ក្រុម​ឃីកបុងស៊ីង​កម្ពុជា បានបញ្ចប់ការ​ប្រកួត ISKA kickboxing Thailand Open 2025 ដោយ​ដណ្តើម​បាន​មេដាយមាស​២ និង​ប្រាក់​៣ រីឯ​ក្រុម​អត្តពលិកជឺជីតស៊ូ​កម្ពុជា បាន​ចាប់​ផ្តើម​ការ​ប្រកួតកីឡាជឺជីតស៊ូ​​ជើងឯកទ្វីបអាស៊ី លើកទី៩ (9th Asian Ju-Jitsu Championship) នៅទីក្រុង Amman ប្រទេសហ្សកដានី ពី​ថ្ងៃទី២២​នេះ រហូត​ដល់ថ្ងៃទី ២៧ ខែឧសភា។


សម្រាប់ការ​ប្រកួត ISKA kickboxing Thailand Open 2025 ដែល​ធ្វើ​នៅ​ប្រទេស​ថៃ ពី​ថ្ងៃទី​១៨ ដល់​ទី​២២ ខែឧសភា​នេះ គឺ​កីឡាករ កីឡាការិនី​ឃីកបុងស៊ីងទាំង​៥នាក់​របស់​​ក្លិប Cambodian Top Team បាន​ឈ្នះ​មេដាយរៀងៗ​ខ្លួនជូនកម្ពុជា គឺ​មេដាយមាស​២ និងមេដាយ​ប្រាក់​៣។​

នៅក្នុងចំណោមមេដាយ​ទាំង​៥​នេះ កីឡាករ ផេង សុបញ្ញា ដែល​គេ​ស្គាល់​ថាជាជើង​ខ្លាំង​វ័ក្មេង គោរមៈ ច័ន្ទរាជ្យ បាន​ឈ្នះ​មេដាយមាស លើវិញ្ញាសា K1 18 + Men ទម្ងន់ ៦០ គីឡូក្រាម ហើយ​​កីឡាករ ជៀ ពៅ ហៅ គុជសារ ច័ន្ទរាជ្យ បាន​ឈ្នះ​មេដាយមាស​ លើវិញ្ញាសា K1 18 + Men ទម្ងន់ ៧០ គីឡូក្រាម។


ចំណែក​កីឡាករ ស៊ា វិច្ឆិកា ឬ អធិជ័យ ច័ន្ទរាជ្យ បាន​ឈ្នះ​មេដាយ​ប្រាក់ លើវិញ្ញាសា Full Contact ទម្ងន់ ៦០ គីឡូក្រាម ហើយ​កីឡាករ ឃួន ចាន់ពិសិដ្ឋ បាន​ឈ្នះ​មេដាយ​ប្រាក់ លើវិញ្ញាសា K1 18 - Men ទម្ងន់ ៥៥ គីឡូក្រាម និង​កីឡាការិនី គន្ធ វណ្ណនីតា បាន​ឈ្នះ​មេដាយប្រាក់ លើវិញ្ញាសា K1 18 + Women ទម្ងន់ ៧០ គីឡូក្រាម។


លោក ហ៊ុន ច័ន្ធរាជ្យ ​ប្រធាន​ក្លិប Cambodian Top Team និងជាអ្នកដឹកនាំ​ក្រុម​អត្តពលិក​ បាន​ចាត់ទុក​ការ​ដណ្តើម​បាន​មេដាយ​មាស​២ និង​ប្រាក់​៣ ពីការ​ប្រកួត ISKA kickboxing Thailand Open 2025 នេះ ថាជាសមិទ្ធផលដ៏​​ជោគ​ជ័យ ហើយ​គ្រប់​គ្នា​បានបង្ហាញ​ពី​មោទនភាព និង​ភាព​រីករាយ ដែល​គ្រប់ការ​ឈ្នះមេដាយ​របស់ពួកគេ សុទ្ធតែ​ទទួលបាន​សារ​អបអរ​​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នោះ។


ជាមួយគ្នានេះ ក្លិប Cambodian Top Team (CTT) បាន​បង្ហោះ​សារ​​សម្តែងការ​អរគុណ​ដល់​​អត្តពលិក​ទាំង​៥នាក់ ដែលខំប្រឹង​​​ដណ្តើម​បាន​មេដាយមាស​២ និង​ប្រាក់​៣ ពីការ​ប្រកួត​នៅប្រទេស​ថៃ​នេះ ដោយសរសេរ​ថា៖ «សូមអរគុណចំពោះការខិតខំប្រឹងប្រែង​របស់​អ្នក​ទាំង​អស់គ្នា សម្រាប់​ជាតិ សម្រាប់អ្នកគាំទ្រ និងក្លិប CTT។ សូមបន្តការហ្វឹកហាត់ និងប្រឹងប្រែងបន្តទៀត»។

ប្រតិភូ​កីឡាជឺជីតស៊ូ​កម្ពុជា ពេល​ថតជុំ​គ្នា នៅ​ព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ កាលពីថ្ងៃទី​២០​ ខែឧសភា ហើយ​ពួកគេ ចាប់​ផ្តើម​ប្រកួត ​Asian Ju-Jitsu Championship នៅប្រទេសហ្សកដានី ថ្ងៃព្រហស្បតិ៍​នេះ។ រូប សហព័ន្ធ/NOCC

ដោយ​ឡែក​ក្រុមជម្រើសជាតិកីឡាជឺជីតស៊ូកម្ពុជា ចំនួន​៦​នាក់ ដែលបានចាក​ចេញពីមាតុប្រទេស កាលពី​ថ្ងៃទី​២០ ខែឧសភា​នោះ នឹង​ចាប់​ប្រកួត​ប្រជែង ក្នុងព្រឹត្តិការណ៍​កីឡា​ជឺជីតស៊ូ​ជើងឯកទ្វីបអាស៊ី លើកទី៩ ឆ្នាំ​២០២៥ នៅប្រទេស​ហ្សកដានី នា​​ថ្ងៃព្រហស្បតិ៍នេះ ហើយ​គ្រោង​បញ្ចប់​នៅថ្ងៃទី​២៧ ខែឧសភា។

ជាមួយគ្នា​នេះ លោក ថោង ធន ប្រធានស្ដីទីសហព័ន្ធកីឡាជឺជីតតស៊ូកម្ពុជា ​បានអះអាង​ថា កីឡាករ កីឡាករទាំង៦​នាក់ ដែលត្រូវបានបញ្ជូនទៅចូលរួមព្រឹត្តិការណ៍កីឡាជឺជីតស៊ូជើងឯកអាស៊ី សម្រាប់​អាយុ​ក្រោម​២១​ឆ្នាំ (U21) និងពេញវ័យ នៅប្រទេសហ្សកដានី​លើក​នេះ សុទ្ធសឹងតែជាអ្នកមានសមត្ថភាពល្អៗ ​អាចដណ្ដើមបានមេដាយជូនជាតិ។

លោកបាន​ថ្លែង​​​ថា៖ «យើងបញ្ជូនកីឡាករ កីឡាការិនី ដែលអាចមានសមត្ថភាពឈ្នះមេដាយជូនជាតិ ព្រោះ​ពួកគាត់សុទ្ធតែជាម្ចាស់មេដាយមាស និងមេដាយផ្សេងៗទៀត នៅស៊ីហ្គេម​ ឆ្នាំ​២០២៣ ​ហើយ​ក៏​បានបង្ហាញសមិទ្ធផលល្អ ក្នុងការ​ប្រកួតថ្នាក់​តំបន់ នៅកោះបាលី ប្រទេស​ឥណ្ឌូនេស៊ី កាលពីឆ្នាំមុន ក៏ដូចជាម្ចាស់មេដាយថ្នាក់ជាតិឆ្នាំនេះផងដែរ»។

ចំណែក​លោក Jasper Martjin Paas គ្រូបង្វឹកក្រុមជម្រើសជាតិជឺជីតស៊ូកម្ពុជា បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំថា នឹងព្យាយាមត្រួសត្រាយឱ្យកូនក្រុមទទួលបានកម្រិតមេដាយខ្ពស់ជាងមុន បន្ទាប់ពីទទួលបានមេដាយសំរឹទ្ធ៥គ្រឿង សម្រាប់ការ​ប្រកួត នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពី​ឆ្នាំមុន៕