងក្រុមម្ចាស់​ផ្ទះ ភ្នំពេញ​ក្រោន និងក្រុម​វិសាខា ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃពុធ ទី​២៣ ខែមេសា​ នេះ​ដែរ គឺ​ត្រូវ​លើក​ពេល យក​ទៅ​ធ្វើ​នៅ​ថ្ងៃទី​៣០ ខែមេសា​វិញ ទៅតាមការស្នើ​សុំ​របស់​ក្លិបវិសាខា ដែលកំពុង​កាន់ទុក្ខ​​ការ​ទទួល​មរណភាព​របស់​ខ្សែ​ការពារ​ឆ្នើម ទេស សម្បត្តិ។ នេះបើតាមសេចក្តីជូនដំណឹង​របស់ក្លិប​វិសាខា កាលពី​ថ្ងៃ​អង្គារ។

ក្លិប​វិសាខា បានបញ្ជាក់​ថា៖ «ដោយមានសេចក្ដីក្តុកក្ដួលរន្ធត់តត់ស្លុតជាខ្លាំង ចំពោះដំណឹងមរណភាពរបស់កីឡាករ ទេស សម្បត្តិ សមាជិកក្លិបកីឡាបាល់ទាត់ វិសាខា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក ក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនីរបស់យើងទាំងអស់ នឹងចូលរួមកាន់ទុក្ខចំពោះមរណភាពរបស់ សម្បត្តិ ហេតុនេះ ក្លិបរបស់យើង បានស្នើសុំលើកកាលបរិច្ឆេទការប្រកួតរវាង ភ្នំពេញក្រោន និង វិសាខា ពីថ្ងៃទី២៣ ខែមេសា ទៅថ្ងៃទី៣០ ខែមេសា​វិញ»។

ជាមួយគ្នានេះ ក្លិប​វិសាខា ​ក៏​បាន​​រៀប​ចំ​ទី​កន្លែង​សម្រាប់ធ្វើការគោរពវិញ្ញាណក្ខន្ធរបស់ ទេស សម្បត្តិ នៅកីឡដ្ឋានព្រីនស៍ផងដែរ ដើម្បី​ឱ្យ​បងប្អូនអាចអញ្ជើញដាក់កម្រងផ្កា និងគោរពដល់​វិញ្ញាណក្ខន្ធអតីត​កីឡាករជម្រើសជាតិ​កម្ពុជា​រូបនេះ ដោយមានក្រុមការងារក្លិប​វិសាខា រង់ចាំសម្របសម្រួលជាប្រចាំ៕