
លោក Pep Munoz បានពោលថា ការទម្លាក់ក្រុមបឹងកេត កាលពីយប់មិញ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រពានសម្តេច ហ៊ុន សែន ឆ្នាំ២០២៥ វាយុត្តិធម៌ហើយ សម្រាប់ក្រុមស្វាយរៀង។ រូបថត ស្វាយរៀង
ក្រុមព្រះខ័នរាជស្វាយរៀង បាននឹងកំពុងដើរលើគន្លងចាស់ ដើម្បីឆ្ពោះទៅរកការឈ្នះតំណែងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ជាថ្មីម្តងទៀត បន្ទាប់ពីពួកគេ បានទម្លាក់ក្រុមបឹងកេត នៅក្នុងការប្រកួតកាត់សេចក្តីជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃពុធ ហើយលោក Pep Munoz បានអះអាងថា វាយុត្តិធម៌ហើយ សម្រាប់ក្រុមស្វាយរៀង ដែលបានឡើងទៅវគ្គដ៏សំខាន់នេះ។
គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានអះអាងបែបនេះ ដោយសារតែក្រុមរបស់លោក បានធ្វើការងារធ្ងន់ និងមានការប្រកួតមមាញឹកខ្លាំងជាងគេ នៅរដូវកាលនេះ ទាំងការប្រកួតលីគក្នុងស្រុក និងការប្រកួតពានអន្តរជាតិ ជាពិសេសការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១០ ខែឧសភា ដោយក្រុមស្វាយរៀង បានចាញ់ក្រុមមកពីតួកមេគីស្ថាន FK Arkadag ២-១ ទាំងទឹកភ្នែក។
លោក Pep Munoz បាននិយាយ ក្រោយការប្រកួតថា៖ «យើងពិតជាសប្បាយចិត្ត ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រម្តងទៀត ខណៈដែលកីឡាកររបស់យើងមួយចំនួន ទើបតែវិលត្រឡប់ពីការប្រកួតកាលពីថ្ងៃសៅរ៍ ដោយអ្នកខ្លះបានលេងលើសពី១២០នាទី ហើយថ្ងៃនេះការតស៊ូ និងខិតខំប្រឹងប្រែងរបស់គាត់ គឺខ្លាំងមែនទែន»។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្ថែមថា៖ «នៅពេលយើងបង្កើតកំហុស ធ្វើឱ្យបឹងកេត មានគ្រាប់បាល់នាំមុខ គឺយើងកាន់តែពិបាក និងតឹងតែងមែនទែន ព្រោះយើងត្រូវការបង្កើតឱកាសរកគ្រាប់បាល់មកវិញ ហើយនៅពេលយើងរកបានគ្រាប់បាល់ឡើងទៅវគ្គផ្តាច់ព្រ័ត្រ គឺវាយុត្តិធម៌ហើយ សម្រាប់ក្រុមរបស់យើង»។
សម្រាប់ការប្រកួត នៅកីឡដ្ឋានស្វាយរៀង កាលពីយប់ថ្ងៃពុធនោះ ក្រុមបឹងកេត រកបានគ្រាប់បាល់បានមុខ ពីការស៊ុតបញ្ជូលទីរបស់ខ្សែប្រយុទ្ធ សៀង ចន្ធា នៅនាទីទី៣០ ហើយគ្រាប់បាល់នេះ បានលុបចោលគ្រាប់បាល់មានប្រៀបរបស់ក្រុមស្វាយរៀង ដែលបានយកឈ្នះក្រុមបឹងកេត ១-០ កាលប្រកួតជើងទី១។

ការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀង (អាវខៀវ) និងក្រុមបឹងកេត កាលពីយប់មិញ ដោយក្រុមទាំង២នេះ បានស្មើគ្នា ១-១។ រូបថត ស្វាយរៀង
តែទោះបីជាយ៉ាងណា បឹងកេត មិនអាចរកបានគ្រាប់បាល់បន្ថែម ដើម្បីទម្លាក់ក្រុមស្វាយរៀង ទៅតាមក្តីស្រមៃរបស់ខ្លួនបាននោះទេ។ ផ្ទុយទៅវិញការព្យាយាមវាយបករបស់ក្រុមស្វាយរៀង បានផ្តល់ឱកាសឱ្យខ្សែប្រយុទ្ធ ញាណ សុស៊ីដាន រកបាន១គ្រាប់វិញ នៅនាទីទី៧៤ ហើយក៏ជាគ្រាប់បាល់ជួយឱ្យក្រុមស្វាយរៀង ទទួលបានជ័យជម្នះលើក្រុមបឹងកេត ២-១ សម្រាប់ការប្រកួតទាំង២ជើងនេះផងដែរ។
ក្រុមបឹងកេត បានបង្ហាញការសោកស្តាយខ្លាំងបំផុត ចំពោះការបន្តធ្លាក់ចេញពីការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៥ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ហើយអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ក្រុមនេះ បាននាំគ្នាសម្រក់ទឹកភ្នែក បង្ហាញការសោកស្តាយចំពោះការបរាជ័យនេះដូចគ្នា។
ជាមួយបរិយាកាសដ៏គួរឱ្យសង្វេគនេះ បឹងកេត បានបង្ហោះសារ នៅលើផេចហ្វេកប៊ុកផ្លូវការរបស់ខ្លួន ក្រោយការប្រកួត នាយប់ម៉ោង ៨:២៧ ថ្ងៃពុធនោះថា៖ «សូមទោសអ្នកទាំងអស់គ្នា! នេះមិនមែនជាលទ្ធផលដែលយើងចង់បានទេ»។ ចំណែកអ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានបង្ហោះសារ បែបអស់សង្ឃឹមដូច្នេះថា៖ «ពួកយើងបានប្រឹងដល់ទីបំផុតហើយ»។
តាមលទ្ធផលនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៥នេះ គឺក្រុមស្វាយរៀង ត្រូវឡើងទៅជួបក្រុមភ្នំពេញក្រោន នៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៥ ខែឧសភា ហើយក្រុមបឹងកេត ក៏នឹងត្រូវប្រកួតដណ្តើមយកលេខ៣ និងលេខ៤ ជាមួយក្រុមវិសាខា នៅថ្ងៃនោះផងដែរ។
លោក Pep Munoz បានចាត់ទុកការប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុមភ្នំពេញក្រោន នោះ ថា ជាជំនួបចុងក្រោយដ៏សំខាន់ នៅរដូវកាលនេះ ដោយលោករំពឹងថា នឹងឃើញអ្នកគាំទ្រដ៏ច្រើនទៅទស្សនាផ្ទាល់ ដូចពេលក្រុមស្វាយរៀង ប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុម FK Arkadag កាលពីថ្ងៃទី១០ ខែឧសភា កន្លងមកដែរ។
លោក Pep បានបញ្ជាក់ថា៖ «យើងសង្ឃឹមថា អ្នកដែលបានទៅគាំទ្រពួកយើង កាលប្រកួតផ្តាច់ព្រ័ត្រ AFC Challenge League នឹងទៅគាំទ្រ និងលើកទឹកចិត្តទាំងអស់គ្នា សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ Hun Sen Cup ព្រោះវាជាពានចុងក្រោយ សម្រាប់បាល់ទាត់កម្ពុជា នៅរដូវកាលនេះ។ សង្ឃឹមថា ថ្ងៃនោះ ជាថ្ងៃមួយនៃពិធីជប់លៀងបាល់ទាត់របស់ប្រជាជនកម្ពុជាយើង ហើយសង្ឃឹមថា យើងនឹងទទួលបានជយលាភី»៕