
ក្រុមភ្នំពេញក្រោន បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៥ ក្រោយយកឈ្នះក្រុមស្វាយរៀង ២-១ នៅវគ្គផ្តាច់ព្រ័ត្រ។ រូបថត Hun Sen Cup
ការរកបានម្នាក់១គ្រាប់របស់កីឡាករ ឡុង ភារ៉ាត និង Nieto Rondon បានជួយឱ្យក្រុមភ្នំពេញក្រោន យកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ២-១ យ៉ាងរំភើបបំផុត ដើម្បីលើកពានរង្វាន់សម្តេច ហ៊ុន សែន ជាថ្មី ក្នុងរដូវកាលឆ្នាំ២០២៥នេះ បន្ទាប់ពីពួកគេខកខានឈ្នះពាននេះអស់រយៈពេល១៦ឆ្នាំ គឺតាំងពីឆ្នាំ២០០៩មក។
សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមភ្នំពេញក្រោន ដណ្តើមបានជ័យជម្នះលើក្រុមព្រះខ័នរាជស្វាយរៀងទាំងលំបាក ព្រោះការប្រកួតនេះ មានភាពតានតឹង ជាមួយការវាយបកគ្នាទៅវិញទៅមក ដើម្បីរកគ្រាប់បាល់។
យ៉ាងណាក៏ដោយការទាត់បាល់បញ្ចូលទីពីចម្ងាយរបស់កីឡាករ ឡុង ភារ៉ាត នៅនាទីទី២៤ បានជួយឱ្យក្រុមភ្នំពេញក្រោន នាំមុខលើក្រុមស្វាយរៀង ១-០ យ៉ាងរំភើប ប៉ុន្តែគ្រប់យ៉ាងបានរលាយបាត់ទៅវិញ នៅពេលខ្សែប្រយុទ្ធ ញាញ សុស៊ីដាន រកបានគ្រាប់បាល់តាមស្មើវិញឱ្យក្រុមស្វាយរៀង នៅនាទីទី៦២។
តែទោះបីជាយ៉ាងណា ការស៊ុតបាល់បញ្ចូលទីរបស់កីឡាករកូឡុំប៊ី Nieto Rondon នៅនាទីទី៧៨ បានក្លាយជាគ្រាប់បាល់ដ៏សំខាន់បំផុត ជួយឱ្យក្រុមភ្នំពេញក្រោន យកឈ្នះក្រុមស្វាយរៀង ២-១ ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៥នេះ ជំនួសការខកខានឈ្នះពាននេះចំនួន១៦ឆ្នាំកន្លងមក បន្ទាប់ពីពួកគេ បានឈ្នះពាននេះ ២រដូវកាលជាប់ៗគ្នា កាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩។
ក្រុមភ្នំពេញក្រោន បានបង្ហាញភាពរីករាយខ្លាំង ចំពោះការឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកទី៣នេះ ហើយពួកគេ បាននាំគ្នាស្រែកអបអរពេញពហុកីឡដ្ឋានជាតិមរតតេជោ និងបានឧទ្ទេសជ័យជម្នះដ៏សំខាន់នេះទៅឱ្យដួងវិញ្ញាណក្ខន្ធប្រធានក្លិបភ្នំពេញក្រោន លោក ឬទ្ធី សំណាង ដែលបានទទួលមរណភាព ដោយរោគាពាធ ត្រឹមអាយុ៤១ឆ្នាំ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

ការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមភ្នំពេញក្រោន (ក្រហម) ជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃអាទិត្យ។ រូបថត Hun Sen Cup
សម្រាប់ការប្រកួត កាលពីយប់ថ្ងៃអាទិត្យនោះដែរ ក្រុមបឹងកេត បានយកឈ្នះក្រុមវិសាខា ៣-០ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ ធ្វើឱ្យក្រុមវិសាខា បានត្រឹមឈ្នះពានជាក្រុម Fair Play ជំនួសការឈ្នះពានសម្តេច ហ៊ុន សែន នេះ ៣រដូវកាលជាប់ៗគ្នា កាលពីឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២។
ចំណែកគ្រូបង្គោកក្រុមភ្នំពេញក្រោន លោក Oleg Starynskyi ទទួលបានពានជាគ្រូបង្វឹកល្អជាងគេ ប្រចាំរដូវកាលនេះ ហើយអ្នកចាំទី អ៊ុំ វិចិត្រ ដែលបានជួយសង្រ្គោះបាល់ជាច្រើនគ្រាប់ ជួយឱ្យភ្នំពេញក្រោន ទទួលបានជ័យជម្នះនោះ ទទួលបានពានជាអ្នកចាំទីល្អជាងគេ រីឯខ្សែប្រយុទ្ធរបស់ក្រុមបឹងកេត ម៉ាត់ ណូរុន បានឈ្នះពានជាកីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍នេះ ហើយមិត្តរួមក្រុមរបស់គេ សៀង ចន្ធា ទទួលបានស្បែកជើងមាស ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ។
យ៉ាងណាក៏ដោយ លោក Oleg Starynskyi បានកោតសរសើរទៅដល់គុណភាពដឹកនាំក្រុមរបស់គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz ដែលបានរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា។ ប៉ុន្តែគួរឱ្យសោកស្តាយ ដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានសម្រេចចែកផ្លូវជាមួយក្រុមស្វាយរៀង គឺបន្ទាប់ពីការប្រកួតនេះ លោក Pep នឹងត្រូវចាកចេញហើយ។
លោក Oleg បាននិយាយក្រោយការប្រកួតថា៖ «លោក Pep គឺជាគ្រូបង្វឹក ដែលចូលមកជួយឱ្យបាល់ទាត់កម្ពុជាកាន់តែមានភាពរីកចម្រើន។ យើងត្រូវការគ្រូ ដែលមានបទពិសោធន៍ល្អបែបនេះ ដើម្បីឱ្យបាល់ទាត់កម្ពុជាកាន់តែមានការប្រកួតប្រជែង។ ខ្ញុំសូមជូនពរលោក Pep ឱ្យជួបតែសំណាងល្អ ជាពិសេសជាមួយក្លិបថ្មី គឺគាត់ជាគ្រូដ៏ល្អ»៕