
លោក គុជ គីមឡុង បន្តជាប់ជាប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ក្នុងអាណត្តិទី៣ ឆ្នាំ២០២៥-២០២៩។ រូបថត ឈន ណន
អង្គមហាសន្និបាតរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា កាលពីព្រឹកថ្ងៃសុក្រនេះ បានបោះឆ្នោតដោយការលើកដៃ គាំទ្រឱ្យ លោក គុជ គីមឡុង បន្តធ្វើជាប្រធានសហព័ន្ធ ក្នុងអាណត្តិទី៣ ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីលោកបានដឹកនាំសហព័ន្ធនេះ ឱ្យទទួលបានជោគជ័យ កាលពីអាណត្តិមុន។
នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្តអាណត្តិទី៣ ដែលធ្វើនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃសុក្រនេះ លោក គុជ គីមឡុង ត្រូវបានអង្គមហាសន្និបាតគាំទ្រ១០០ភាគរយឱ្យបន្តធ្វើជាប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ហើយលោកវេជ្ជបណ្ឌិត សុខ សំបូរ និងលោក ឃាង ពីវ ជាអនុប្រធានសហព័ន្ធ។
ចំណែកលោក សេក សុភ័ក្រ្ត បានបន្តធ្វើជាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ហើយលោក ហូយ សូណា និងលោក គាង ម៉េងសៀង ជាអគ្គលេខាធិការរង រីឯលោក សេក សុភ័ណ ជាអគ្គហេរញ្ញិក លោក គ្រួច ចន្ថារិទ្ធ ជាអគ្គហេរញ្ញិករង និងលោក មាន មានិត ជាសមាជិក។
ចំពោះការបន្តធ្វើជាប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ក្នុងអាណត្តិទី៣នេះ លោក គុជ គីមឡុង បានសម្តែងការកោតសរសើរដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងថវិកា ដោយការស្ម័គ្រចិត្ត ក្នុងការអភិរក្ស និងអភិវឌ្ឍកីឡាអុកចត្រង្គ ឱ្យមានការរីកចម្រើនទៅមុខ។
លោក គុជ គីមឡុង បានថ្លែងថា៖ «យើងទាំងអស់គ្នា សុទ្ធតែបានចំណាយកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនផងដែរ។ វាជាការលះបង់មួយ ដែលមិនទទួលបានកម្រៃត្រឡប់មកវិញនោះទេ ប៉ុន្តែពួកយើងសប្បាយចិត្ត នៅពេលឃើញប្រភេទកីឡាអុកចត្រង្គនេះមានការរីកចម្រើន និងកំពុងបន្តដំណើរទៅមុខ»។
នៅក្នុងសមិទ្ធផល ដែលសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា សម្រេចបានក្នុងរយៈពេល២អាណត្តិ ស្មើនឹង៨ឆ្នាំកន្លងមកនេះ លោក គុជ គីមឡុង បានសង្កត់ធ្ងន់ទៅលើសមិទ្ធផលជោគជ័យ ជាប្រវត្តិសាស្រ្ត ដែលក្រុមអុកចត្រង្គកម្ពុជា សម្រេចបាន ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ គឺការដណ្តើមបានមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ១ ក្នុងនាមជាម្ចាស់ផ្ទះ។

លោក គុជ គីមឡុង បានថតជាមួយតំណាងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងគ្រូបង្វឹក និងកីឡាករ កីឡាការិនី នៅក្នុងមហាសន្និបាត កាលពីព្រឹកមិញ។ រូបថត ឈន ណន
តែទោះបីជាយ៉ាងណា លោក គុជ គីមឡុង បានជំរុញ និងលើកទឹកចិត្តដល់ក្រុមជម្រើសជាតិអុកចត្រង្គកម្ពុជា ក៏ដូចជាគ្រូបង្វឹក និងអ្នកពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងបច្ចេកទេសឱ្យបានល្អថែមទៀត ដើម្បីត្រៀមប្រកួតប្រជែងរកមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ចុងឆ្នាំ២០២៥នេះ។
លោកបានបញ្ជាក់ថា៖ «កាលស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា គឺយើងមិនរំពឹងថា អាចដណ្តើមបានមេដាយច្រើននោះទេ ប៉ុន្តែជាក់ស្តែងយើងដណ្តើមបានទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ។ នេះជាជោគជ័យមួយ សម្រាប់ឆ្នាំ២០២៣ អ៊ីចឹងចំពោះស៊ីហ្គេម នៅប្រទេសថៃ ចុងឆ្នាំនេះ យើងត្រូវធ្វើយ៉ាងណា ដើម្បីអាចដណ្តើមបានមេដាយទៀត»។
តាមលោក គុជ គីមឡុង បានឱ្យដឹងថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៥នេះ សហព័ន្ធ កំពុងសម្រួចគុណភាពអត្តពលិក ដើម្បីសម្រិតសម្រាំងយកអ្នកមានសមត្ថភាពល្អ៩នាក់ឱ្យទៅចូលរួម ហើយលោកក៏គ្រោងនឹងស្នើសុំកញ្ចប់ថវិកាប្រចាំឆ្នាំបន្ថែម ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបណ្តុះថ្នាលបន្តវេន ក៏ដូចជាអនុវត្តផែនការបន្ទាប់ នៅក្នុងអាណត្តិទី៣នេះ។
ចំពោះផែនការសំខាន់ៗ ដែលត្រូវអនុវត្តជាបន្តទៀត នៅក្នុងអាណត្តិទី៣នេះ ត្រូវបានលោក សេក សុភ័ក្រ្ត អគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បង្ហាញថា គឺការពង្រឹង និងពង្រីកសមត្ថភាពគ្រូបង្វឹកជម្រើសជាតិ និងកីឡាករជម្រើសជាតិ ក៏ដូចជាសាមីក្លិប តាមរយៈការរៀបចំផែនការហ្វឹកហាត់ទៅតាមវិធីសាស្រ្តផ្សេងៗ ព្រមទាំងត្រៀមលក្ខណៈចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥នេះ នៅថៃ។
លោក សេក សុភ័ក្រ្ត បានបន្ថែមថា ជាមួយគ្នានេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ត្រូវរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក អាជ្ញាកណ្តាល ជារៀងរាល់ឆ្នាំ ព្រមទាំងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិជារៀងរាល់ឆ្នាំ និងរៀបចំការប្រកួតមិត្តភាពលក្ខណៈជាតិ អន្តរជាតិ ផ្សេងៗទៀត ដើម្បីភាពរីកចម្រើនកីឡាអុកចត្រង្គបន្តទៅមុខទៀត៕