ក្រុមនិស្សិត​ជា​ស្រ្តី​ប្រមាណ​១០០នាក់ បានយក​ព្រឹត្តិការណ៍ CamEd Women’s Futsal Tournament 2025 ជាវេទិការ​ប្រកួត​ប្រជែង​គ្នា ដើម្បី​រឹតចំណង​មិត្ត​ភាព សាមគ្គីភាព ជា​ពិសេស​ពង្រឹងស្មារតី និង​បង្កើន​ភាព​អំណត់​នៅ​ក្នុងជីវិត ហើយ​ពួកគេ​ជឿ​ថា ការ​លេងបាល់​ទាត់នេះ បានជួយ​លាងជម្រះភាពធុញថប់ និងបាន​ផ្តល់​បទពិសោធន៍​ជា​ច្រើន​ទៀត សម្រាប់យក​ទៅ​អនុវត្ត​នៅ​ថ្ងៃអនាគត។


កីឡាការិនី​ជា​និស្សិតឆ្នាំ​ទី​២  កែវ ជីងអ៊ី បានមើលឃើញ​ថា ការ​បង្កើត​ឱ្យមាន​ការ​ប្រកួត​ហ្វុតសាល​នារីនេះ ពិតជា​រឿង​ល្អ ព្រោះវាបាន​ជួយ​ឱ្យក្រុមនិស្សិត ដែលរៀន​ផ្នែក​ខុសៗ​គ្នា និង​ឆ្នាំផ្សេង​គ្នា បាន​ជួប​ជុំ​ប្រកួតគ្នា ដើម្បី​រឹតចំណង​មិត្ត​ភាព និង​មាន​សាមគ្គី​ភាព កាន់តែ​ល្អ នៅ​ក្នុងសាលា​។

ប្រធាន​ក្រុម Supernova កែវ ជីងអ៊ី បាន​និយាយ​ថា៖​ «ជាធម្មតា​ការ​សិក្សា​តែងមាន​អារម្មណ៍​ស្ត្រេសច្រើន អ៊ីចឹងការ​បង្កើត​ឱ្យមាន​កម្មវិធីប្រកួត​បាល់​ទាត់នេះ វាបានកាត់​បន្ថយ​នូវ​ភាព​តាន​តឹងមួយ​ផ្នែកធំ​​របស់​សិស្ស ហើយ​គោលដៅរបស់​ក្រុម​យើង គឺយើង​​យក​ការ​ប្រកួតនេះ ដើម្បីរឹតចំណងមិត្ត​ភាព​ផង និង​ប្រជែង​យកពាន​ផង»។


ចំណែក​កីឡាការិនី គឹម ហ៊ួយយូ  បានបង្ហាញ​ភាពសប្បាយ​រីក​រាយខ្លាំង បន្ទាប់ពី​ក្រុម​ SCG របស់​ខ្លួន បាន​យក​ឈ្នះក្រុម Shining Stars ដោយលទ្ធផល ៣-១ ក្នុង​ពិធីបើក​ការ​ប្រកួត CamEd Women’s Futsal Tournament 2025 នៅ​ក្នុងសាល​នៃពហុកីឡដ្ឋានជាតិ កាលពី​ថ្ងៃសៅរ៍ ហើយជ័យជម្នះនេះ បានធ្វើ​ឱ្យក្រុម SCG កាន់តែ​មានទំនុក​ចិត្ត ក្នុងការ​ប្រជែង​យក​កៅអី​ទៅ​វគ្គ​បន្ត។


គឹម ហ៊ួយយូ បាន​និយាយក្រោយការ​ប្រកួតថា៖ ​«ការ​ទទួលបានជ័យជម្នះ ក្នុង​ថ្ងៃបើកឆាកនេះ ដោយសារ​​ក្រុម​របស់យើង មានការ​យល់​ចិត្ត​គ្នា និង​មានសាមគ្គីគ្នា​​ល្អ​នៅ​ក្នុង​ក្រុម ហើយ​ជ័យជម្នះនេះ បាន​ធ្វើឱ្យ​ពួក​យើង​ប្តូរ​ទិសដៅ ពីការលេងកីឡា​ដើម្បីតែ​សុខភាព និង​បង្កើតមិត្តភាព ទៅជា​ការ​ប្រកួត​ប្រជែង ដើម្បីស្វែង​រកឱកាស​ឡើង​ទៅ​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​វិញ»។


គួរបញ្ជាក់ថា ការ​ប្រកួត CamEd Women’s Futsal Tournament 2025នេះ មានក្រុម​និស្សិត​ជា​ស្រ្តី​ប្រមាណ​១០០នាក់ បាន​ចូលរួម ដោយ​អ្នកទាំង​អស់នេះ បាន​លេង​តំណែង​ឱ្យ​ក្រុម​ចំនួន​​១០។ ​ក្រុមទាំង​១០នេះ ត្រូវ​បានចែកការ​ប្រកួត​ជា២ពូល ដោយបានចាប់​ផ្តើម កាលពី​ថ្ងៃទី​២៦ មេសា ​ និងគ្រោង​បញ្ចប់ នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

នៅ​មុនការ​ប្រកួត​នេះ លោក Casey Barnett នាយក​វិទ្យាស្ថានខេមអេដ បានរៀបចំ​ឱ្យ​មាន​ក្រុម​គ្រូ​បង្វឹក សម្រាប់​​​ហ្វឹក​ហាត់ពីរបៀប​នៃ​ការ​លេងបាល់​ទាត់​ហ្វុតសាល ​ដល់​ក្រុមនិសិត្សជា​ស្រ្តីទាំង​នេះ ប្រមាណ​៥​សប្តាហ៍ ព្រោះ​លោក​ចង់​លើក​ទឹក​ចិត្ត និងជំរុញ​ឱ្យ​និស្សិត​របស់​លោក ចូល​រួម​លេង​កីឡាឱ្យបានកាន់តែ​ច្រើន។

លោក Casey ធ្លាប់​បាន​ឱ្យ​ដឹង​ថា ការ​លេង​កីឡាបាល់​ទាត់ វាមិន​ត្រឹមតែ​ជួយ​បង្កើត​ទំនាក់​ទំនង​ល្អ​រវាង​ក្រុម​និស្សិត និង​ធ្វើ​ឱ្យ​ពួកគេ​មានសុខភាព​ល្អប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​លេង​បាល់​ទាត់​នេះ បាន​បង្រៀន​​ឱ្យក្រុមនិស្សិត ​ចេះ​ធ្វើ​ការ​ងាជា​ក្រុម មាន​ស្មារតី​រឹង​មាំ និងមាន​ភាព​អំណត់​តស៊ូខ្ពស់ ក្នុងការជម្នះឧបសគ្គ ដែល​ទាំងអស់នេះ វាជាបទពិសោធន៍ជួយ​ឱ្យ​ពួកគេ ទទួល​បាន​​ជោគ​ជ័យ នៅពេលចេញទៅ​ប្រកប​ការងារ ឬបើក​អាជីវកម្ម​ផ្ទាល់​ខ្លួន ក្រោយពេល​រៀន​ចប់។

កីឡាការិនី កែវ ជីងអ៊ី បានមើល​ឃើញ​ថា ការ​លេង​បាល់​ទាត់ ពិតជា​បាន​​ផ្តល់​អត្តប្រយោជន៍​ច្រើន​ ដូច​ទៅនឹង​អ្វី​​ដែល​​លោក Casey Barnett បាន​លើក​ឡើង​នេះ​មែន។ ជីងអ៊ី បញ្ជាក់​ថា៖ ​«អ្វី​ដែល​លោកគ្រូ Casey បាន​លើក​ឡើង គឺ​ជា​រឿងត្រឹម​ត្រូវ ព្រោះការ​លេង​កីឡា ធ្វើ​ឱ្យ​យើងមានភាពស្វាហាប់ មានស្មារតីមាំមួន អ៊ីចឹង​ខ្ញុំ​គិត​ថា វាជាប្រយោជន៍មួយ នៅពេល​យើងចេញ​ទៅ​ធ្វើ​ការងារ​»។

ចំណែក​និស្សិត​ឆ្នាំទី​៣ គឹម ហ៊ួយយូ ក៏យល់​ឃើញបែបនេះដូចគ្នា។ ហ៊ួយយូ បាននិយាយថា៖ «ខ្ញុំយល់​ស្រប​ទាំង​ស្រុងជាមួយ​លោក Casey ព្រោះ​យើងមក​រៀន មិន​មែន​ចេះតែចំណេះដឹង​ទេ គឺ​យើង​ត្រូវមាន​សុខភាព​ល្អ មានកម្លាំងមាំមួន និង​ត្រូវ​មានជំនាញ​ក្នុងការ​ទំនាក់ទំនង​ល្អ​ហើយការ​លេង​កីឡា បានផ្តល់​នូវ​អត្ថប្រយោជន៍ទាំងអស់​ហ្នឹង​ដល់​និស្សិត ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ថា សាលា នឹង​រៀបចំ​ព្រឹត្តិការណ៍នេះជាបន្តបន្ទាប់​ទៀត ដើម្បី​លើក​កម្ពស់​ឱ្យសាលាផ្សេង​ទៀត​ធ្វើ​អ៊ីចឹង​ដូចគ្នា»៕