
ខ្សែប្រយុទ្ធ Coulibaly Abdel Kader ត្រូវបានស្នើដាក់ឱ្យចូលរួមជាមួយក្រុម ASEAN All-Stars ជំនួសកីឡាករ Neito Rondon ដែលជាប់បម្រាមកាតក្រហម។ រូបថត FFC
គ្រូបង្គោលក្រុម ASEAN All-Stars លោក Kim Sang-Sik បានស្នើឱ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ផ្លាស់ប្តូរសមាសភាពកីឡាករ នេតូ រ៉ុនដុន (Neito Rondon) ចេញ ហើយដាក់ជំនួសវិញដោយខ្សែប្រយុទ្ធកូតឌីវ័រមានសញ្ជាតិខ្មែរ ឃូលីបាលី អាបឌែល (Coulibaly Abdel Kader) ដើម្បីចូលរួមជាមួយ ASEAN All Stars ត្រៀមសម្រាប់ការប្រកួតមិត្តភាពសប្បុរសធ៌មអន្តរជាតិ ជាមួយក្លិប Manchester United នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
តាមសេចក្ដីជូនដំណឹងរបស់ FFC ស្ដីពីការផ្លាស់ប្ដូរសមាសភាពកីឡាករនេះ កាលពីព្រឹកថ្ងៃអង្គារ បានបញ្ជាក់ថា ផ្អែកលើការទំនាក់ទំនងផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលទទួលបានពីគណៈកម្មការវិន័យ FIFA គឺកីឡាករ នេតូ រ៉ុនដុន មិនអាចចូលរួមតំណាងឱ្យជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពសប្បុរសធ៌មអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ Manchester United នៅពេលខាងមុខបានទេ។
ការខកខានមិនបានចូលរួមរបស់ខ្សែប្រយុទ្ធកូឡ៊ុំប៊ីមានសញ្ជាតិខ្មែរ នេតូ រ៉ុនដុនដោយសារតែកីឡាកររបស់ក្រុមភ្នំពេញក្រោនរូបនេះ មានបញ្ហាព្យួរដោយស្វ័យប្រវត្តិ ពីបទវិន័យចែងក្នុងច្បាប់របស់ FIFA ដោយជាប់កាតក្រហមពីការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិអារ៉ូបា កាលពីថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៥។

ខ្សែការពារជាប្រធានក្រុមពាក់លេខ៤ កាន់ ម៉ូ ខ្សែប្រយុទ្ធពាក់លេខ១០ Neito Rondon និង Coulibaly Abdel Kader ពេលបង្ហាញខ្លួនរួមគ្នាឱ្យក្រុមជម្រើសជាតិ ក្នុងពេលប្រកួតជាមួយក្រុមជម្រើសជាតិអារ៉ូបា កន្លងមក។ រូបថត FFC
សេចក្ដីជូនដំណឹងស្ដីពីការផ្លាស់ប្ដូរសមាសភាពកីឡាករដែលនេះ បានបញ្ជាក់ថា៖ «បន្ទាប់ពីបានទទួលព័ត៌មាននេះ លោកគ្រូបង្គោល Kim Sang-Sik បានដាក់សំណើសារជាថ្មី តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ដោយស្នើសុំធ្វើការផ្លាស់ប្តូរកីឡាករ នេតូ រ៉ុនដុន ដោយជ្រើសរើសយកកីឡាករ ឃូលីបាលី អាប់ឌែល ជំនួសវិញ»។
តាមរយៈសំណើនេះ ខ្សែប្រយុទ្ធ Coulibaly Abdel Kader ដែលកំពុងលេងឱ្យក្រុមអង្គរថាយហ្គឺរ និងខ្សែការពារអាហ្រ្វិកខាងត្បូងមានសញ្ជាតិខ្មែរ កាន់ ម៉ូ ដែលកំពុងលេងឱ្យក្រុមវិសាខា នឹងត្រូវធ្វើដំណើរទៅចូលរួមជាមួយក្រុម ASEAN All Stars ក្នុងនាមជាកីឡាករជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម Manchester United នាថ្ងៃទី២៨ ខែឧសភា ខាងមុខនេះ។
គួរបញ្ជាក់ថា ASEAN All Stars គឺជាក្រុមដែលប្រមូលដោយកីឡាករឆ្នើមៗនៃក្រុមជម្រើសជាតិ តំណាងឱ្យប្រទេសនៅក្នុងតំបន់អាស៊ានទាំង១១ ហើយគិតមកដល់ពេលនេះ កីឡាករចំនួន១៧នាក់ ត្រូវបានគ្រូបង្គោល លោក Kim Sang-Sik ធ្វើការជ្រើសរើស សម្រាប់ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម Man United ជាលើកដំបូងនេះ ដោយក្នុងនោះមានកីឡាករជម្រើសជាតិថៃ ៤នាក់ វៀតណាម ៣នាក់ កម្ពុជា ២នាក់ ឥណ្ឌូនេស៊ី ២នាក់ និងកីឡាករជម្រើសជាតិម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ចំនួន១នាក់ដូចគ្នា តែគ្មានកីឡាករជម្រើសជាតិហ្វីលីពីននោះទេ៕