ក្រុមជម្រើសជាតិ​ចំបាប់​កម្ពុជា បាន​នាំ​យក​ជោគ​ជ័យ​ គឺ​ការ​ឈ្នះ​បាន​មេដាយ​មាស​១ ប្រាក់​៣ និងសំរឹទ្ធ​៤ ពីការប្រកួត​ជើងអាស៊ីអាគ្នេយ៍ (Southeast Asian & Invitation Championship 2025) នៅ​ប្រទេសសិង្ហបុរី មក​ដល់​មាតុ​ប្រទេស​វិញ កាលពី​ថ្ងៃល្ងាច​ថ្ងៃអង្គារ ហើយ​ពួកគេ បានចាត់​ទុក​​សមិទ្ធផល​នេះ ជាសញ្ញាណ​ល្អ និងជា​បទពិសោធន៍​ថ្មី សម្រាប់ការ​ត្រៀមឆ្ពោះ​​ទៅប្រជែង​យក​មេដាយ ស៊ីហ្គេម លើក​ទី​៣៣ នៅប្រទេស​ថៃ ចុង​ឆ្នាំ​២០២៥នេះ។


កីឡាករ ហេង វុទ្ធី ដែលជា​អ្នកដណ្តើម​បានមេដាយមាស លើ​វិញ្ញាសា Freestyle ទម្ងន់​៩២​គីឡូក្រាម  ពីការ​ប្រកួត Southeast Asian & Invitation Championship 2025នេះ បានអះអាង​ថា ការ​ប្រកួត​​នេះ ពិតជា​មាន​ការ​ពិបាក​ខ្លាំង ទម្រាំ​ដណ្តើម​បាន​មេដាយ ព្រោះប្រទេស​នៅ​ក្រៅ​តំបន់​អាស៊ាន ក៏បាន​ចូលរួម​ប្រកួត​ផងដែរ ហើយ​វាជា​ការ​ប្រកួតបើក​ទូលាយ ដែល​​ប្រទេស​នីមួយៗ អាច​ដាក់​កីឡាករចូលប្រកួត​២ទៅ​៣​នាក់ នៅ​ក្នុង​វិញ្ញាសា​តែមួយ។

ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ​២០២៣ ហេង វុទ្ធី បានប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ពេល​នាំយក​មេដាយមាស មក​ដល់​ព្រលាន​យន្ត​ហោះអន្តរជាតិ​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃអង្គារ​ថា៖ ​«​ការ​ប្រកួត​នេះ ខ្ញុំ​ធ្វើ​បាន​ល្អ ប៉ុន្តែ​ការ​ប្រកួត​ជើងឯក​អាស៊ាន​នេះ មានការបូកបញ្ជូន​ទាំង​ប្រទេសអូស្រ្តាលី នូវែលហ្សេឡង់ និង​ឆាយនីសតៃប៉ិ អ៊ីចឹងការ​ប្រកួត មានការពិបាក​មែន​ទែន ក្នុង​ការ​យក​មេដាយ ព្រោះ​គីឡូ​ខ្លះ ត្រូវ​វ៉ៃ​តាំងពី​ព្រឹក​ដល់​ល្ងាច​ទើប​ដឹង​លទ្ធផល»។


យ៉ាងណា​ក៏​ដោយ ម្ចាស់​មេដាយ​ថ្មីថ្មោង​រូបនេះ បានយក​បទពិសោធន៍ និងការ​ពិបាក ដែល​ដណ្តើម​បានមេដាយមាស នៅសិង្ហបុរី ធ្វើជា​ត្រីមុខ ដើម្បីសម្រួច​គោលដៅ ឆ្ពោះ​ទៅ​ប្រជែង​រក​មេដាយ​ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម នៅប្រទេស​ថៃ ដែលនឹង​ធ្វើ​ពី​ថ្ងៃទី​៩ ដល់​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥។


វុទ្ធី បញ្ជាក់ថា៖ «ការពិបាក ដែល​យើងបានជួបប្រទះ​នេះ វាជា​បទពិសោធន៍ និងការ​វាស់ស្ទង់​សម្រាប់​យើង ដែល​អាច​នឹងជួយ​ឱ្យ​យើង ​ទទួល​បាន​លទ្ធផល​ល្អ នៅ​ស៊ីហ្គេម ព្រោះ​យើង​ឃើញ​ថា អត្តពលិក​​របស់​​អូស្រ្តាលី និងឆាយនីសតៃប៉ិ មាន​សមត្ថ​ភាព​ខ្លាំង​ជាង​វៀតណាម​ទៅ​ទៀត អ៊ីចឹង​យើង​បាន​ដកស្រង់យក​បទពិសោធន៍ពីពួកគាត់ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម នៅ​ខែធ្នូ ឆ្នាំ​នេះតែម្តង»។


ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ​២០២៣ ហេង វុទ្ធី​ ជាបេក្ខភាពតែម្នាក់គត់ ដែល​ឈ្នះ​បានមេដាយមាស ពី​ការ​ប្រកួត ​Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរី។ រូប​ថត សហព័ន្ធ/ Broad Sports

ចំណែក​អ្នក​ស្រី ចូវ សុទ្ធារ៉ា គ្រូ​បង្វឹក​ក្រុមជម្រើសជាតិ​ចំបាប់​កម្ពុជា បានចាត់ទុកការ​ឈ្នះមេដាយមាស​១ ប្រាក់​៣ និងសំរឹទ្ធ​៤ ពីការ​ប្រកួត​ Southeast Asian & Invitation Championship 2025 នៅ​ប្រទេសសិង្ហបុរីនេះ ថា ជាសញ្ញាណ​ល្អ សម្រាប់ការ​ឆ្ពោះ​ទៅកាន់​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣៣ ចុង​ឆ្នាំ​២០២៥នេះ។

ចូវ សុទ្ធារ៉ា បាន​និយាយពេល​ដឹកនាំ​ក្រុមចំបាប់​កម្ពុជា មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃអង្គារ​នោះ​ថា៖ ​«លទ្ធផល​ដែល​យើងដណ្តើម​បាន​នេះ វាជាសញ្ញាណ​ល្អ សម្រាប់​ក្រុមចំបាប់​កម្ពុជា ត្រៀម​ទៅ​ស៊ីហ្គេម គឺ​ត្រៀមទាំងអ្នក​បាន​មេដាយ និង​អ្នក​មិនបាន​មេដាយ​លើក​នេះ។ យើង​ត្រូវ​យក​បទពិសោធន៍​ថ្មីៗ ទទួលបានពីការ​ប្រកួតនៅសិង្ហបុរី ដើម្បី​ត្រៀមទាំង​កម្លាំង និង​បច្ចេក​ទេស ឱ្យបាន​ល្អជាងនេះ សម្រាប់ស៊ីហ្គេម នៅចុង​ឆ្នាំ​២០២៥​នេះ»។

ក្រុម​ចំបាប់​កម្ពុជា ពេល​នាំយកមេដាយ​មាស​១ ប្រាក់​៣ និងសំរឹទ្ធ​៤ ពីការប្រកួត ​Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែឧសភា។ រូប​ថត Broad Sports

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ចំបាប់ Southeast Asian & Invitation Championship 2025​ ដែល​​ធ្វើ​ពីថ្ងៃទី១០ ដល់​ថ្ងៃទី​១២ ខែឧសភា នៅសិង្ហបុរីនេះ គឺ​​កម្ពុជា បាន​បញ្ជូនកីឡាករ កីឡាការិនីចំនួន​១២នាក់​ ទៅ​ចូលរួម ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក Casey Barnett អនុប្រធានសហព័ន្ធ ក្នុងគោលបំណងសាកល្បង និងវាស់ស្ទង់ ក៏ដូចជាដុសខាត និងពង្រឹងសមត្ថភាព​ក្រុម​អត្តពលិក​ចំបាប់កម្ពុជា ឱ្យ​បានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួត​ស៊ីហ្គេម នៅប្រទេសថៃ ចុងឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះ លោក Casey Barnett ​ក៏បាន​បង្ហាញ​មោទនភាព ចំពោះ​ការ​ទទួលបានជោគជ័យ​របស់​ក្រុមចំបាប់កម្ពុជា ពីការ​ប្រកួត​នៅសិង្ហបុរីនេះដែរ។ 

លោកបានបង្ហោះសារ នៅលើ​ផេច​ហ្វេសប៊ុក​​ផ្ទាល់​ខ្លួន កាលពី​​ថ្ងៃអង្គារ​ថា៖ «កម្លាំង ជំនាញ និងភាពក្លាហាន។ កីឡាករ និងកីឡាការិនីចំបាប់ខ្មែរ ដណ្តើមបានមេដាយមាស១ ប្រាក់៣ សំរឹទ្ធ៤ និងមោទនភាពជាតិ ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ​២០២៥ នៅប្រទេសសិង្ហបុរី»៕