ក្រុមបាល់​ទះ​វិសាខា មិនអាច​រក្សា​ភាពខ្លាំង​របស់​ខ្លួន នៅ​ក្នុង​ការ​ប្រកួត​កីឡា​បាល់ទះ ៤x៤ ទូទាំង​ប្រទេស រដូវកាល​ទី​២ (Wurkz Special Volleyball Cup 4x4 Season 2) បាននោះ​ទេ ដោយក្រុមការពារ​តំណែង​ជើងឯក​មួយនេះ បាន​ធ្លាក់​ចេញពី​ការ​ប្រកួតកម្រិត​​ថ្នាក់ជាតិ នៅ​ត្រឹម​វគ្គ​ចែក​ពូល។

ចំពោះ​ព្រឹត្តិការណ៍​​កីឡា​បាល់ទះ ៤x៤ ទូទាំង​ប្រទេស ឆ្នាំ​២០២៥នេះ ក្រុម​វិសាខា ព្រមទាំងក្រុមក្រសួងមហា​ផ្ទៃ A ក្រុមស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង និ​ង​ក្រុម​ស្នងការរាជធានីភ្នំពេញ A ត្រូវបានដាក់​ឱ្យ​ឈរ​ចាំ​ប្រកួត នៅ​ជុំ​ផ្តាច់​ព្រ័ត្រ កម្រិត​ថ្នាក់ជាតិនេះ ជាមួយក្រុមចំនួន​១០​ផ្សេង​ទៀត ដែល​ដណ្តើម​បាន​កៅអីមកពី​មណ្ឌល​ពោធិ៍សាត់, សៀមរាប, ​កំពង់ចាម, ​​​កណ្តាល និង​មណ្ឌល​កែប ដោយ​ក្រុមទាំង​១៤នេះ ចែក​ការ​ប្រកួត​ជា៤ពូល។

យ៉ាង​ណា​ក៏​ដោយ ​ក្រុម​វិសាខា ដែល​ឈរ​នៅពូល​D ជាមួយ​ក្រុម​​ក្រសួងមហាផ្ទៃ A និង​ក្រុម​​ស្នងការ​រាជធានី​ភ្នំពេញ B នោះ បានចាញ់ទាំង​២​ប្រកួតតែម្តង គឺ​ពួក​គេ​បានចាញ់​ក្រុម​​​ស្នងការ​រាជធានី​ភ្នំពេញ B ៣សិតដាច់ (៣-០) នា​ការ​ប្រកួត​បើក​ឆាក កាលពី​ថ្ងៃអង្គារ និងបាន​បន្ត​ចាញ់​ក្រុម​​ក្រសួងមហាផ្ទៃ A ៣-១ កាលពី​ថ្ងៃពុធ។


ការ​បរាជ័យទាំង​២​លើក ដែល​ធ្វើ​នៅ​​វិមានពហុកីឡដ្ឋានជាតិនេះ ធ្វើ​ឱ្យក្រុម​ការពារ​តំណែង​ជើងឯក វិសាខា ធ្លាក់ចេញពីការ​ប្រកួត​នេះ ត្រឹម​វគ្គចែកពូល​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើក​បំផុត ចំណែក​​ក្រុម​​ក្រសួងមហាផ្ទៃ A និង​ក្រុម​​ស្នងការ​រាជធានី​ភ្នំពេញ B ត្រូវដឹកដៃ​គ្នា ទៅ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ ដោយក្រុមទាំង២ ត្រូវ​ប្រកួត​គ្នា ដណ្តើមយក​លេខ​១ និងលេខ​២ ប្រចាំពូល​Dនេះ នៅល្ងាច​ម៉ោង៦ ថ្ងៃ​ព្រហស្បតិ៍នេះ។

ការ​ប្រកួត​រវាង​ក្រុមស្នងការ​រាជធានី​ភ្នំពេញ A ជាមួយ​ក្រុម​ស្នងការ​ខេត្តកោះកុង នៅវិមាន​ពហុកីឡដ្ឋានជាតិ។ រូប​ថត សហព័ន្ធ


យ៉ាងណាក៏​ដោយ ការ​ធ្លាក់ចេញពីការប្រកួត​​បាល់ទះ ៤x៤ ទូទាំង​ប្រទេស រដូវកាល​ទី​២​នេះ គឺ​ដោយសារ​​ក្រុមវិសាខា បាន​ដាក់​កីឡាករ​អាយុ​ក្រោម​១៩​ឆ្នាំ ឱ្យ​ចូលរួម​ប្រកួត ព្រោះ​កីឡាករ​​ក្រុម​ធំ ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ កាលពី​ឆ្នាំ​២០២៤ រួមមាន គួន មុំ, សឿន ហេង, មួន និមល, ផុល រតនៈ និង ពីន សារុន ជាដើម សុទ្ធតែ​ចាប់ភារកិច្ច​ ត្រៀម​ខ្លួនទៅ​ការពារ​​ជើងឯក​​ពានរង្វាន់ Win+Streak Volleyball Invitational (WSVI) Tournament, Taichung 2025 នៅតៃវ៉ាន់ ដែលនឹង​ធ្វើ​ពីថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី​៤ ខែឧសភា។

ជុំវិញបញ្ហា​នេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា បាន​ថ្លែង​ថា៖ ​«ចំពោះអត្តពលិក ដែល​មាន​​ឈ្មោះ ទៅ​ប្រកួត​ពានរង្វាន់ WSVI Tournament នៅតៃវ៉ាន់ គឺ​មិនបាន​ចូល​លេង​ការ​ប្រកួតកីឡា​បាល់ទះ ៤x៤ ​នោះ​ទេ គឺ​ពួកគាត់ ត្រូវបិទខ្ទប់ធ្វើការ​ហ្វឹកហាត់​ចូល​១ខែមក​ហើយ ដើម្បី​ត្រៀម​ការពារ​តំណែង​ជើងឯក នៅតៃវ៉ាន់ ខាង​មុខ​នេះ»។

ដោយ​ឡែក​ការ​ប្រកួតប្រជែង​ក្នុងពូល​ចំនួន​៣​ទៀត គឺ​​​ក្រុម​ស្នងការ​នគរបាល​ខេត្ត​កោះកុង ទទួល​បាន​លេខ​១​ប្រចាំពូល​A ដោយ​ឈ្នះ​ទាំង​៣​ប្រកួត  ​​រីឯ​ក្រុម​ស្នងការ​រាជធានី​ភ្នំពេញ A ជាប់លេខ​២ ដោយ​ឈ្នះ​២ ចាញ់​១​ប្រកួត ​ចំណែក​​​ក្រុម​​​ក្រសួងមហាផ្ទៃ B និង​ក្រុម​​បាល់ទះ​សីហាសាមគ្គី ត្រូវ​ឡើង​ទៅប្រកួត​វគ្គ​៨ក្រុម​តំណាង​ឱ្យ​ពូល​C ហើយ​​ក្រុម​​ស្នងការនគរបាល​ខេត្ត​សៀមរាប និងក្រុម​បាល់ទះ​ខេត្ត​តាកែវ ជាបេក្ខភាព ត្រូវ​ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយតំណាង​ឱ្យ​ពូល​B៕