
សកម្មភាពប្រកួតប្រដាល់គុនខ្មែរ នៅតាមសង្វៀនឯកជន នាពេលកន្លងមក។ រូបថត BTV
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន បានអះអាងថា ក្រសួងអប់រំ បាននឹងកំពុងចងក្រងបញ្ញត្តិគោលការណ៍ច្បាប់ ដើម្បីគ្រប់គ្រងការប្រកួតកីឡាអាជីព ដែលផ្តោតខ្លាំងទៅលើការប្រកួតប្រដាល់ នៅតាមសង្វៀននានា ដែលកើតមានភាពមិនប្រក្រតីទៅលើការកាត់សេចក្តី និងដាក់ពិន្ទុ មិនចេះចប់។
ជាក់ស្តែង កាលពីសប្តាហ៍មុននេះ អាជ្ញាកណ្តាលចៅក្រមចំនួន៤នាក់ ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រាប់ដាក់ពិន័យ មិនឱ្យដឹកនាំការប្រកួតពី៣ទៅ៤សប្តាហ៍ បន្ទាប់ពីបំពេញការងារមិនបានត្រឹមត្រូវ នាំឱ្យមហាជនផ្ទុះការរិះគន់ខ្លាំង ហើយបញ្ហាទាំងអស់នេះ ត្រូវបាន លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា វាធ្វើឱ្យប៉ះពាល់ដល់ការអភិរក្ស និងអភិវឌ្ឍ «គុនខ្មែរ» ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
នៅត្រង់ចំណុចនេះ លោក វ៉ាត់ ចំរើន បញ្ជាក់ថា សហព័ន្ធកីឡាជាតិ ជាអ្នកគ្រប់គ្រងផ្ទាល់ក្នុងបច្ចេកទេស រៀបចំ ជាលក្ខណៈអាជីព ហើយកីឡាករអាជីព ដែលឡើងប្រកួត គឺមានការឯកភាព និងកុងត្រាជាមួយអ្នកឧបត្ថម្ភ និងម្ចាស់សង្វៀន ដើម្បីស្វែងរកលាភ គឺមិនមែនជាស្មារតីកីឡាដើម្បីសុខភាព សាមគ្គីភាព និងមិត្តភាពនោះទេ គឺកីឡាដើម្បីលុយ។
ប៉ុន្តែពេលនេះ ក្រសួង កំពុងបង្កើតច្បាប់ ដើម្បីគ្រប់គ្រងលើការប្រកួតអាជីពនេះ ដើម្បីរក្សាតម្លៃ «គុនខ្មែរ» កុំឱ្យធ្លាក់ប្រជាប្រិយភាព ឬប៉ះពាល់អ្វីធ្ងន់ជាងនេះក៏ព្រោះតែភាពមិនប្រក្រតី ដែលកើតមានឡើង ដោយសារការកាត់សេចក្តី និងការដាក់ពិន្ទុ មិនមានតម្លាភាពទាំងអស់នេះ។
លោកបានបញ្ជាក់ថា៖ «នៅក្នុងទំនាស់ និងវិបត្តិទាំងឡាយ ដែលពាក់ទៅនឹងរឿងនេះ គឺក្រសួងអប់រំ កំពុងតែធ្វើបញ្ញត្តិគោលការណ៍ ច្បាប់មួយ ដើម្បីគ្រប់គ្រងកីឡាអាជីពនេះ ដើម្បីតម្រង់ទិសកីឡាអាជីពហ្នឹងឱ្យគាត់ធ្វើការងារ កាន់តែមានប្រសិទ្ធភាព។ សព្វថ្ងៃនេះ យើងកំពុងតែរៀបចំ ហើយនឹងចេញនៅពេលឆាប់ៗនេះ»។
លោកបានបន្ថែមថា៖ «ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអបរ់ យុវជន និងកីឡា (ហង់ជួន ណារ៉ុន) គឺយើងនឹងត្រៀមដាក់ចេញនូវច្បាប់ស្តីពីការគ្រប់គ្រងកីឡាអាជីពនេះ អ៊ីចឹងរាល់ទំនាស់ទាំងឡាយ ការឈ្នះចាញ់ទាំងឡាយ ដែលពាក់ព័ន្ធទៅនឹងការប្រកួត ដើម្បីលាភសក្ការៈនេះ គឺត្រូវតែមានលក្ខណៈយុត្តិធម៌ ត្រឹមត្រូវ ដូចកីឡាធម្មតាអ៊ីចឹង នៅពេលដែលច្បាប់ទម្លាប់ចេញ មិនអាចរំលោភបានទេ»។

លោក វ៉ាត់ ចំរើន ពេលផ្តល់បទសម្ភាសឱ្យភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២០ ខែឧសភា។ រូបថត ឈន ណន
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានទទួលស្គាល់ថា ភាពមិនប្រក្រតី ដែលកើតមាន នៅក្នុងការប្រកួតប្រដាល់អាជីព វាមិនជះឥទ្ធិពលផ្ទាល់ទៅលើការគ្រប់គ្រងកីឡាផ្លូវការទេ ប៉ុន្តែ លោកសង្កត់ធ្ងន់ថា វាជះឥទ្ធិពលទៅដល់មហាជន ធ្វើឱ្យមហាជនបាត់ការគាំទ្រ ហើយកាលណានៅបន្តធ្វើបែបហ្នឹងបន្តទៅទៀត នឹងមាន «ចលនានៃការប្រឆាំង និងគាំទ្រទៅដល់គុនខ្មែររបស់យើង»។
លោកបន្ថែមថា៖ «យើងគិតថា នេះជាអ្វីមួយដែលយើងត្រូវធ្វើការងារសម្របសម្រួលគ្នា ក្នុងការកែសម្រួល គឺអ្វីដែលសំខាន់ ធ្វើហើយមានកំហុស ត្រូវពិនិត្យ និងមានការកែសម្រួល រកដំណោះស្រាយ ដើម្បីបញ្ចៀសនូវបញ្ហាទាំងអស់ហ្នឹងនៅថ្ងៃក្រោយ។ អ៊ីចឹងការឈ្នះចាញ់របស់កីឡាករអាជីព គឺត្រូវតែច្បាស់លាស់ នៅក្នុងការដាក់ពិន្ទុ ហេតុនេះអាជ្ញាកណ្តាល ចៅក្រមទាំងអស់ ត្រូវមានវិជ្ជាជីវៈ ជំនាញ លើសពីអាជ្ញាកណ្តាលចៅក្រមធម្មតា ទើបគាត់អាចធ្វើបាន»។
នៅក្នុងចំណុចនេះ លោក វ៉ាត់ ចំរើន ស្នើឱ្យមានការប្រឡងឱ្យបានច្បាស់ទៅលើអាជ្ញាកណ្តាលចៅក្រម ព្រោះបើមានការប្រឡង ពួកគាត់នឹងទទួលបាននូវគុណភាពក្នុងការផ្តល់ពិន្ទុនៃការប្រកួតមួយៗបានត្រឹមត្រូវ។ ផ្ទុយទៅវិញ «បើអាជ្ញាកណ្តាលចៅក្រមចេះតែចាប់ដាក់ ចេះតែយកបក្ខពួក និងក្រុមរបស់ខ្លួនឯង យកមកធ្វើការ គឺជាកំហុសធ្វើឱ្យមានភាពមិនប្រក្រតី ក្នុងការកាត់សេចក្តីហើយ»។
លោកបញ្ជាក់ថា៖ «គ្រប់កីឡាទាំងអស់ ត្រូវតែវិនិច្ឆ័យ គុណវុឍ និងដាក់ស្តង់ដាមួយឱ្យទៅអាជ្ញាកណ្តាលចៅក្រម។ អាជ្ញាកណ្តាលចៅក្រមណា ធ្វើទៅមានកំហុស បង្កើតឱ្យមានបញ្ហាកើតឡើង ត្រូវទម្លាក់ស័ក្តិគាត់ តែអាជ្ញាកណ្តាលចៅក្រមណា វិនិច្ឆ័យកាន់តែល្អឡើង កាន់តែមានការគាំទ្រពីមហាជន លើភាពត្រឹមត្រូវ អាហ្នឹងគាត់កាន់តែឡើងកម្រិត ហើយឡើងកម្រិត មានន័យថា ឡើងការឧបត្ថម្ភ និងឡើងការគាំទ្រដល់គាត់ហើយ»។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក លោក វ៉ាត់ ចំរើន បន្ថែមថា៖ «អ៊ីចឹងក្នុងចំណុចនេះ សូមឱ្យមហាជនលោកយល់ឱ្យច្បាស់ថា នេះជាការប្រកួតមួយ ដែលជាកិច្ចសន្យារវាងកីឡាករខ្លួនឯងជាមួយនឹងដៃគូឧបត្ថម្ភ ចុះហត្ថលេខាលក់ខ្លួនឯងទៅឱ្យការប្រកួតហ្នឹង ដើម្បីជាថ្នូរនឹងការទទួលប្រាក់ត្រឡប់មកវិញ តែនេះមិនមែនជាស្មារតីកីឡាទេ ព្រោះកីឡាអូឡាំពិក ឬកីឡាផ្លូវការ គឺទទួលបានតែកិត្តិយសទេ មិនមានដាក់លុយ ឬលាភសក្ការទៅក្នុងនោះទេ»៕