
ការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀង (អាវស) និងក្រុមវិសាខា កាលពីយប់ថ្ងៃសៅរ៍ ដោយវិសាខា បានយកឈ្នះ ២-០។ រូបថត ស្វាយរៀង
គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានដាក់ក្តីសង្ឃឹម ក៏ដូចជាកំណត់យកការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ជាមួយក្រុម FC Arkadag របស់ប្រទេសតួកមេនីស្ថាន នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ខាងមុខនេះ ជាថ្ងៃជប់លៀង សម្រាប់វិស័យកីឡាបាល់ទាត់នៅកម្ពុជា។
លោក Pep Munoz បានលើកឡើងបែបនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ចាញ់ក្រុមវិសាខា ២-០ កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្តែការប្រកួតនេះ លោក Pep មិនបានដាក់កីឡាករសំខាន់ៗ ឱ្យចូលលេង ក្នុងជម្រើស១១នាក់ដំបូងនោះទេ ដោយលោកទុកឱ្យពួកគេសម្រាកយកកម្លាំង ដើម្បីត្រៀមការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ខាងមុខនេះ។
ការធ្វើបែបនេះ ដោយសារតែក្រុមស្វាយរៀង បានឈ្នះពានលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២០២៥ ដោយស្វ័យប្រវត្តិ កាលពីថ្ងៃទី៣០ ខែមេសារួចទៅហើយ ហេតុនេះក្រុមស្វាយរៀង ត្រូវតែរក្សាទុកកីឡាករសំខាន់ៗ ដើម្បីត្រៀមប្រកួតជាមួយក្រុម FC Arkadag នៅថ្ងៃទី១០ ខែឧសភា ដោយលោក Pep Munoz សង្ឃឹមយកពេលវេលានោះ ជាថ្ងៃជប់លៀងធំ សម្រាប់បាល់ទាត់កម្ពុជា។

លោក Pep Munoz ពេលដឹកនាំក្រុមស្វាយរៀង ប្រកួតជាមួយក្រុមវិសាខា កាលពីយប់ថ្ងៃសៅរ៍ ដោយជំនួបនេះ លោកបានទុកកីឡាករសំខាន់ៗឱ្យសម្រាក សើម្បីត្រៀមការប្រកួតផ្តាច់ព្រ័ត្រពាន AFC Challenge League ជាមួយក្រុម FC Arkadag នៅថ្ងៃទី១០ ខែឧសភា។ រូប ស្វាយរៀង
លោក Pep បាននិយាយថា៖ «សម្រាប់អ្នកគាំទ្រ យើងអរគុណដល់ពួកគាត់មែនទែន ដែលពួកគាត់ ទើបតែមកគាំទ្រដល់ពួកយើង សម្រាប់ការឈ្នះពានលីគកំពូលកម្ពុជា (មុនពេលកំណត់) កាលពីថ្ងៃទី៣០ ខែមេសា ហើយសង្ឃឹមថា យើងនឹងជួបទាំងអស់គ្នាម្តងទៀត សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ខាងមុខនេះ»។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep បញ្ជាក់ពីការជួបក្រុម FC Arkadag នៅថ្ងៃទី១០ ខែឧសភានេះថា៖ «ក្រុមរបស់យើង នឹងត្រូវសម្រាក់២ថ្ងៃ ហើយយើងនឹងចាប់ផ្តើមហ្វឹកហាត់វិញ នៅថ្ងៃអង្គារ អ៊ីចឹងសង្ឃឹមថា ថ្ងៃសៅរ៍ខាងមុខនេះ ជាថ្ងៃជប់លៀងបាល់ទាត់មួយ សម្រាប់ប្រជាជនកម្ពុជា»។
ជាមួយការបង្ហាញក្តីសង្ឃឹមនេះ លោក Pep Munoz ហាក់មានការជឿជាក់ខ្លាំង ទៅលើស្មារតី និងឆន្ទៈប្រយុទ្ធរបស់កូនក្រុមលោកថា នឹងអាចរួមគ្នាយកឈ្នះលើក្រុម FC Arkadag នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដើម្បីបង្កើតប្រវត្តិសាស្រ្ត ឈ្នះពាន AFC Challenge League ជាលើកដំបូង ចំណែកអ្នកគាំទ្រ បាននឹងកំពុងនាំគ្នាសម្រុកទៅទិញសំបុត្រ ដើម្បីទៅលើកទឹកចិត្តដល់ក្រុមស្វាយរៀង ក្នុងដំណើរឆ្ពោះទៅឈ្នះតំណែងជើងឯកនេះដូចគ្នា។
ងាយមកចាប់អារម្មណ៍ ការដណ្តើមបានជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះវិសាខា លើក្រុមស្វាយរៀង កាលពីយប់ថ្ងៃសៅរ៍កន្លងមកនេះ គឺបានកើតឡើង តាមរយៈការរកបានម្នាក់១គ្រាប់របស់ខ្សែការពារ ស៊ិន សុផាណាត់ នៅនាទីទី៤៣ និងខ្សែប្រយុទ្ធប្រេស៊ីល De Anorade Souza Ramon នៅនាទីទី ៤៥+២។
ការដណ្តើមបាន៣ពិន្ទុនេះ បានជួយឱ្យក្រុមវិសាខា បន្តឈរនៅលេខ៣ មាន៦២ពិន្ទុ ចាញ់ក្រុមភ្នំពេញក្រោន ចំនួន៤ពិន្ទុដដែល ព្រោះកាលពីថ្ងៃអាទិត្យម្សិលមិញ ភ្នំពេញក្រោន បានយកឈ្នះក្រុមណាហ្គាវើលដ៍ ៤-២ ដើម្បីមាន៦៦ពិន្ទុ។ លទ្ធផលនេះ បានបញ្ជាក់ថា ក្រុមភ្នំពេញក្រោន អាចរក្សាតំណែងជើងឯករង ដោយស្វ័យប្រវត្តិហើយ ទោះនៅសល់១ប្រកួតទៀត ជាមួយក្រុមស្វាយរៀង ចំណែកក្រុមវិសាខា ក៏ទទួលបានលេខ៣ ប្រចាំរដូវកាលនេះ ដោយស្វ័យប្រវត្តិផងដែរ ទោះ១ប្រកួតចុងក្រោយ ចាញ់ ឬក៏ឈ្នះ៕

ការប្រកួតរវាងក្រុមភ្នំពេញក្រោន (ក្រហម) ជាមួយក្រុមណាហ្គាវើលដ៍ កាលពីថ្ងៃអាទិត្យ។ រូបថត ភ្នំពេញក្រោន