កីឡាករ​ធ្លាប់​ដណ្តើម​បានមេដាយមាស ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ចំនួន​១០នាក់ មិន​ត្រូវបាន​កោះហៅ​ឱ្យ​ចូល​រួមជាមួយ​ក្រុមជម្រើសជាតិ​ប្រដាល់​គុនខ្មែរ សម្រាប់​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣៣ នៅប្រទេស​ថៃ នា​ចុង​ឆ្នាំ​២០២៥​នេះ​ទេ។ នេះ​បើ​តាម​លិខិតឧទ្ទេស​នាម​​របស់​ក្រសួងអប់រំ យុវជន និ​ង​កីឡា សម្រាប់​ការ​ប្រមូល​ផ្តុំ​ក្រុមជម្រើសជាតិ នៅ​ឆ្នាំ​២០២៥​នេះ។


តាម​លិខិតឧទ្ទេស​នាម ដែល​ចុះ​ហត្ថលេខាទទួល​ស្គាល់​ដោយ​លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា​នោះ បាន​បង្ហាញ​ថា កីឡាករ និងកីឡាការិនី​ចំនួន​១២នាក់ ត្រូវ​បានជ្រើស​រើសឱ្យ​ចូលរួម​ប្រមូល​ផ្តុំ​ជាមួយ​ក្រុមជម្រើសជាតិ​ប្រដាល់​គុនខ្មែរ សម្រាប់​​ត្រៀម​ស៊ីហ្គេម ឆ្នាំ​២០២៥​នេះ។

ប៉ុន្តែ​នៅ​ក្នុង​ចំណោមអ្នកទាំង​១២​នោះ គ្មាន​វត្ត​មាន​កីឡាករ ឈុត សេរីវ៉ាន់​ថង, ឃីម បូរ៉ា, ព្រំ សំណាង, ខាំ ខ្លានាង, កាន់ ម៉េងហុង, ឡៅ ចន្ទ្រា, រឿង សោភ័ណ្ឌ, ម៉ាប់ ធារ៉ា, ហ៊ឹម គឹមរៀងនិង ឃួន ឡាំងកូស៊ីន ដែលធ្លាប់ដណ្តើម​បាន​មេដាយមាស សម្រាប់ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ​នៅកម្ពុជា​នោះ​ទេ បើទោះបីជា​កីឡាករ​មួយ​ចំនួន នៅមាន​សមត្ថ​ភាព​ល្អ​ក៏​ដោយ ហើយ​បេក្ខភាព​ធ្លាប់​ឈ្នះ​បានមេដាយ​ប្រាក់ និងមេដាយសំរឹទ្ធ មួយចំនួន​ទៀត ក៏មិនបានជាប់ជម្រើសជាតិ​លើក​នេះ​នោះ​ដែរ។


តាម​លិខិតឧទ្ទេសនាម​នោះ បាន​ឱ្យ​បង្ហាញ​ថា មាន​តែ​កីឡាករ ឡៅ ចិត្ត្រា កីឡាករ ផុន ពិសិដ្ឋ និង​កីឡាការិនី មឿយ ស៊ឹង ទេ ដែល​ត្រូវបាន​ជ្រើស​រើស​ឱ្យ​ចូលរួមជាមួយក្រុម​ជម្រើសជាតិ​ប្រដាល់​គុនខ្មែរ ក្នុងនាមជា​អ្នក​ធ្លាប់​ដណ្តើម​បានមេដាយមាស កាល​ស៊ីហ្គេម ឆ្នាំ​២០២៣ ខណៈ​កីឡាការិនី​ម្ចាស់​មេដាយមាស ទូច ចាន់វត្តី បានជាប់​ជម្រើសជាតិប្រដាល់​ឃីកប៊ុកស៊ីង​វិញ។


ព្រំ សំណាង (ក្រហម) ពេល​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​យក​មេដាយមាសស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។ រូប​ថត សហការី


ចំណែក​បេក្ខភាព​ចំនួន​៩នាក់​ទៀត ដែល​ត្រូវបានជ្រើសរើសជា​អត្តពលិកជម្រើសជាតិ​គុនខ្មែរ លើក​នេះ រួម​មាន​កីឡាការិនី ធឿន ដាសុផាន្នី, អេ ព្រីយ៉ានុតភូថង កីឡាករ ជា ចំរើន, ទិន ឌិន, ស៊ីម ស៊ីហុង, ហុង សុវណ្ណច័ន្ទសុធី, អេ វិរៈខាំឈិតភូថង, អេ អាំម៉ារិនភូថង និងកីឡាករជើង​ខ្លាំង​កំពុង​ទទួលរងរិះគន់​លើ​ការ​បង្ហោះការ​ជក់​បារី​អេឡិច​ត្រូនិក (វេប) ធឿន ធារ៉ា ចំណែក​លោក អេ ភូថង ត្រូវបាន​ជ្រើស​តាំង​ជា​គ្រូ​បង្គោល និង​លោក ឡៅ ស៊ីណាត ជា​គ្រូ​ជំនួយ។

ជុំវិញ​ការ​គ្មាន​ឈ្មោះ​ម្ចាស់មេដាយមាស​ស៊ីហ្គេម រហូត​ដល់​១០នាក់ នៅ​ការ​ប្រមូល​ផ្តុំ​ក្រុមជម្រើសជាតិ​គុនខ្មែរ លើក​​នេះ បាន​បង្កើត​ឱ្យ​មាន​ការ​មន្ទិល​សង្ស័យ​​ថា អាច​ជា​ការ​ជ្រើស​រើស​ទៅ​តាមខ្សែ​បក្ខពួក គឺ​បំភ្លេច​អ្នកមាន​ស្នាដៃជូន​ជាតិ ហើយ​ទៅដាក់​កីឡាករ​ផ្សេងជំនួស​វិញ ដើម្បី​តែ​ផល​ប្រយោជន៍។

យ៉ាងណា​ក៏​ដោយ ជុំ​វិញ​បញ្ហា​នេះ លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បានអះអាង​ថា ការ​ជ្រើស​រើស​បេក្ខភាព​ក្រុមជម្រើសជាតិ​ឆ្នាំ​​នេះ គឺ​​ផ្តោត​ខ្លាំង​ទៅលើសមត្ថ​ភាព និងសមិទ្ធផល​ជាក់ស្តែង​នាពេលបច្ចុប្បន្ន​របស់កីឡាករ ហើយ​អាយុ​ក៏ជាផ្នែក​មួយ ត្រូវគិត​គូរ​ឡើង​វិញ​ផងដែរ។

លោក​បានប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ កាលពី​ពេល​ថ្មីៗ​នេះ​ថា៖ ​«យើងជ្រើស​រើសកីឡាករ​ជម្រើសជាតិ តំណែង​ឱ្យ​ជាតិ​នេះ គឺ​ផ្នែក​ទៅលើសមិទ្ធផល​ ទម្រង់​ប្រកួត និង​កម្រិត​សមត្ថ​ភាព​របស់​គាត់ នាពេល​បច្ចុប្បន្ន ព្រោះ​កីឡាករ​ខ្លះពីមុន​​គាត់​ល្អមែន តែ​ឥឡូវ​គាត់​ធ្លាក់ទម្រង់ អ៊ីចឹង​ក៏​យើង​អត់​ជ្រើស​រើស​ដែរ គឺ​យើង​ជ្រើស​រើស​យក​តែ​កីឡាករ​មាន​ទម្រង់​ល្អ ក្នុងពេល​បច្ចុប្បន្ន»។

លោក​បាន​បន្ថែម​ថា៖ «មួយ​វិញ​ទៀត យើងមើល​ទៅ​លើ​វ័យ​​ដែរ ដោយយើង​ផ្តោត​ទៅលើ​យុវជន​ឱ្យ​បាន​ច្រើន ព្រោះ​គាត់​អាច​ទៅ​ប្រកួត​ដក​ស្រង់បច្ចេក​ទេស នៅ​ស៊ីហ្គេម លើក​នេះ​ហើយ គាត់នឹង​​អាច​ទៅ​ប្រកួតលើក​ក្រោយ កាន់​តែ​កើន​សមត្ថ​ភាពខ្ពស់ជាង​ហ្នឹង​ទៀត»។

ធឿន ធារ៉ា (ក្រហម) ពេល​ប្រកួត​ជាមួយ​កីឡាករ​បរទេស​កន្លងមក ខណៈពេល​នេះ​រូបគេ កំពុង​ទទួល​រងការរិះគន់​លើការ​បង្ហាញ​វីដេអូ​ជក់បារី​អេឡិច​ត្រូនិក ស្របពេល​ជើង​ខ្លាំង​រូបនេះ បានជាប់​ជា​កីឡាករ​ជម្រើសជាតិគុនខ្មែរ ជាលើក​ដំបូង។ រូប​ថត Wurkz

បន្ថែម​លើ​នេះ ការជ្រើស​រើស​កីឡាករ​ជម្រើសជាតិ​ប្រដាល់​គុនខ្មែរ លើក​នេះ ក៏​ផ្តោតសំខាន់​ទៅលើ​ប្រភេទ​កីឡាករ ដែល​ចេះ​ប្រកួត ក្នុង​ទម្រង់​ពាក់ឧបករណ៍ការពារ​ខ្លួន ជាពិសេស​ជា​កីឡាករ ដែល​ដឹង​ពី​របៀប​របប​ និងច្បាប់​នៃ​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣៣​នេះ ដែល​កំណត់​ដោយ​ម្ចាស់​ផ្ទះ​ថៃ គឺ​គេ​​​ប្រើ​លក្ខន្តិក​ប្រកួតបែប Muay Thai មិន​មែនបែប​គុនខ្មែរ ដូច​ស៊ីហ្គេម ឆ្នាំ​២០២៣​នោះ​ទេ។​

នៅត្រង់ចំណុច​នេះ លោក ខូវ ឆាយ បញ្ជាក់​ថា៖ «យើង​ដឹង​ហើយ​ថា ការ​ប្រកួត​ស៊ីហ្គេម មានពាក់ឧបករណ៍​ការពារ អ៊ីចឹង​កីឡា​ករ​មួយ​ចំនួន​គាត់​ល្អ​មែន តែ​ល្អ​បាន​តែ​ការ​ប្រកួត​អាជីព ប៉ុន្តែ​ពេល​ទៅ​ប្រកួត​បែប​ស្ម័គ្រ​ចិត្ត​ វាយ​យក​ពិន្ទុ មានពាក់ឧបករណ៍ការពារ គាត់​វាយ​អត់​បាន​ពិន្ទុ​ទេ។ ​គាត់​អត់​មានក្បាច់ មានក្បួន និងមានទម្រង់​ក្នុង​ការ​ប្រកួត​បែប​ហ្នឹង​ឡើយ ជាពិសេស​យើងដឹង​ថា ការ​ប្រកួត​នៅ​ប្រទេស​ថៃ ច្បាប់​គេ​ប្រើ​បែបណា ហើយ​កីឡាករណា ដែល​សមស្រប​ទៅនឹងការអនុវត្តច្បាប់​ប្រកួតបែប​នោះ អ៊ីចឹង​យើង​ត្រូវតែជ្រើស​រើស​​​ឱ្យបានត្រឹម​ត្រូវ»៕