ក្រុម​បាល់​ទះវិសាខា ធ្វើ​បាន​យ៉ាង​ល្អ នៅក្នុងការ​ប្រកួត​បើក​ឆាកបាល់​ទះ​​ពាន​រង្វាន់ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅ​តៃវ៉ាន់ ដោយពួកគេ​បាន​យក​ឈ្នះ MBSA Pelican របស់​ម៉ាឡេស៊ី ៣សិតដាច់ (៣-០) ដើម្បី​បំពេញមហិច្ឆតា ឈាន​ទៅ​រក​ការការពារ​តំណែង​ជើងឯក ក្នុងពាន​រង្វាន់មួយនេះជាថ្មី​ម្តង​ទៀត។


សម្រាប់ការ​ប្រកួតបើក​ឆាក​ប្រចាំពូល​​​A ដែល​បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ម៉ោង​១០ ថ្ងៃពុធនេះ គ្រូ​បង្គោល​​ក្រុម​វិសាខា លោក Khomkrich Pranyooncharn បាន​ដាក់កីឡាករ​បរទេស​ទាំង​៤នាក់​ រួមមាន​កីឡាករ​បារាំង Francois Rebeyrol, Titouan Halle, Thomas Gill និង​​កីឡាករ​អាល្លឺម៉ង់ Sebastian Rosler ឱ្យ​ចូលលេងក្នុងជម្រើស​៦នាក់ដំបូងជាមួយ​កីឡាករកម្ពុជា គួន មុំ, ផុល រតនៈ និង សេង គីមហាប់។

អ្នកទាំង​៦​នាក់នេះ ​ពិតជា​សហការគ្នា​លេង​បាន​យ៉ាង​ល្អ ដើម្បី​យក​ឈ្នះក្រុម  MBSA Pelican ក្នុង​លទ្ធផល ៣-០ ដោយក្នុង​នោះ​ក្រុម​វិសាខា បាន​យក​ឈ្នះជាមួយគ្រាប់​បាល់ ២៥-២០ នៅសិតទី​១ រួច​បន្ត​យក​ឈ្នះ ២៥-១៧ នៅសិតទី​២ ហើយ​នៅសិតទី​៣ វិសាខា បាន​យក​ឈ្នះជាមួយគ្រាប់​បាល់ ២៥-១៩។


លោក អាំង សិរីពិសិដ្ឋ និង​ក្រុម​​កីឡាករ​របស់​វិសាខា បានអបអរ​ជ័យជម្នះ ក្រោយ​យក​ឈ្នះ​ក្រុម MBSA Pelican ៣-០ កាលពីព្រឹក​ថ្ងៃ​ពុធនេះ។ រូប​ថត សហព័ន្ធ


ការ​ទទួលបាន​៣ពិន្ទុពេញ សម្រាប់​ការ​ប្រកួត​បើក​ឆាក លើ​ក្រុម​ MBSA Pelican របស់ម៉ាឡេស៊ី​នេះ បាន​ធ្វើ​ឱ្យក្រុម​វិសាខា កាន់តែ​មានទំនុក​ចិត្ត ក្នុងការ​ឈាន​ទៅ​ប្រកួត​ជម្រុះសន្សំពិន្ទុជាមួយ​ក្រុម​​ Taichung Bank ​របស់​តៃវ៉ាន់ ដែល​នឹង​ធ្វើ​នៅថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១១ព្រឹក និង​ចុងក្រោយ​ត្រូវជួបក្រុម Hyundai Capital Skywalkers របស់​កូរ៉េខាងត្បូង នៅ​ថ្ងៃសុក្រ វេលាម៉ោង​៦​ល្ងាច។


ចំណែក​ពូល B មាន​ក្រុម Win+Streak របស់​តៃវ៉ាន់ ​ក្រុម Jakarta Garuda របស់​ឥណ្ឌូណេស៊ី ក្រុម Nakhon Ratchasima របស់​ថៃ និង​ក្រុម Armed Forces ​របស់​កូរ៉េខាងត្បូង ហើយ​ក្រុម​ដែល​ទទួលបានចំណាត់ថ្នាក់លេខ​១ និងលេខ​២ ប្រចាំពូលទាំង​២នេះ ត្រូវ​ឡើង​ទៅ​ប្រកួត​គ្នា​នៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ រួច​យក​ក្រុមឈ្នះ​ទៅប្រកួត​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃទី​៤ ខែឧសភា។

សម្រាប់​​ការ​ចេញ​ទៅ​ប្រកួតការពារ​តំណែង​ជើងឯកបាល់​ទះ ពាន​រង្វាន់ WSVI Tournament 2025 នៅ​តៃវ៉ាន់​នេះ ​ក្រុម​វិសាខា បាន​ដាក់​គោលដៅ ត្រូវ​​ឈ្នះ​តំណែងជើង​ឯក ជា​លើក​ទី​២ ហើយនេះជា​អ្វី​ដែល​ក្លិប​មួយនេះ បាន​នាំ​យក​កីឡាករ​បារាំង និង​អាល្លឺម៉ង់​ទាំង​៤នាក់ មករួមចំណែក​ជួយ​ដល់​ក្រុម​វិសាខា ក្នុងការ​ឈាន​ទៅ​សម្រេច​គោលដៅនេះ ដើម្បី​លើកកម្ពស់​វិស័យបាល់​ទះកម្ពុជា នៅ​ក្នុងតំបន់។

ជាមួយគ្នា​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ស សុខា ដែលជា​ប្រធាន​សហព័ន្ធ​កីឡាបាល់​ទះកម្ពុជា និង​ជា​ប្រធាន​ក្លិបបាល់​ទះ​វិសាខា ក៏បានចំណាយ​ថវិកា​ផ្ទាល់​ខ្លួ​នប្រមាណ​២ម៉ឺន​ដុល្លារ ដើម្បី​ទិញ​សិទ្ធិ​ផ្សាយ​បន្តផ្ទាល់ សម្រាប់​ការ​ប្រកួត WSVI Tournament 2025នេះ ដើម្បី​ឱ្យ​អ្នកគាំទ្របានទស្សនា និង​ចូលរួមលើកទឹក​ចិត្ត​ដល់​ក្រុម​វិសាខា។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុ​ប្រធាន និងជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា និងជាប្រធានប្រតិភូ​ដឹកនាំ​ក្រុម​វិសាខា ចេញទៅ​ប្រកួត​នៅ​តៃវ៉ាន់ លើក​នេះ បាន​ថ្លែង​ថា៖ «ក្រុមវិសាខា មានការ​ប្តូរ​ផ្តាច់​ហើយ​ថា ​ធ្វើ​ម៉េច​ការពារ​តំណែង​ជើងឯក​ឱ្យខាន​តែបាន! ទោះបីជា​ឧបសគ្គមាន​ភាព​ខ្លាំងក្លា​ក៏​ពិតមែន ប៉ុន្តែ​យើង​នៅតែ​មាន​មហិច្ឆតា​របស់​យើង ដោយត្រូវការពារ​ជើងឯក​របស់​យើង សម្រាប់​ឆ្នាំ​ទី​២នេះ»៕