
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុមវិសាខា (ខៀវ) និងក្រុម Nakhon Ratchasima របស់ថៃ កាលពីថ្ងៃសៅរ៍។ រូបថត សហព័ន្ធ
ក្រុមបាល់ទះវិសាខារបស់កម្ពុជា បានបរាជ័យទាំងស្រុង ក្នុងការការពារតំណែងជើងឯក នៃការប្រកួតបាល់ទះពានរង្វាន់ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅតៃវ៉ាន់ ដោយពួកគេ បានត្រឹមចំណាត់ថ្នាក់លេខ៤ ខណៈក្រុមលេខ១របស់ថៃ Nakhon Ratchasima បានក្លាយជាម្ចាស់ជើងឯកយ៉ាងរំភើបបំផុត។
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាប្រធានប្រតិភូដឹកនាំក្រុមវិសាខា ចេញទៅប្រកួតនៅតៃវ៉ាន់ លើកនេះ បានមើលឃើញថា ក្រុមវិសាខា ខ្វះទំនុកចិត្ត សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដែលនាំឱ្យពួកគេ ចាញ់ក្រុម Nakhon Ratchasima នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបាត់បង់ឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីការពារតំណែងជើងឯក។
លោក អាំង សិរីពិដ្ឋ បាននិយាយនៅក្នុងបន្ទប់សម្រាក ជាមួយកីឡាករ និងគ្រូបង្វឹក កាលពីថ្ងៃអាទិត្យថា៖ «យើងចាញ់ (ក្រុម Nakhon Ratchasima) ពីម្សិលមិញ ដោយសារខ្វះទំនុកចិត្ត គ្មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ហើយនេះជាចំណុចសំខាន់នៃកីឡា។ ការចាញ់អត់មានអ្វីគួរឱ្យខ្លាចទេ តែអ្វីដែលគួរឱ្យខ្លាចបំផុតនោះ គឺមិនព្រមទទួលយកកំហុស»។
លោកបន្ថែមថា៖ «ត្រូវចាំថា យើងមកទីនេះ ដើម្បីជ័យជម្នះ មិនមែនមកដកបទពិសោធន៍នោះទេ។ បរាជ័យពីម្សិលមិញ កីឡាករខ្លះ ឈឺចាប់ គ្រូក៏ឈឺចាប់ ប្រជាពលរដ្ឋខ្មែរ១៧លាននាក់ឈឺចាប់ ហើយខ្ញុំឈឺចាប់ជាងអ្នកទាំងអស់គ្នា រាប់សិបដង»។
នៅក្នុងការប្រកួតពានរង្វាន់ WSVI Tournament 2025 ដែលធ្វើនៅតៃវ៉ាន់ តាំងពីថ្ងៃទី៣០ ខែមេសា មកនោះ ក្រុមវិសាខា ធ្វើបានល្អ នៅក្នុងការប្រកួតជម្រុះតាមពូល ដោយពួកគេបានយកឈ្នះក្រុម MBSA Pelican របស់ម៉ាឡេស៊ី ៣សិតទល់សូន្យ (៣-០) មុនពេលចាញ់ក្រុម Chinese Taipei 2 ក្នុងលទ្ធផល ៣-២ ហើយចុងក្រោយ វិសាខា បានឈ្នះក្រុម Cheonan Hyundai Capital SKY Walkers របស់កូរ៉េខាត្បូង ៣-១ កាលពីថ្ងៃសុក្រ។
លទ្ធផលនេះ បានជួយឱ្យក្រុមវិសាខា ទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំពូលA មាន៧ពិន្ទុ ខណៈក្រុម Chinese Taipei 2 ធ្លាក់ទៅឈរលេខ២វិញ ដោយសារពួកគេ បានភ្លាត់ទៅចាញ់ក្រុម MBSA Pelican និងមាន៥ពិន្ទុដដែលនោះ។

ការប្រកួតដណ្តើមយកលេខ៣ និងលេខ៤ រវាងក្រុមវិសាខា និងក្រុម Korea Armed Forces របស់កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ។ រូបថត សហព័ន្ធ
ប៉ុន្តែសម្រាប់ការដឹកដៃគ្នា ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើនៅថ្ងៃសៅរ៍ ទី ៣ ឧសភា គឺក្រុម Chinese Taipei 2 បែរជាអាចយកឈ្នះក្រុមលេខ១មកពីពូលB Korea Armed Forces របស់កូរ៉េខាងត្បូង ៣-១ យ៉ាងរំភើបបំផុត ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ផ្ទុយពីនេះ ក្រុមវិសាខា ធ្វើបានល្អត្រឹមសិតទី១ទេ ដើម្បីយកឈ្នះក្រុម Nakhon Ratchasima ជាមួយគ្រាប់បាល់ ២៩-២៧ ប៉ុន្តែការប្រកួត៣សិតបន្ទាប់ ពួកគេធ្វើមិនសូវបានល្អទេ ដោយវាយប្រយុទ្ធជាប់រនាំងជាច្រើនគ្រប់ ហើយក៏មិនអាចបិទការវាយប្រយុទ្ធរបស់គូប្រកួតបានល្អនោះដែរ ជាហេតុនាំឱ្យ វិសាខា បានចាញ់ក្រុមថៃ ៣សិតវិញ ជាមួយគ្រាប់បាល់ ២៥-១៩ ២៥-២១ និង ២៥-១៧ គួរសោកស្តាយបំផុត។
ការចាញ់ក្រុម Nakhon Ratchasima ដោយលទ្ធផល ៣-១ នេះបានធ្វើឱ្យក្រុមវិសាខា បាត់បង់ឱកាស ឡើងទៅការពារតំណែងជើងឯក ដោយត្រូវធ្លាក់មកប្រកួតដណ្តើមយកលេខ៣ និងលេខ៤ ជាមួយក្រុម Korea Armed Forces កាលពីថ្ងៃអាទិត្យ ហើយពួកគេ បានចាញ់ក្រុមរបស់កូរ៉េខាងត្បូងមួយនេះ ៣-០ ជាមួយគ្រាប់បាល់ ៣០-២៨ ២៥-១៨ និង ២៥-២១ គឺបានត្រឹមលេខ៤ ទោះឆ្នាំនេះ វិសាខា បានចំណាយថវិកាច្រើន ក្នុងការនាំយកកីឡាករបារាំង៣នាក់ និងអាល្លឺម៉ង់១នាក់ មកជួយការពារជើងឯកក៏ដោយ។
ចំណែកការប្រកួតផ្តាច់ព្រ័ត្រវិញ ក្រុមលេខ១របស់ថៃ Nakhon Ratchasima បានយកឈ្នះក្រុម Chinese Taipei 2 ដោយលទ្ធផល ៣-០ ជាមួយគ្រាប់បាល់ ២៥-២១ ២៥-១៦ និង ២៥-១៩ ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់ WSVI Tournament 2025 យ៉ាងរំភើបបំផុត ហើយកីឡាកររបស់ថៃ ក៏បានឈ្នះពានរង្វាន់ឯកត្តជនចំនួន៥ទៀតផងដែរ ខណៈពានឯកត្តជនចំនួន៣ទៀត បានទៅលើកីឡាកររបស់ក្រុម Korea Armed Forces៕