ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា រំពឹង​ដណ្តើមបាន​មេដាយមាស ពីការ​ប្រកួតកីឡា​ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅ​ប្រទេសសិង្ហបុរី ថ្ងៃ​​ចន្ទ​នេះ បន្ទាប់ពីពួកគេ​ដណ្តើម​បាន​មេដាយ​ប្រាក់​១ និងសំរឹទ្ធ​២ សម្រាប់ការ​ប្រកួតកាលពី​ថ្ងៃអាទិត្យ។


សម្រាប់​ការ​ប្រកួត Southeast Asian & Invitation Championship 2025 នេះ​កីឡាករ យុន ប៊ុនណា ដណ្តើម​​បានមេដាយសំរឹទ្ធ​​ឱ្យ​កម្ពុជា បាន​មុនគេ សម្រាប់ការ​ប្រកួតចំបាប់​សេរី ទម្ងន់​៧០​គីឡូក្រាម កាលពី​ព្រឹក​ថ្ងៃអាទិត្យ ហើយ​នៅ​រសៀល​ថ្ងៃអាទិត្យ​ដដែល​នោះ  កីឡាករ សឿន សុភាស់ និង​កីឡាករ ឈឿន ឈាង បាន​ឈ្នះមេដាយ​ចំនួន​២​បន្ថែម​ទៀត​ឱ្យ​កម្ពុជា។

កីឡាករ សឿន សុភាស់ បាន​​ឈ្នះ​មេដាយប្រាក់ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៦១គីឡូក្រាម ហើយ ឈឿន ឈាង ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាចំបាប់សេរី ទម្ងន់ ៧៤គីឡូក្រាម។


បន្ថែម​ទៅលើការ​ដណ្តើម​បានមេដាយ​ប្រាក់​១ និងសំរឹទ្ធ​២ កាលពី​ថ្ងៃអាទិត្យ​នោះ អ្នក​ស្រី ចូវ សុធារ៉ា គ្រូ​បង្វឹក​ក្រុមជម្រើសជាតិ​ចំបាប់កម្ពុជា បាន​បង្ហាញ​ក្តីរំពឹង​ថា ក្រុមចំបាប់​កម្ពុជា នឹង​អាច​ដណ្តើម​បានមេដាយមាស សម្រាប់ការ​ប្រកួតចុង​ក្រោយ នៅថ្ងៃ​ចន្ទ​នេះ ព្រោះជា​ថ្ងៃ​ដែល​ម្ចាស់​មេដាយមាស​ស៊ីហ្គេម​ទាំង​២​រូប​​របស់​កម្ពុជា ត្រូវ​ធ្វើការ​ប្រកួត​ប្រជែង រួមជាមួយ​អត្តពលិក​៣នាក់​ផ្សេងទៀត។


កីឡាករ សឿន សុភាស់ និង ឈឿន ឈាង បាន​បង្ហាញមេដាយប្រាក់ និងសំរឹទ្ធ ដែល​ពួក​គេ​ដណ្តើម​បាន កាលពី​ថ្ងៃអាទិត្យ។ រូប​ថត សហព័ន្ធ


អ្នកស្រី ចូវ​ សុធារ៉ា ​បាន​ប្រាប់​​ពីប្រទេស​សិង្ហបុរីមក​ថា៖ ​«គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ​នេះ យើងដណ្តើម​បាន​មេដាយ​ប្រាក់​១ និងសំរឹទ្ធ​ចំនួន​២​ហើយ ហើយ​នៅ​​ថ្ងៃចុង​ក្រោយ​នេះ យើង​នៅស​ល់​កីឡាករ​៤​នាក់ និង​កីឡាការិនី​១នាក់​ទៀត ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​ដណ្តើម​យក​មេដាយ»។

អតីតម្ចាស់មេដាយមាស៊ីហ្គេម​២សម័យ​កាល ចូវ សុធារ៉ា បាន​បន្ថែម​ថា៖​ «យើងសង្ឃឹមថា ​ក្រុម​អត្តពលិក​របស់​យើង នឹង​ដណ្តើម​បាន​មេដាយ​បន្ថែម​ទៀត ជាពិសេស​មេដាយមាស​ ដោយ​យើង​ផ្តល់​ទំ​នុក​ចិត្ត​ខ្លាំង​ទៅលើ​កីឡាករ ហេង វុទ្ធី និង​កីឡាការិនី ជា កញ្ញា ព្រោះ​អ្នកទាំង​២នេះ សុទ្ធតែ​ធ្លាប់​ដណ្តើម​បាន​មេដាយ​មាស នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣»។

គួរឱ្យ​ដឹងថា ព្រឹត្តិការណ៍ប្រកួត​ចំបាប់ Southeast Asian & Invitation Championship 2025​នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា ហើយ​កម្ពុជា បាន​បញ្ជូនកីឡាករ កីឡាការិនីចំនួន​១២រូប ទៅ​ចូលរួម ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ ក្នុងគោលបំណងសាកល្បង និងវាស់ស្ទង់ ក៏ដូចជាដុសខាត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីចំបាប់កម្ពុជា ឱ្យ​បានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡា​ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះ៕

កីឡាករ យុន ប៊ុនណា (ឆ្វេង) ពេល​ឡើង​ទទួល​មេដាយសំរឹទ្ធ ដែល​រូបគេ​ដណ្តើម​បាន នៅ​ប្រទេស​សិង្ហបុរី ពី​ថ្ងៃអាទិត្យ។ រូប​ថត សហព័ន្ធ