
ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមអង្គរថាយហ្គឺរ ៦-១ ដើម្បីបង្កើនភាគរយ ក្នុងការឈ្នះពានលីគកំពូលកម្ពុជា។ រូបថត ស្វាយរៀង/CPL
ក្រុមព្រះខ័នរាជស្វាយរៀង កាន់តែមានភាគរយខ្ពស់ ក្នុងការឈ្នះពានលីគកំពូលកម្ពុជា បន្ទាប់ពីពួកគេ ដណ្តើមបាន៣ពិន្ទុបន្ថែម ស្របពេលដៃគូប្រជែងដ៏ស្វិតស្វាញ គឺក្រុមភ្នំពេញក្រោន និងវិសាខា សុទ្ធតែចាញ់ទាំងឈឺចាប់នោះ។
តាមរយៈការប្រកួតនៅលើទីលានផ្សេងគ្នា កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានបង្ហាញទម្រង់លេងកាន់តែល្អ ដើម្បីយកឈ្នះក្រុមភ្ញៀវ អង្គរថាយហ្គឺរ ៦-១ គឺ៤គ្រាប់ កើតឡើងនៅតង់ទី១ និង២គ្រាប់ទៀត កើតមានឡើង នៅតង់ទី២។
ជាមួយជ័យជម្នះយ៉ាងធំធេងនេះ ខ្សែប្រយុទ្ធ ញាណ សុស៊ីដាន រកបាន៣គ្រាប់តែម្នាក់ឯង ខណៈ មិន រតនៈ, Bounphachan Bounkong និង Celestino Moresche Rodrigus Matheus រកបានម្នាក់១គ្រាប់ រីឯ១គ្រាប់របស់ក្រុមអង្គរថាយហ្គឺរ រកបានដោយខ្សែប្រយុទ្ធ Joao Pedro នៅនាទីទី២៨។
លោក Pep Munoz គ្រូបង្គោលក្រុមស្វាយរៀង បាននិយាយក្រោយការប្រកួតថា៖ «វាជាការប្រកួតដ៏ល្អ ជាពិសេសនៅក្នុងតង់ទី១ ដោយយើងគ្រប់គ្រងការប្រកួត និងគ្រប់គ្រងបាល់បានច្រើន និងអាចរកបានគ្រាប់បាល់លឿន ហើយកីឡាកររបស់យើង ដែលបានប្តូរឱ្យចូលលេង គឺសុទ្ធតែបានបំពេញតួនាទីបានល្អ អ៊ីចឹងខ្ញុំសប្បាយចិត្ត ដែលយើងរកបានគ្រាប់បាល់ច្រើន។ សង្ឃឹមថា អ្នកគាំទ្រនឹងរីករាយជាមួយគ្រាប់បាល់ទាំង៦នេះ»។
តាមរយៈការដណ្តើមបាន៣ពិន្ទុបន្ថែមពីក្រុមអង្គរថាយហ្គឺរនេះ បានធ្វើឱ្យក្រុមស្វាយរៀង មានឱកាសឈ្នះពានលីគកំពូលកម្ពុជា ស្ទើរ៩០ភាគរយទៅហើយ គឺពួកគេ ត្រូវការឈ្នះត្រឹម១ប្រកួតទៀតប៉ុណ្ណោះ នៅក្នុងការប្រកួត៣លើកចុងក្រោយ ដើម្បីក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា នៅឆ្នាំនេះ ព្រោះពេលនេះ ស្វាយរៀង មានពិន្ទុសរុប៧០ ដាច់ឆ្ងាយពីក្រុមលេខ២ ភ្នំពេញក្រោន ចំនួន៧ពិន្ទុទៅហើយ។
គម្លាតពិន្ទុនេះ ដោយសារក្រុមភ្នំពេញក្រោន បានចាញ់ក្រុមបឹងកេត ៤-៣ កាលពីថ្ងៃអាទិត្យនោះដែរ។ សម្រាប់ការប្រកួតធ្វើនៅពហុកីឡដ្ឋានជាតិនេះ ខ្សែប្រយុទ្ធ សៀង ចន្ធា រកបានគ្រាប់បាល់បើកឆាកឱ្យក្រុមម្ចាស់ផ្ទះបឹងកេត នៅនាទីទី៨ តែខ្សែប្រយុទ្ធ Gayoso Javier Augustine ជួយឱ្យ ភ្នំពេញក្រោន បានស្មើវិញ នៅត្រឹមនាទីទី១៧ ហើយ យ៉ែម ដេវិត បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៥៨។

ក្រុមភ្នំពេញក្រោន (ក្រហម) បានចាញ់ក្រុមម្ចាស់ផ្ទះបឹងកេត ៤-៣ កាលពីថ្ងៃអាទិត្យ។ រូបថត ភ្នំពេញក្រោន
យ៉ាងណាក៏ដោយ ជាមួយការនាំមុខក្រុមបឹងកេត ២-១ នេះ ក្រុមភ្នំពេញក្រោន បានជួបភាពក្តៅក្រហាយ នៅពេល ឈុំ សុខហៃ ទទួលបានកាតលឿងជាលើកទី២ ស្មើកាតក្រហម នៅនាទីទី៥៣ ហើយបន្ទាប់មក ម៉ាត់ នូរុណ រកបាន១គ្រាប់ ជួយឱ្យបឹងកេត ស្មើ ២-២ វិញ នៅនាទីទី៥៨។
ប៉ុន្តែ ភ្នំពេញក្រោន ដែលសល់គ្នាត្រឹម១០នាក់ នៅតែអាចរកបានគ្រាប់បាល់បន្ថែម ដែលស៊ុតបញ្ចូលទីយ៉ាងល្អបំផុតដោយខ្សែប្រយុទ្ធវ័យក្មេង បុង សាំយូអ៊េល នៅនាទីទី៧៧។ តែទោះបីជាយ៉ាងណា ម៉ាត់ នូរុណ បានជួយឱ្យក្រុមបឹងកេត តាមស្មើ ៣-៣ ជាថ្មីម្តងទៀត នៅនាទីទី៨៤ ហើយ ទូច ម៉ាណុច បានបន្ថែមគ្រាប់បាល់ជ័យជម្នះ នៅនាទីទី៨៦។
ជុំវិញការបរាជ័យនេះ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បាននិយាយថា៖ «ការទទួលបានកាតក្រហម១ ធ្វើឱ្យហ្គេម មានការខុសប្លែកគ្នាខ្លាំង ព្រោះមុននេះ យើងបាននាំមុខ ២-១ តែក្រុមបឹងកេត បានតាមស្មើយើង ២-២ វិញ»។ លោកបន្តថា៖ «ទោះនៅសល់គ្នាត្រឹម១០នាក់ តែយើងបានព្យាយាមលេងទៅតាមរបៀប និងអ្វីដែលយើងមាន និងរកបានគ្រាប់បាល់ទី៣ ប៉ុន្តែពួកគេក៏ធ្វើបានល្អ ចំពោះឱកាសដែលមាន ដើម្បីយកឈ្នះលើក្រុមយើង ៤-៣»។
ចំណែកក្រុមឈរនៅលេខ៣ វិសាខា ក៏បានជួបការខកចិត្តដូចគ្នា ដោយពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ១-០ នៅកីឡដ្ឋានកំពង់ស្ពឺ ដែលជាការស៊ុតបញ្ចូលទីរបស់កីឡាករ Minagawa Yusuke នៅនាទីទី២២។ ការចាញ់នេះ បានធ្វើឱ្យ វិសាខា បន្តឈរនៅលេខ៣ មាន៥៩ពិន្ទុដដែល៕