ការបរាជ័យ​​ក្រោម​ដៃ​ក្រុម​មកពីតួកមេគីស្ថាន FK Arkadag ២-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC Challenge League នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ ​កាល​ពី​​ថ្ងៃទី​១០ ខែឧសភា វា​នៅ​មិនទាន់ធ្វើ​ឱ្យ​ក្រុម​ព្រះខ័នរាជស្វាយរៀង មានការ​រសាយ​ចិត្ត​នៅឡើយ​ទេ ប៉ុន្តែ​​ក្រុម​នេះ ត្រូវតែទម្លាក់​ចោល​នូវការ​ឈឺចាប់​ទាំង​អស់​នេះ ដើម្បីងាក​មកផ្តោត​ការ​ប្រកួតដណ្តើម​ពាន​សម្តេច ហ៊ុន សែន លើក​ទី​១៨ ឆ្នាំ​២០២៥វិញ។


ក្រុមព្រះខ័នរាជស្វាយរៀង នឹង​ត្រូវ​​បើកកីឡដ្ឋានស្វាយ​រៀង ដើម្បី​​ប្រកួត​កាត់​សេចក្តី​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជាមួយក្រុម​បឹងកេត នៅល្ងាច​ម៉ោង ៦ ថ្ងៃ​ពុធ​នេះ ហើយ​វា​ជាជំនួប​យ៉ាងសំខាន់​ ដែល​ក្រុមទាំង​២​នេះ ត្រូ​វ​ប្រជែង​គ្នាយក​ជ័យជម្នះ ដើម្បីបាន​ឡើង​ទៅ​ប្រកួត​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន ដែល​កំពុង​ឈរ​ចាំ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ពួក​គេ បាន​ទម្លាក់​ក្រុម​ណាហ្គាវើលដ៍ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ។

សម្រាប់​ការ​ប្រកួតកាត់​សេចក្តីជើង​ទី​២​នេះ ក្រុមព្រះខ័នរាជ​​ស្វាយ​រៀង មាន​ភាគ​រយ​ខ្ពស់​ជាង​ក្រុម​បឹងកេត ព្រោះ​ការ​ប្រកួត​ជើង​ទី​១ កាលពី​ថ្ងៃទី​​២៣ ខែមេសា កន្លងមក​ ស្វាយ​រៀង បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​បឹងកេត ១-០ ដែល​គ្រាប់​បាល់ជ័យជម្នះ​​នេះ ​រក​បាន​ដោយ​​​​ខ្សែ​ការពារ ជូ ស៊ិនទិ នៅនាទីទី​៩។ 


ជាមួយ​គ្នានេះ គ្រូបង្គោល​ក្រុមព្រះខ័នរាជស្វា​យរៀង លោក​ Pep Munoz បាន​បង្ហាញ​ឆន្ទៈ ក្នុងការ​ដឹកនាំ​ក្រុម​ស្វាយ​រៀង ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​ថ្មី​ម្តង​ទៀត។ លោក​បាន​បង្ហាញ​រូប​ពាន​រង្វាន់ នៅ​ក្នុងការ​បង្ហោះសារ​នៅ​លើ​​បណ្តាញ​តេឡេ​ក្រាមរបស់​លោក កាលពី​យប់​ថ្ងៃ​អង្គារ ដោយមាន​ខ្លឹម​សារ​ជា​រួម​ថា៖​ «​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ​វិល​ត្រឡប់​មក​វិញ នៅ​ថ្ងៃ​ស្អែក (ថ្ងៃពុធ​នេះ) គឺ​សម្រាប់តំណែង​ជើងឯក»។


យ៉ាងណា​ក៏​ដោយ​ លោក បែ មករា អគ្គលេខាធិការ​ក្លិបបាល់​ទាត់បឹងកេត បាននិយាយ​ទៅកាន់​ក្រុមគ្រូ​បង្វឹក និង​កីឡាករ​ទាំង​អស់ នៅក្នុងអំឡុងពេល​ហ្វឹក​ហាត់​កាលពី​ថ្ងៃ​អង្គារ ដោយ​ឱ្យពួកគេ​​បំភ្លេច​ចោលការចាញ់​ក្រុម​ស្វាយរៀង ១-០ កាលពី​ជើងទី​១ ហើយ​ត្រូវ​លើក​ទឹក​ចិត្ត​ខ្លួន តាម​រយៈការ​ដាក់​ចិត្ត​ឱ្យ​បាន​ខ្លាំង ដើម្បី​យក​ឈ្នះ នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​២ ​ថ្ងៃ​ពុធ​នេះវិញ ស្របពេល​ដែល​ក្រុមស្វាយរៀង កំពុងមានអារម្មណ៍​មិន​សូវ​ល្អ និង​ធ្លាក់​​កម្លាំង​ ក្រោយ​ចាញ់ក្រុម FK Arkadag កាលពី​ថ្ងៃទី​១០ ខែឧសភា។


ជម្រើស​១១​នាក់ដំបូង​របស់​ក្រុម​បឹងកេត ពេល​ប្រកួត​ចាញ់​ក្រុមស្វាយរៀង ក្នុងវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជើងទី​១ កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៥។ រូប​ថត បឹងកេត

លោក​បាន​និយាយ​ថា៖​ «ពេល​ខ្លះការគិត​ទៅ​ដល់លទ្ធផល​ចាញ់​នោះ វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​យើង ធ្វើ​ឱ្យ​យើង​មាន​សម្ពាធ ខណៈ​ដែល​កីឡាករ​របស់​គេ​ក៏មាន​​របួស​ច្រើន ហើយ​កម្លាំង​របស់​គេ ក៏​នៅ​ក្រោម​យើង​ដែរ អ៊ីចឹង​យើង​ត្រូវ​ឆ្លៀត​យកឱកាស​ហ្នឹង ធ្វើ​ម៉េច​ដណ្តើម​យក​ជ័យជម្នះ​ឱ្យបាន»។

ជម្រើស១១នាក់ដំបូង​របស់​ក្រុម​ស្វាយរៀង ពេល​ប្រកួត​ឈ្នះ​ក្រុមបឹងកេត កាលពី​ជើង​ទី​១ វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ។ រូប​ថត បឹងកេត

លោក​បាន​បន្ថែម​ថា៖​ «​យើង​ទាំងអស់​គ្នា ត្រូវ​ប្រាប់​ខ្លួនឯង​ថា យើង​មិនចង់លេងគូ​ទី​១​ទេ យើង​ចង់​លេងគូចុងក្រោយ។ យើងចង់​លេង​​យក​តំណែង​ជើងឯក មិនមែន​​លេង​​យក​លេខ​៣ និង​លេខ​៤​នោះ​ទេ អ៊ីចឹង​យើង​ត្រូវខំប្រឹង​ប្រែង​ទាំងអស់​គ្នា ដើម្បីកិត្តិយស​ខ្លួន​ឯង កិត្តិយស​ក្រុមគ្រួសារ​យើង កិត្តិយស​ប្រពន្ធ​កូន​យើង និងកិត្តិយស​ក្លិប​របស់​យើង»៕