
ក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញពាន និងមេដាយមាស ដែលពួកគេដណ្តើមបាន ក្នុងការប្រកួតលីគកំពូលកម្ពុជា នៅក្នុងពិធី CPL Honors កាលពីយប់មិញ។ រូបថត ស្វាយរៀង
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) លោក សៅ សុខា បានអះអាងថា វិស័យកីឡាបាល់ទាត់នៅកម្ពុជា ជាពិសេសលីគកម្ពុជា គឺមានការរីកចម្រើន ដែលនឹងក្លាយជាមូលដ្ឋានប្រកបដោយសក្តានុពល ក្នុងការអភិវឌ្ឍកីឡាជម្រើសជាតិគ្រប់កម្រិត ក្នុងការចូលរួមបង្ហាញសមត្ថភាព នៅក្នុងព្រឹត្តិការណ៍អន្តរជាតិ។
លោកបានបន្ថែមថា ការរីកចម្រើនប្រកខ័ណ្ឌលីគនេះ គឺបន្ទាប់ពីក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដែលបានបង្កើតឡើង ក្នុងឆ្នាំ២០២១ គឺបានធ្វើកំណែទម្រង់យុទ្ធសាស្រ្ត នៃប្រតិបត្តិការរបស់លីគ ឱ្យកាន់តែល្អប្រសើរ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយបានពង្រឹងប្រព័ន្ធការងារគ្រប់គ្រងផ្នែករដ្ឋបាល បច្ចេកទេស ពង្រឹងប្រព័ន្ធប្រកួត បង្កើនចំនួនការប្រកួតឱ្យកាន់តែមានការប្រជែងខ្ពស់ឱ្យស្របទៅតាមស្តង់ដា FFC និង AFC ក៏ដូចជាជំរុញបង្កើនប្រសិទ្ធភាពការអនុវត្តការងារឆ្ពោះទៅភាពជោគជ័យ និងនិរន្តរភាព។
លោក សៅ សុខា បានថ្លែងថា៖ «គោលបំណងបង្កើតឱ្យមានក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ គឺដើម្បីឱ្យវិស័យបាល់ទាត់នៅក្នុងលីគកម្ពុជា មានលក្ខណៈជាអាជីព មានការប្រកួតប្រជែងជាមួយបណ្តាប្រទេស ដែលមានវិស័យបាល់ទាត់រីកចម្រើនដទៃផ្សេងទៀត»។
ប្រធាន FFC ដដែលនេះ បានបន្ថែមថា៖ «យើងមានជំនឿជឿជាក់ថា ការរីកចម្រើននៃក្របខ័ណ្ឌលីគនេះ នឹងក្លាយជាមូលដ្ឋានប្រកបដោយសក្តានុពលភាព ក្នុងការអភិវឌ្ឍកីឡាជម្រើសជាតិគ្រប់កម្រិត ដើម្បីចូលរួមបង្ហាញសមត្ថភាព ក្នុងព្រឹត្តិការណ៍អន្តរជាតិ ដែលអាចទទួលបានលទ្ធផល និងប្រសិទ្ធភាព»។
លោក សៅ សុខា បានលើកឡើងបែបនេះ នៅក្នុងពិធីប្រគល់ពានរង្វាន់ការប្រកួតខេមបូឌានព្រីមៀរលីគ (CPL) កាលពីយប់ថ្ងៃចន្ទ ដោយការប្រកួតលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២០២៥នេះ ក្រុមស្វាយរៀង បានបន្តឈ្នះតំណែងជើងឯក រីឯជើងឯករង បានទៅក្រុមភ្នំពេញក្រោន ចំណែកក្រុមវិសាខា បានលេខ៣ ហើយក្រុមបឹងកេត ដែលបានលេខ៤ គឺបានទទួលពានជាក្រុម Fair play។

លោក សៅ សុខា ប្រគល់ពានទៅឱ្យកីឡាករ១១នាក់ល្អជាងគេ នៅក្នុងពិធី CPL Honors កាលពីយប់ថ្ងៃចន្ទ។ រូបថត ស្វាយរៀង
នៅក្នុងពិធីប្រគល់ពានរង្វាន់ការប្រកួតខេមបូឌានព្រីមៀរលីគ (CPL Honors) កាលពីយប់មិញនោះ ក៏មានការប្រគល់ពានរង្វាន់ជាឯកត្តជនទៅដល់កីឡាករល្អ គ្រូបង្វឹកល្អ ក្រុមអាជ្ញាកណ្តាលល្អ រួមទាំងពានទីលានប្រកួតល្អជាងគេ ពានកីឡដ្ឋានឬពហុកីឡដ្ឋានមានអ្នកទស្សនាច្រើនជាងគេ, មានទស្សនិកជនពេញចិត្តជាងគេ និងធ្វើម្ចាស់ផ្ទះល្អជាងគេ ហើយក៏មានពានកីឡាករ១១នាក់ល្អជាងគេផងដែរ។
យ៉ាងណាក៏ដោយ នៅក្នុងពិធីដ៏រីករាយនោះ លោក សៅ សុខា បានចាប់អារម្មណ៍ និងផ្តោតទៅលើក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង ដែលទទួលបានតំណែងជើងឯករង ពីការប្រកួតពានរង្វាន់ AFC Challenge League នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១០ ខែឧសភា បន្ទាប់ពីពួកគេចាញ់ FK Arkadag របស់តួកមេគីស្ថាន ២-១ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក សៅ សុខា បញ្ជាក់ថា៖ «វិស័យបាល់ទាត់កម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងថ្មីៗនេះ ក្លិបព្រះខ័នរាជស្វាយរៀង បង្កើតបានប្រវត្តិសាស្រ្តថ្មីមួយ សម្រាប់បាល់ទាត់កម្ពុជា នៅលើឆាកអន្តរជាតិ ដោយទើបទទួលបានជើងឯករងពានរង្វាន់លំដាប់ទី៣ទ្វីបអាស៊ី កាលពីថ្ងៃទី១០ ខែឧសភា»។
«នេះបញ្ជាក់ឱ្យឃើញពីភាពរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែង និងភាពខ្លាំងនៃការប្រកួតប្រជែងលក្ខណៈលីគអាជីព នៅក្នុងប្រទេសកម្ពុជា ថែមមួយកម្រិតទៀតផង»។ លោក សៅ សុខា បានបញ្ជាក់បន្ថែម។
ចំណែកលោក Koo Ja Hyeon (Peter Koo) នាយកគ្រប់គ្រងក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ក៏បានអះអាងថា លីគកម្ពុជា នៅរដូវកាលនេះ ទទួលបានជោគជ័យដែរ។ លោកបញ្ជាក់ថា៖ «ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា ដែលបានចូលរួមនៅក្នុងពិធី CPL Honors ឆ្នាំ២០២៤-២០២៥ គឺឆ្នាំនេះយើងទទួលបានជោគជ័យ ដោយយើងធ្វើបានល្អ ហើយខ្លាំង។ ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយ យើងនឹងទទួលបានជោគជ័យ ហើយល្អជាងហ្នឹងទៀត»៕