
លោក សុខ ពុទ្ធិវុធ ពេលចូលរួមប្រគល់មេដាយ និងពានរង្វាន់ដល់ម្ចាស់ជយលាភី ក្នុងពិធីបិទការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥។ រូបថត សហព័ន្ធ
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានដាក់គោលដៅប្រជែងរកមេដាយជូនជាតិ ក្នុងការប្រកួតលើឆាកអន្តរជាតិ ជាពិសេសការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥នេះ បន្ទាប់ពីសហព័ន្ធ បានរកឃើញអត្តពលិកជើងខ្លាំង ពីការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥នោះ។
តាមរយៈការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលបានធ្វើឡើង កាលពីថ្ងៃទី១៧-១៨ ខែឧសភា កន្លងមកនេះ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួម និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យការប្រកួតនេះ បានបញ្ចប់ដោយជោគជ័យ។
ជាមួយគ្នានេះ លោក សុខ ពុទ្ធិវុធ បានជំរុញ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ជាពិសេសសម្រាប់អ្នកជាប់ជយលាភី ត្រូវខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីពង្រឹមសមត្ថភាព សម្រួចគោដៅត្រៀមការប្រកួតអន្ដរជាតិនានា។
លោក សុខ ពុទ្ធិវុធ បានថ្លែងថា៖ «ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា មានគោលដៅដ៏ច្បាស់លាស់មួយ គឺយើងត្រូវយកជយលាភី មេដាយជូនជាតិឱ្យខានតែបាន ទាំងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សេងៗទៀត»។
នៅក្នុងការសម្រួចគោលដៅឈានទៅប្រជែងរកមេដាយជូនជាតិនេះ លោក សុខ ពុទ្ធិវុធ បានផ្តោតខ្លាំងទៅលើការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ចុងឆ្នាំ២០២៥នេះ ហើយលោកបានចាត់ទុកការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥នេះ ជាការវាស់ស្ទង់ និងដកស្រង់បច្ចេកទេសដ៏សំខាន់ សម្រាប់ក្រុមអត្តពលិក ដើម្បីត្រៀមឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំនេះ។

សកម្មភាពប្រកួតបាញ់កាំភ្លើង ក្នុងព្រឹត្តិការណ៍កីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥។ រូបថត សហព័ន្ធ
លោកបញ្ជាក់ថា៖ «ការរៀបចំឱ្យមានការប្រកួតថ្នាក់ជាតិលើកនេះ គឺដើម្បីជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ និងដកពិសោធន៍ បច្ចេកទេស ព្រមទាំងពង្រឹងសមត្ថភាពរបស់កីឡាករ កីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម ដែលនឹងប្រារព្ធឡើងនៅប្រទេសថៃ នាខែធ្នូ ខាងមុខនេះ»។
«ដូចនេះ ខ្ញុំសូមលើកទឹកចិត្តជាពិសេសបំផុតដល់កីឡាករ កីឡាការិនីរបស់យើងគ្រប់ៗរូប សូមធ្វើយ៉ាងណា ខិតខំតស៊ូ ហ្វឹកហាត់ឱ្យបានច្រើន និងទៀងទាត់ជាទីបំផុត ដើម្បីអាចនាំយក មេដាយជូនជាតិ មាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងទាំងអស់គ្នា»។ លោក សុខ ពុទ្ធិវុធ បានបញ្ជាក់បន្ថែម។
តាមរបាយការណ៍របស់លោក ស៊ិន សូផានណាក់ អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥នេះ មានកីឡាករ កីឡាការិនីចូលរួមចំនួន៤៤នាក់។ អ្នកទាំងនេះ បានប្រកួតគ្នាលើវិញ្ញាសាចំនួន៤ គឺកាំភ្លើងវែងខ្យល់ឈរ១០ម៉ែត្រ, កាំភ្លើងវែងជំហរបីប្រវែង៥០ម៉ែត្រ, បាញ់ប្រតិកម្ម Standard ( 4 Stages) និងវិញ្ញាសាបាញ់ប្រតិកម្ម Production Optic ( 4 Stages) ហើយការប្រកួតនេះ បានបញ្ចប់ដោយជោគជ័យ និងបានរកឃើញម្ចាស់ជយលាភី ដើម្បីត្រៀមស៊ីហ្គេម។
ជាមួយគ្នានេះ កីឡាករ ហោ មុន្នីរតនៈ ម្ចាស់ជយលាភីលេខ១ លើវិញ្ញាបាញ់ប្រតិកម្ម Production Optic ( 4 Stages) បានសម្ដែងការសប្បាយរីករាយជាខ្លាំង ចំពោះកំណើនអ្នកចូលរួមប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែលជាផលល្អ ក្នុងការជំរុញឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីពង្រឹងសមត្ថភាពឱ្យបានកាន់តែល្អ សម្រាប់ត្រៀមស៊ីហ្គេម នៅប្រទេសថៃ។
ម្ចាស់មេដាយមាស មុន្នីរតនៈ បាននិយាយថា៖ «ការប្រកួតថ្នាក់ជាតិនេះ ពិតជាសំខាន់ ព្រោះប្រមូលផ្ដុំដោយកីឡាករខ្លាំងៗមកធ្វើការប្រកួត ហើយពេលយើងបានឈ្នះលេខ១ គឺសបញ្ជាក់ពីសមត្ថភាពរបស់យើង និងជំរុញឱ្យយើងកាន់តែខំប្រឹង ដើម្បីឈានទៅរកការប្រកួតប្រជែងមួយថ្មីទៀត គឺការប្រកួតអន្ដរជាតិ នៅថ្ងៃអនាគត ពិសេសស៊ីហ្គេម នៅថៃចុងឆ្នាំនេះ»៕