សហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរ បាន​​សម្រេច​​ដាក់​ពិន័យ​ទៅលើ​លោក​អាជ្ញាកណ្តាល​ ឡុង វិបុល ជា​ផ្លូវការ​ហើយ ជុំវិញ​ការ​បំពេញ​តួនាទីមិនបាន​ល្អ បង្កឱ្យ​មាន​ការរិះគន់​ខ្លាំងពី​មហាជន ចំណែក​​ចៅ​ក្រម​៣​នាក់​ផ្សេង​ទៀត ក៏​បាន​ទទួល​រង​​ការ​ពិន័យ​ ទាក់ទ​ងនឹង​ការ​ផ្តល់​ពិន្ទុ​​ខុសពីការ​​ប្រកួត​ជាក់​ស្តែង ប៉ុន្តែ​ទម្ងន់​ទោស ដែលបានដាក់នេះ ហាក់ស្រាលពេក មិនអាច​ធ្វើ​ឱ្យ​អ្នកប្រព្រឹត្ត​ខុស រាល​ចាល​នោះ​ទេ។


បើតាម​ប្រភពច្បាស់ការណ៍ ចេញពីមន្រ្តី​​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ បាន​ឱ្យ​ដឹង​ថា លោកអាជ្ញាកណ្តាល ឡុង វិបុល ដែល​បាន​ទទួល​រង​ការ​រិះគន់​ខ្លាំង លើ​ការ​កាត់​សេចក្តី​ការ​ប្រកួត Mas Fight រវាង​កីឡាករ​កម្ពុជា ណាំឈៀវ គុនខ្មែរ ជាមួយ​​អ្នកប្រដាល់​មីយ៉ាន់ម៉ា Joe Phyu ​នៅលើ​សង្វៀន​ថោន កាលពី​ថ្ងៃទី​១៨ ខែឧសភា​នោះ ត្រូវបាន​សហព័ន្ធ ពិន័យ​មិន​ឱ្យ​ចូលរួម​ដឹកនាំ​​ការ​ប្រកួតចំនួន​៤​សប្តាហ៍។

ប្រភព​ដដែល​បានបញ្ជាក់ថា ការពិន័យ​ទៅលើ​លោក ឡុង វិបុល នេះ ត្រូវ​បាន​ធ្វើ​ឡើង នៅថ្ងៃអង្គារ​នេះ បន្ទាប់ពី​​ផ្ទុះ​ការ​រិះគន់​ខ្លាំង ចំពោះ​ភាព​យឺត​យ៉ាវ​របស់​លោកអាជ្ញាកណ្តាល​រូបនេះ ក្នុងការចាប់​​​ឃាត់​កីឡាករ​កម្ពុជា ណាំឈៀវ គុនខ្មែរ ដែលបានចាប់ក្លេរឹត​ក​អ្នកប្រដាល់​មីយ៉ាន់ម៉ា Joe Phyu សម្រាប់ការ​ប្រកួត Mas Fight កាលពី​យប់​ថ្ងៃអាទិត្យ ហើយ​ការខ្វះបទពិសោធន៍​របស់​លោក ឡុង វិបុល នេះ វាប៊ិះតែ​ធ្វើ​ឱ្យ​​កីឡាករ Joe Phyu បានបញ្ហា​ដល់​អាយុជីវិត។


អ្នកគាំ​ទ្រ​ភាគ​ច្រើន ជាពិសេស​អ្នកគាំ​ទ្រ​របស់មីយ៉ាន់ម៉ា បានបង្ហាញ​ការប្រតិកម្ម​ខ្លាំង​ទៅ​បញ្ហា​នេះ ហើយពួកគេ បានស្នើ​ឱ្យ​លោក ខូវ ឆាយ ជាប្រធានសហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ ត្រូវតែ​មាន​វិធានការ​ក្តៅ គឺ​ដក​លោក ឡុង វិបុល ចេញ​ពីតួនាទីជា​អាជ្ញាកណ្តាល ដើម្បី​ឱ្យ​ទៅ​ធ្វើការ​ងារ​ផ្សេង​ជំនួស​វិញ ហើយ​ជា​លទ្ធផល សហព័ន្ធ បាន​សម្រេច​​ដាក់ពិន័យលោក វិបុល ​មិន​ឱ្យ​ចូលរួម​ដឹកនាំ​​ការ​ប្រកួតត្រឹម​​៤​សប្តាហ៍ ដែលការ​ពិន័យ​ទោស​នេះ ហាក់នៅមានកម្រិតស្រាល​ដែរ​ទេ។


ដោយឡែក​មន្ដ្រី​ចៅក្រម​៣​នាក់​ផ្សេងទៀត ក៏​ត្រូវ​​បាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សម្រេចដាក់​ពិន័យ​មិន​ឱ្យ​​ចូលរួម​ដឹកនាំ​ការ​ប្រកួត​ចំនួន​៣​ស​ប្ដា​ហ៍​ផងដែរ បន្ទាប់​ពី​​រក​ឃើញ​ថា អ្នក​ទាំង​៣នេះ បា​ន​ផ្ដល់​ពិន្ទុ​មិនត្រឹមត្រូវ ​ដោយ​ដាក់​ពិន្ទុ​ឱ្យ​​កីឡាករ ធន់ វ​ណ្ណា ឈ្នះកីឡាករ Martin Sandro មក​ពី​អេ​ស្ប៉ា​ញ សម្រាប់ការ​ប្រកួត ដែល​រៀបចំ​ដោយ​សង្វៀន​បាយ័ន នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥។


ការ​ចេញ​​សេចក្ដី​ប្រកាស​ព័​ត៌មាន​ ​​កាល​ថ្ងៃ​ទី​១៧ ខែឧសភា ដើម្បី​ដាក់ពិន័យ​ទៅលើ​ចៅ​ក្រម​ទាំង​៣​នាក់ ដែល​មិន​ត្រូវបាន​សហព័ន្ធ​បញ្ចេញ​ឈ្មោះ​នេះ គឺ​បន្ទាប់​ពី​​អ្នកគាំ​ទ្រ​បាន​រិះគន់​ខ្លាំង​ទៅលើ​ការ​ដាក់ពិន្ទុ​របស់​អ្នក​ទាំង​៣នេះ ដែល​ជំរុញ​ឱ្យសហព័ន្ធ​ ធ្វើការ​កោះ​ប្រជុំ​ជា​បន្ទាន់​នូវមន្ត្រី​រៀបចំការ​ប្រកួត អាជ្ញាកណ្តាល ចៅ​ក្រម ដែល​បាន​ធ្វើ​ការ​ដឹកនាំ​​ការ​ប្រកួតរវាង​កីឡាករ ធន់ វណ្ណា និង​កីឡាករ Martin Sandro នេះ ដើម្បី​ធ្វើការពិនិត្យ​នូវលទ្ធផល​ឡើង​វិញ។

ក្រោយការ​​ពិនិត្យ​យ៉ាង​ផ្ចត់​ផ្ចង់​តាម​រយៈវីដេអូហាយឡាយ​នៃ​ការ​ប្រកួត​ទាំង​ស្រុង​ឡើង​វិញ​នោះ ​សហព័ន្ធ បាន​រក​ឃើញ​ថា ជ័យជម្នះ​ ត្រូវ​បាន​ទៅ​លើ​កីឡាករ​អេ​ស្ប៉ា​ញ Martin Sandro​ ដោយពិន្ទុ​វិញ ក្នុងការ​ប្រកួតចំនួន​៥​ទឹក។

ប៉ុន្តែ​យោង​ទៅលើបទបញ្ជា​គ្រប់​គ្រង​ការ​ប្រកួត​​កីឡា​ប្រដាល់​គុន​ខ្មែរ គឺ​គណៈកម្មការ​បច្ចេក​ទេស បាន​រក្សា​ទុក​​លទ្ធផល​ការ​ប្រកួត ដែលបានប្រកាស​រួច​ទៅ​ហើយ​នោះ នៅ​ដដែល​ តែបានដាក់ពិន្ទុ​ទៅលើ​ចៅ​ក្រមទាំង​៣នាក់ ដែលបាន​ដាក់​ពិន្ទុ​ខុសនោះ មិន​ឱ្យ​ចូលរួមដឹកនាំ​ការ​​​ប្រកួត​ ដែល​រៀបចំ​ដោយសហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ ចំនួន​៣សប្តាហ៍ ចាប់​ពី​ថ្ងៃទី​១៧ ខែឧសភា តទៅ ​ពី​បទ​ប្រព្រឹត្ដ​ខុស​ទៅ​នឹង​បទបញ្ជា​បច្ចេកទេស គ្រប់គ្រង​ការ​ប្រកួតកីឡា​ប្រដាល់​គុនខ្មែរ។

យ៉ាងណា​ក៏ដោយ ការ​ដាក់​ពិន័យ​មិន​ឱ្យ​​ចូលរួម​ដឹកនាំ​ការ​ប្រកួត​ចំនួន​៣​ស​ប្ដា​ហ៍ ​ដោយ​មិនបង្ហាញ​ឈ្មោះ​ចៅក្រម​ទាំង៣នាក់ ដែលបានប្រព្រឹត្តខុសនោះ​ ត្រូវ​បាន​មហាជន​មួយ​ចំនួន​រិះគន់ថា ជាការអនុវត្ត​ច្បាប់បែប​យល់ញាតិ​ឃ្លាតច្បាប់​ និង​គ្មាន​គោលការ​រឹងមាំ ក្នុងការ​លុប​ភាព​មិនប្រក្រតី នៅ​ក្នុង​វិស័យ​ប្រដាល់​គុនខ្មែរ។

បន្ថែម​លើនេះ ការដាក់ពិន័យ​ត្រឹម​រយៈពេល​៣​សប្តាហ៍ ឬ ៤សប្តាហ៍ គឺ​ជា​ទម្ងន់ទោស​ស្រាល​ពេក ដែល​អ្នកគាំ​ទ្រ​ភាគ​ច្រើន បាន​លើក​ជាគំនិត​ថា មិនអាច​ធ្វើ​ឱ្យ​មន្រ្តី​ចៅ​ក្រម​អាជ្ញាកណ្តាល ឬ​អ្នក​ប្រព្រឹត្តខុស​រាលចាល​នោះ​ទេ ព្រោះ​ទម្រង់បែបបទនៃការ​ដាក់ពិន័យបែបនេះ ត្រូវបាន​ធ្វើ​ឡើង តាំងពីជំនាន់​លោក តែម ម៉ឺន នៅ​ធ្វើ​ជា​ប្រធានសហព័ន្ធ ប៉ុន្តែ​ចុងក្រោយ អ្នក​ប្រព្រឹត្ត​ខុស​ នៅតែ​បន្ត​ធ្វើ​ខុស ហើយភាពមិនប្រក្រតី​ក្នុង​​ការដាក់ពិន្ទុ និងកាត់សេចក្តី​តាមសង្វៀននីមួយៗ នៅតែ​កើត​មាន​ឡើងច្រើន​ដដែល។

តែទោះបីជា​យ៉ាង​ណា បើតាម​ព័ត៌មានច្បាស់ការណ៍ បាន​ទម្លាយ​ឱ្យ​ដឹង​ថា មន្រ្តីចៅ​ក្រមអាជ្ញាកណ្តាល​ ដែល​ត្រូវបានសហព័ន្ធ​កីឡា​ដាក់​ពិន័យ ក្នុង​រចនាសម្ព័ន​គ្រប់​គ្រងថ្មី​ក្នុង​អាណត្តិទី​៨ ឆ្នាំ​២០២៥-២០២៩​​របស់​លោក ខូវ ឆាយ គឺគ្មានការ​ផ្តល់ប្រាក់​ឧបត្ថម្ភ ដូចការអនុវត្តច្បាប់ ក្នុង​អាណត្តិ​មុនៗ​កន្លងមកនោះ​ទេ។

ជុំ​វិញការងារ​នេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ដែលកំពុង​បំពេញ​បេសកកម្ម​នៅប្រទេស​ស្រីលង្កា​នោះ បានប្រាប់​តាមប្រព័ន្ធ​តេឡេក្រាម​មក​ថា៖​ «ចំពោះ​មន្រ្តី​ចៅ​ក្រម​អាជ្ញាកណ្តាល ដែល​ត្រូវបានដាក់ពិន័យនេះ មិនបើកប្រាក់ឧបត្ថម្ភឱ្យ​ទេ! បើមិនឱ្យ​ធ្វើការ ហើយបើកប្រាក់ឧបត្ថម្ភជូន មិនមែនជាការដាក់​ពិន័យទេ គឺជាការលើកទឹកចិត្តទៅវិញ»។

តាមការ​បញ្ជាក់របស់​លោក ខូវ ឆាយ គឺមាន​ន័យ​ថា លោកអាជ្ញាកណ្តាល ឡុង វិបុល និង​ចៅ​ក្រម​ជាប់ពិន័យ​៣នាក់​ទៀត ដែល​ប្រភព​ច្បាស់ការណ៍​ទម្លាយ​ឈ្មោះមក​ថា ជា​លោក ពៅ ប៊ុណ្ណា លោក សួង សុវណ្ណថា និងលោក ឡុង សំអឿន នោះ គឺ​មិនទទួល​បាន​ប្រាក់ឧបត្ថម្ភ នៅក្នុងអំឡុង​ជាប់ពិន័យនេះ​ទេ ហើយមន្រ្តី​​បច្ចេក​ទេស ដែលមិនជាប់ពិន័យ តែមិនបានមកបំពេញ​ការ​ងារ​តាមគោលដៅ​កំណត់ ក៏មិនបានប្រាក់​ឧបត្ថម្ភ​ដូចគ្នា បើ​សិនជា​គ្មាន​ការបញ្ជាក់​មូល​ហេតុ​ច្បាស់​លាស់ពីការអនុវត្ត​មានទេ​នោះ៕