អ្នក​ដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ក្នុង​កម្ម​វិធី គ្រុឌគុនខ្មែរ របស់​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) បាន​សម្រេច​ផ្លាស់​ប្តូរ​បេក្ខភាព​កីឡាករ​វ័យថ្នាល​​របស់​ខ្លួន ដើម្បី​ធ្វើការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​អ្នក​ប្រដាល់​វ័យ​ក្មេង​របស់​កម្ពុជា រិទ្ធី គីងកុង និង រិទ្ធី ហុងបញ្ញា ដែល​កំពុងមានឈ្មោះបោះ​សំឡេង​ខ្លាំង។

ដំបូង​ឡើយ ការ​ប្រកួតមិត្ត​ភាព​អន្តរជាតិកម្រិត​ថ្នាល ​នៅ​​ដី​ឡូត៍​ ខាងត្បូងស្តុបទួលពង្រ ទល់មុខ​វត្ត​ធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នា​ថ្ងៃទី​២៦ ខែមេសានេះ គឺ រិទ្ធី គីងកុង ត្រូវ​ប្រកួតជាមួយ​កីឡាករ​ថៃ មង្គុន​ផេត ឆ ឆេមពាន (Mongkolphet Chor Champion) រីឯ រិទ្ធី ហុងបញ្ញា ត្រូវជួប​កីឡាករ​ថៃ រ៉ុង រ៉ាវី (Rong Ravy)។

ប៉ុន្តែក្រោយ​មក​ភាគី​ថៃ បានស្នើ​សុំ​ផ្លាស់ប្តូរ​បេក្ខភាព​ទាំង​២នាក់នេះ​ចេញ ហើយ​ដាក់​ជំនួសមក​វិញ ដោយ​បេក្ខភាព​២នាក់​ផ្សេង​ទៀត គឺ​កីឡាករ​វ័យក្មេង ណាណៅ តូយ៉ូតារ:យ៉ង (Nanoa Tuyutarakyoung និង ឃុនសឹក អ.ឈូកឆៃ (Khunserk R.Chukchai) ដែល​អ្នក​ទាំង​២នេះ ​សុទ្ធតែជា​ម្ចាស់​ខ្សែ​ក្រវាត់។


ជាមួយ​ការ​ផ្លាស់ប្តូរ​បេក្ខភាព​នេះ កីឡាករ​ថ្នាល​កំពុងមាន​ឈ្មោះបោះសំឡេង​ខ្លាំង រិទ្ធី គីងកុង ត្រូវ​​ប្រកួតជាមួយម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​២៥​គីឡូក្រាម​របស់ថៃ Nanoa Tuyutarakyoung វិញ ចំណែកមិត្ត​រួម​ក្លិប​របស់​គេ រិទ្ធី ហុងបញ្ញា ត្រូវ​ជួប​ម្ចាស់​ខ្សែ​ក្រវាត់ទម្ងន់​៣៦​គីឡូក្រាម​របស់​ថៃ Khunserk R.Chukchai។

ជុំវិញ​ការ​ដោះដូរ​បេក្ខភាព​នេះ លោក ម៉ុល នី ប្រធាន​ផ្គូផ្គង​ប្រចាំ​សង្វៀន​ប្រដាល់​ទទក បាន​បង្ហោះ​សារ​បែប​នេះ​​ថា៖ «លើក​នេះ​មិន​ដឹង​ម៉េច​ម៉ា​ទេ រិទ្ធី គីង​កុង របស់យើង​ ដោយសារ​តែ​មាន​បញ្ហា​ខ្លះ​ៗ​ភាគីថៃ សូម​ធ្វើការ​ដោះដូរ​បេក្ខភាព​ ដោយ​ស្នើ​សុំ​​យក​ម្ចាស់​ខ្សែក្រវាត់​​កម្រិត​ថ្នាល​​របស់​គេ​ ណាណៅ តូយ៉ូតារ:យ៉ង មក​ជំនួស​វិញ។ ចំណែក​​ រិទ្ធី ហុង​បញ្ញា ក៏​ត្រូវ​ធ្វើ​ការ​ធ្ងន់​ដែរ​ ដោយ​គេ​នឹង​ប៉ះ​ម្ចាស់​ខ្សែក្រវាត់​​ ឃុនសឹក អ.ឈូកឆៃ វិញ»។


រិទ្ធី ហុងបញ្ញា ត្រូវប្រឈម​មុខជាមួយខ្សែ​ក្រវាត់​ទម្ងន់៣៦​គីឡូក្រាម​មកពី​ប្រទេស​ថៃ Khunserk R.Chukchai នៅ​ថ្ងៃសៅរ៍។ រូប ទទក

ចំពោះការ​សម្រេច​ផ្លាស់ប្តូរបេក្ខភាព​កីឡាករ ដោយនាំ​​យក​កីឡាករ​ថ្នាល​ធ្លាប់ឈ្នះ​ខ្សែ​ក្រវាត់នៅប្រទេស​ថៃ មក​ប្រកួត​ជាមួយ​កីឡាករ​ថ្នាល​កម្ពុជា រិទ្ធី គីងកុង និង រិទ្ធី ហុងបញ្ញា ​នៅ​ថ្ងៃសៅរ៍​នេះ គឺ​ដោយសារ​ភាគី​ថៃ បានដឹង​ថា គីងកុង និង ហុងបញ្ញា មានសមត្ថ​ភាព​ល្អ និង​ជាកីឡាករ​កំពុង​ទទួលបានការគាំ​ទ្រ​ខ្លាំង​នៅ​កម្ពុជា។

ភាគី​ថៃ ចង់បំបាក់អំនួត​អ្នកទាំង​២នេះ ជាពិសេសកីឡាករ​មិន​ធ្លាប់ចាញ់ រិទ្ធី គីងកុង ដែល​ធ្លាប់​ផ្តួល​កីឡាករ​ថ្នាល​របស់​ថៃ​ឱ្យ​សន្លប់២នាក់​​មក​ហើយ ហើយ​អ្វី​ដែល​ភាគី​ថៃ​​ចង់ចាំ​មិន​ភ្លេច​នោះ គឺ គីងកុង បាន​វ៉ៃ​កីឡាករ​ថៃ Beth Senlake ឱ្យ​សន្លប់​​ក្នុងទឹក​ទី​២ សម្រាប់ការ​ប្រកួត​ដណ្តើម​ពានអន្តរជាតិ ក្នុង​កម្ម​វិធី Krud Kun Khmer ​នៅ​លើ​ទឹក​ដី​ខេត្តតាកែវ កាល​ពី​​ថ្ងៃទី​​២៣ ខែមីនា ឆ្នាំ​២០២៤។

ហេតុផល​នេះ​ហើយ​ទើប​ភាគី​ថៃ សម្រេច​នាំ​យក​កីឡាករ​ថ្នាល់​របស់​គេ ដែល​ធ្លាប់​ឈ្នះទាំង​​ខ្សែ​ក្រវាត់ និងពាន នៅប្រទេស​ថៃ Nanoa Tuyutarakyoung មក​ជម្រះបញ្ជី​ចាស់​ជាមួយ រិទ្ធី គីងកុង ជំនួសមិត្ត​រួមជាតិ​របស់គេ ហើយអ្នក​ប្រដាល់​មានដើមកំណើត​នៅខេត្តតាកែវ គីងកុង ផ្ទាល់ ក៏បាន​ដឹងពី​បំណងនេះដែរ ប៉ុន្តែ​រូបគេ មិនបានបង្ហាញការ​ខ្លាច​រអាអ្វី​​ឡើយ។

រិទ្ធី គីងកុង បាន​និយាយ​ថា៖ ​«​ខ្ញុំ​ដឹង​ថា អ្នកដែល​មក​ប្រកួតនេះ គឺ​ចង់​សងសឹក​​ខ្ញុំ ឱ្យ​មិត្ត​រួមជាតិ​របស់​គេ ប៉ុន្តែ​ខ្ញុំ​អត់ខ្លាច​នោះ​ទេ ហើយ​ក៏មិនមានការ​ព្រួយ​បារម្ភ​អ្វី​នោះ​ទេ ព្រោះ​ខ្ញុំបាន​ហ្វឹក​ហាត់​ត្រៀម​ខ្លាំង តែ​លទ្ធផល​ជាក់ស្តែង​យ៉ាងណា​នោះ ដល់​ពេលប្រកួត​ទើប​ដឹងច្បាស់»៕