
កីឡាករ ម៉ីន អូស្មាន់ ពេលបញ្ជាម៉ូតូទឹក ដែលមានឈ្មោះ សាលី អ៊ូមើត ក្នុងការប្រកួត WGP1 Water Jet Championship នៅជប៉ុន ដោយរូបគេបានឈ្នះមេដាយមាស១ និងប្រាក់១។ រូបថត WGP1
ក្រុមម៉ូតូទឹកកម្ពុជា ដណ្តើមបានលទ្ធផលយ៉ាងត្រចះត្រចង់ គឺឈ្នះបានមេដាយមាស៤ និងប្រាក់២ ពីការប្រកួតប្រណាំងម៉ូតូទឹកពិភពលោក WGP1 Water Jet Championship ជុំទី១ នៅទីក្រុង Osaka ប្រទេសជប៉ុន ប៉ុន្តែវីរកីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បែរជាបង្ហាញអារម្មណ៍តូចចិត្ត ដែលការដណ្តើមបានលទ្ធផលដ៏ល្អជូនជាតិនេះ បែរជាគ្មានអ្នករវីរវល់។
សម្រាប់ការប្រកួតប្រណាំងម៉ូតូទឹកពិភពលោក WGP1 Water Jet Championship ជុំទី១ នៅប្រទេសជប៉ុន ដែលធ្វើឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សុទ្ធតែដណ្តើមបានមេដាយជូនជាតិរៀងៗខ្លួន ក្នុងនោះមានមេដាយមាស៤ និងប្រាក់២។
នៅក្នុងចំណោមមេដាយទាំង៦នេះ កីឡាករ សាលី ហ្វីលីន ដណ្តើមបានមេដាយមាសចំនួន២ លើការប្រកួតវិញ្ញាសា Amateur Runabout 1100 Stock និងវិញ្ញាសា Pro Sport GP ហើយ ហ្វីលីន ក៏ដណ្តើមបានមេដាយប្រាក់១ទៀត លើវិញ្ញាសា PRO-AM RUNABOUT 1100 OPEN ផងដែរ។
ចំណែកកីឡាករ ម៉ីន អូស្មាន់ ដណ្តើមបានមេដាយមាស១ លើវិញ្ញាសា Novice Ski Stock និងឈ្នះបានមេដាយប្រាក់១ទៀត លើវិញ្ញាសា Amateur Ski 4 Stroke lites ហើយកីឡាករ កៃ វ៉ាន់ស៊ីដែន ទទួលបានមេដាយមាស១ លើវិញ្ញាសា Amateur Ski 4 Stroke lites។
យ៉ាងណាក៏ដោយ ជាមួយការដណ្តើមបានមេដាយមាស៤ និងប្រាក់២ ពីការប្រកួតកម្រិតពិភពលោកនេះ វីរកីឡាករ សាលី អ៊ូមើត ដែលជាអ្នកដឹកនាំក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ទៅចូលរួមការប្រកួត WGP1 Water Jet Championship ជុំទី១ នៅប្រទេសជប៉ុននេះ បែរជាបង្ហាញអារម្មណ៍តូចចិត្ត ខណៈដែលការដណ្តើមបានជោគជ័យយ៉ាងធំជូនជាតិនេះ គ្មានអ្នកអើពើឬរវីរវល់ ដូចប្រភេទកីឡាមានសក្តានុពលរបស់កម្ពុជា មួយចំនួនទៀត។

សាលី អ៊ូមើត និងក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ដែលបានចូលរួមការប្រកួត WGP1 Water Jet Championship ជុំទី១ នៅីប្រទេសជប៉ុន។ រូបថត សាលី អ៊ូមើត
សាលី អ៊ូមើត បានបង្ហាញសារនៅព្រឹកថ្ងៃចន្ទនេះថា៖ «ខ្ជិលនិយាយច្រើន បើតាមមើលទៅ ប្រហែលជាបានមេដាយមាសច្រើនពេក ទើបគ្មានអ្នករវីរវល់! គួរឱ្យអស់សំណើចណាស់ សម្រាប់ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជាយើង តែមិនអីទេ យ៉ាងហោចណាស់ក៏នៅមានសម្ដេចគាំទ្រដែរ។ ជួបគ្នានៅជុំទី២បន្ត នៅប្រទេសប្រេស៊ីល»។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត តែងតែបង្ហោះសារអបអរសាទរ នៅរាល់ការដណ្តើមបានមេដាយមាស និងមេដាយប្រាក់ របស់កីឡាករម៉ូតូទឹកកម្ពុជា នៅក្នុងការប្រណាំងម៉ូតូទឹកពិភពលោក WGP1 Water Jet Championship ជុំទី១ នៅប្រទេសជប៉ុននេះ ខណៈក្រុមម៉ូតូទឹកកម្ពុជា នឹងបន្តទៅប្រកួតជុំទី២ នៅប្រទេសប្រេស៊ីល ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា មុនពេលធ្វើការប្រកួតជុំផ្តាច់ព្រ័ត្រចុងក្រោយ នៅប្រទេសថៃ ពីថ្ងៃទី១៧ ដល់ទី២១ ខែធ្នូ។
យ៉ាងណាក៏ដោយ វីរកីឡាករ សាលី អ៊ូមើត ដែលធ្លាប់ដណ្តើមបានមេដាយមាសពីការប្រកួតកីឡាអាស៊ី (Asian Games) នៅឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨ និងឈ្នះបានមេដាយមាស១ និងសំរឹទ្ធ១ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជានោះ បានបង្ហាញចេតនា ក្នុងការបញ្ចប់អាជីពមួយនេះ។
អ៊ូមើត ដែលបច្ចុប្បន្នមានតួនាទីជាអគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាផងនោះ បានសរសេរបង្ហោះបែបនេះថា៖ «ខ្ញុំចំណាយពេលវេលា១៨ឆ្នាំហើយ គិតថាដល់ពេលដែលខ្ញុំឈប់សម្រាកហើយ។ សង្ឃឹមថា វិស័យកីឡាម៉តូទឹកមួយនេះ អាចនឹងបន្តដំណើរទៅមុខមិនសាបសូន្យផងចុះ»៕