
ការប្រកួតរវាងក្រុមភ្នំពេញក្រោន (ក្រហម) និងក្រុមវិសាខា កាលពីថ្ងៃទី១៩ ខែមេសា ហើយថ្ងៃនេះ ក្រុមទាំង២ ត្រូវវិលមកជួបគ្នា ក្នុងពានសម្តេច ហ៊ុន សែន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបថត ភ្នំពេញក្រោន
ក្រុមសិង្ហក្រហម ភ្នំពេញក្រោន នៅសល់ឱកាសតិចបំផុត ក្នុងការប្រជែងយកពានលីគកំពូលកម្ពុជា បន្ទាប់ពីពួកគេ បានចាញ់ក្រុមបឹងកេត ៤-៣ និងមានគម្លាតពិន្ទុដាច់ឆ្ងាយពីក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង រហត៧ពិន្ទុ គឺ៧០ទល់នឹង៦៣ពិន្ទុនោះ ប៉ុន្តែលោក Oleg Starynskyi នៅតែជំរុញឱ្យ ភ្នំពេញក្រោន ត្រូវដណ្តើមឱ្យបានជ័យជម្នះ សម្រាប់៣ប្រកួត ដែលនៅសល់។
ជាមួយគ្នានេះគ្រូបង្គោលក្រុមភ្នំពេញក្រោន លោក Oleg Starynskyi ក៏បានជំរុញឱ្យកូនក្រុម ត្រូវផ្តោតទៅលើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៥ ដោយពួកគេ ត្រូវប្រកួតជើងទី១ ជាមួយក្រុមធ្លាប់ឈ្នះតំណែងជើងឯក៣សម័យកាល វិសាខា នៅកីឡដ្ឋាន Smart RSN នាល្ងាចម៉ោង៦ ថ្ងៃពុធនេះ។
លោក Oleg ចង់ទម្លាក់ក្រុមវិសាខា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះម្តងទៀត ព្រោះកាលពីឆ្នាំ២០២៤ ភ្នំពេញក្រោន ធ្លាប់ធ្វើបានសម្រេចម្តងហើយ ដោយពួកគេបានយកឈ្នះក្រុមវិសាខា ទាំង២ជើង ៦-៣ គឺជើងទី១ នៅលើដីក្រុមវិសាខា ក្រុមទាំង២ បានស្មើគ្នា ២-២ តែជើងទី២ ភ្នំពេញក្រោន បានយកឈ្នះ ៤-១ នៅលើទឹកដីរបស់ខ្លួន ប៉ុន្តែពួកគេ បានទៅចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។
ជុំវិញការប្រកួតនៅចំពោះមុខនេះ លោក Oleg Starynskyi បាននិយាយ បន្ទាប់ពីដឹកនាំក្រុមភ្នំពេញក្រោន ចាញ់ បឹងកេត ៤-៣ កាលពីថ្ងៃអាទិត្យថា៖ «យើងត្រូវផ្តោតទៅលើការប្រកួតនៅថ្ងៃពុធ (ថ្ងៃនេះ) ហើយយើងត្រូវព្យាយាមលេងយ៉ាងណាឱ្យឈ្នះការប្រកួតរបស់យើង ដោយយើងត្រូវផ្តោតលើពានទាំងអស់ដែលមាន»។
គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះ បានបន្ថែមថា៖ «យើងត្រូវឈ្នះគ្រប់ការប្រកួត ដែលយើងអាចធ្វើទៅបាន។ ជាក់ស្តែងកាលពីឆ្នាំមុន យើងបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ហើយនេះជាពានដ៏ល្អមួយសម្រាប់យើង ក្នុងការប្រជែង និងត្រូវឈ្នះផងដែរ»។

លោក Oleg Starynskyi ពេលដឹកនាំក្រុមភ្នំពេញក្រោន ហើយនៅថ្ងៃនេះ លោករំពឹងថា ភ្នំពេញក្រោន នឹងអាចយកឈ្នះក្រុមវិសាខា។ រូបថត ភ្នំពេញក្រោន
យ៉ាងណាក៏ដោយ គេនៅមិនទាន់ប្រាកដថា ភ្នំពេញក្រោន អាចទម្លាក់ក្រុមវិសាខា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដើម្បីបំពេញមហិច្ឆតាឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដូចឆ្នាំ២០២៤ ឬក៏ត្រូវជួបការខកចិត្តនោះទេ! ព្រោះវិសាខា ក៏ចង់ទម្លាក់ភ្នំពេញក្រោន ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។
ក្រុមវិសាខា លែងមានឱកាសប្រជែងយកពានលីគកំពូលទៀតហើយ ហេតុនេះការប្រជែងយកពានរង្វាន់សម្តេច ហ៊ុន សែន នេះ វាជាក្តីសង្ឃឹមតែមួយគត់ សម្រាប់ពួកគេ ហើយ វិសាខា ក៏មិនចង់ជួបការខកចិត្តដូចឆ្នាំ២០២៤នោះដែរ ដោយពួកគេ បានចំណាត់ថ្នាក់លេខ៣ ទាំងការប្រកួតលីគកំពូល និងពានសម្តេច ហ៊ុន សែន។
ចំពោះការប្រកួតពានសម្តេច ហ៊ុន សែន នេះ ក្រុមវិសាខា ធ្លាប់ឈ្នះតំណែងជើងឯក៣រដូវកាលជាប់ៗគ្នា គឺឆ្នាំ២០២០ ២០២១ និងឆ្នាំ២០២២ ហេតុនេះពួកគេ ចង់វិលទៅរកភាពត្រចះត្រចង់ដូចកាលពីអតីតកាល ខណៈការជួបគ្នាចំនួន៤ដង នៅលីគកំពូលកម្ពុជា រដូវកាលនេះ គឺលើកទី១ ភ្នំពេញក្រោន ឈ្នះ ៤-២ នៅក្នុងទឹកដី មុនពេលស្មើ ៣-៣ នៅលើទឹកដីវិសាខា រីឯ២លើកចុងក្រោយ វិសាខា បានឈ្នះ ២-១ ក្នុងទឹកដី និងបានចាញ់ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន ១-០ វិញ កាលពីថ្ងៃទី១៩ ខែមេសា៕