ក្រុមម្ចាស់​ជើងឯក​របស់តួកមេគីស្ថាន FC Arkadag បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បី​ត្រៀម​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC Challenge League ជាមួយ​ក្រុម​ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ នា​ថ្ងៃទី​១០ ខែឧសភានេះ ខណៈសំបុត្រ​សម្រាប់​ចូល​ទស្សនា​​រវាង​​ក្រុមទាំង​២នេះ​​ជាង​៥ម៉ឺន​សន្លឹក ត្រូវបាន​លក់អស់​គ្មាន​សល់ទេ។


ក្រុម FC Arkadag  ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្គោល លោក Dovletmyrat Annayev បាន​ធ្វើ​ដំណើរ​មក​ដល់ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នាអំឡុងម៉ោងជិត​​១២ ថ្ងៃពុធនេះ ហើយ​វា​ក៏ជា​លើកដំបូង​ដែរ ដែល​ក្លិបនៅអាស៊ីកណ្តាល​មួយនេះ បាន​ធ្វើដំណើរ​មក​ដល់​ទឹក​ដី​កម្ពុជា ខណៈ FC Arkadag គឺជា​ក្រុម​ខ្លាំង​បំផុត​ ​របស់​​​តួក​មេគីស្ថាន ក្នុង​រយៈ​ពេល​​២​ឆ្នាំ​ចុង​ក្រោយ​នេះ។

ដោយ​ត្រូវ​បង្កើតឡើង នៅថ្ងៃទី​១ ខែមេសា ឆ្នាំ២០២៣ FC Arkadag មានកីឡដ្ឋានឈ្មោះ Arkadag និងមានមូលដ្ឋាននៅទីក្រុង Arkadag ផ្ទាល់តែម្តង ហើយ​លោក Gurbanguly Berdimuhamedow អតីតប្រធានាធិបតីរបស់តួកមេនីស្ថាន (២០០៦-២០២២) គឺជាស្ថាបនិក​បង្កើត​ក្លិប​មួយ​នេះ។


ដោយសារលោក Gurbanguly Berdimuhamedow ជាបុគ្គលមានអំណាចខ្លាំងមួយរូបនៅ​ក្នុងប្រទេស ព្រោះ​លោក​ធ្លាប់ជាអតីតប្រធានាធិបតីទី​២​របស់​តួកមេនីស្ថាន ​ហើយ​កូន​ប្រុស​របស់លោក ឈ្មោះ Serdar Berdimuhamedow ក៏កំពុងកាន់តំណែងជាប្រធានាធិបតីទី​៣បន្ត​​របស់​តួកមេគីស្ថាន​ផង​ដែរ ​បាន​ធ្វើ​ឱ្យ​ FC Arkadag ក្លាយជា​ក្លិបមានមូលដ្ឋាន​រឹងមាំ និងមាន​អឥទ្ធិពល​ជាង​គេ។


កីឡាករ​ឆ្នើមៗ នៅតួកមេគីស្ថាន បាន​នាំគ្នាមក​រួមរស់ជាមួយ FC Arkadag ​ធ្វើ​ឱ្យ​​ក្រុម​មួយនេះ​ មាន​ធនធាន​កីឡាករ​ល្អៗ ប្រៀបដូចជាក្រុមជម្រើសជាតិតួកមេគីស្ថាន​ទៅ​ហើយ ហេតុ​នេះ​សម្រាប់ការ​ប្រកួត​ប្រជែង​​២​រដូវ​កាល​មកនេះ ក្រុម Arkadag បាន​ឈ្នះ​ជើងឯកលីគ​ Yokary Liga ទាំង​២​រដូវកាល និង​បានឈ្នះ​គ្រប់ការ​ប្រកួត​ទាំងអស់។


ក្រុម FC Arkadag របស់​តួកមេគីស្ថាន ពេល​ធ្វើដំណើរ​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃពុធ​នេះ។ រូប​ថត BTV

បន្ថែម​លើនេះ ក្រុម Arkadag ក៏​​បាន​ឈ្នះ​គ្រប់​ការប្រកួតដណ្តើម​ពាន ដែល​រៀបចំ​ដោយសហព័ន្ធ​កីឡាបាល់​ទាត់តួកមេគីស្ថាន​ផងដែរ ដូចជា Turkmenistan Cup ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ , Turkmenistan Super Cup 2024 និង Turkmenistan Football Federation Cup 2025 ខណៈ​ការ​ប្រកួត​លីគ Yokary Liga រដូវ​កាល​ឆ្នាំ​២០២៥​នេះ ក្រុម Arkadag ​បាន​ឈ្នះ​ទាំង​៥​ប្រកួតជាប់ៗ​គ្នា និងកំពុង​ឈរ​នៅលេខ​៣ ជាបណ្តោះ​អាសន្ន ដោយសារ​​ក្រុមកំពុង​ឈរ​នៅលេខ​១ Ahal ប្រកួតបាន​៧​ដង​ហើយ និងក្រុម​ឈរ​លេខ​២ Altyn Asyr ប្រកួត​បាន​៨ដង។

យ៉ាងណា​ក៏​ដោយ ការ​ទាញ​យក​កីឡាករ​ល្អៗ មក​ចូលរួម​ជាមួយ​​​ក្រុមតែមួយនេះ បាន​ធ្វើ​ឱ្យ​ក្លិប​នៅ​ក្នុង​ស្រុកផ្សេង​ទៀត ក៏ដូចជា​ទស្សនា ​មិនសូវពេញ​ចិត្ត និង​គាំ​ទ្រ​ក្លិប​ FC Arkadag នោះ​ទេ ព្រោះការ​ធ្វើ​បែបនេះ បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង​លីគ  Yokary Liga របស់តួកមេគីស្ថាន​រយៈពេល​២​រដូវ​កាល​មក​នេះ លែង​សូវមាន​ភាព​ទាក់​ទាញ ដោយ​សារ​​ក្រុម Arkadag មានគម្លាត​ដាច់ពី​ក្រុម​ផ្សេងៗ​ពេក។

ជាមួយ​ហេតុផល​​នេះ ក្រុម FC Arkadag ពិតជា​ចង់​ដណ្តើម​យក​ជ័យជម្នះ​លើ​ក្រុម​​ព្រះខ័នរាជស្វាយរៀង ដើម្បី​យក​ពាន AFC Challenge League នេះ​ត្រឡប់​ទៅកាន់ប្រទេស​តួកមេគីស្ថាន​វិញ ដើម្បី​ជា​ការ​លួងចិត្ត ក៏ដូចជា​ទាញ​យក​ការ​ចាប់​អារម្មណ៍ពី​អ្នកគាំ​ទ្រ​នៅ​ក្នុងប្រទេស​ខ្លួន សម្រាប់ការ​ចេញមកប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់​ AFC Challenge League ជា​លើក​ដំបូង​នេះ។

យ៉ាងណា​ក៏​ដោយ​គ្រូ​បង្គោល​ក្រុម​ព្រះខ័នរាជស្វាយរៀង លោក Pep Munoz ក៏​ចង់​យក​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ពាន AFC Challenge League នៅ​ថ្ងៃទី​១០ ខែឧសភា​នេះ ជាថ្ងៃជប់​លៀង​បាល់​ទាត់ សម្រាប់ប្រជាជន​កម្ពុជា​ដូចគ្នា ហើយការ​បង្ហាញ​ពី​មហិច្ឆតា​នេះ បាន​ធ្វើឱ្យ​អ្នកគាំ​ទ្រ​កម្ពុជា កាន់តែ​​អន្ទះសារ​ចង់​ឃើញ និង​បាន​នាំគ្នា​ទៅ​ទិញ​សំបុត្រឡើង​អស់ទៅ​ហើយ ដើម្បី​បានទៅគាំ​ទ្រ​ដល់​ក្រុមស្វាយរៀង ផ្ទាល់​តែម្តង។

ជុំវិញការ​លក់សំបុត្រ​នេះ ក្លិប​ព្រះខ័នរាជស្វាយរៀង បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ពុធនេះ​ថា៖​ «យើងមានក្តីសោមនស្សរីករាយជម្រាបជូនថា សំបុត្រចំនួន ៥៣០០០សំបុត្រ ត្រូវបានលក់អស់ហើយ! យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការគាំទ្រព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ»។

តាម​រយៈការ​បញ្ជាក់​នេះ គឺ​មានន័យ​ថា ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​របស់ក្រុម​ព្រះខ័នរាជស្វាយរៀង និង​ក្រុម FC Arkadag នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ នា​យប់​ថ្ងៃទី​១០ ខែឧសភា​នេះ គឺ​មាន​អ្នកគាំទ្រ​ទៅទស្សនា​ផ្ទាល់​ច្រើន​បំផុត មិន​ធ្លាប់​មាន​នោះ​ទេ ហើយ​កម្លាំង​គាំ​ទ្រ​នេះ នឹង​​ធ្វើ​ឱ្យ​ក្រុមស្វាយរៀង កាន់តែ​មាន​កម្លាំង​ចិត្ត ក្នុងការ​ប្រជែង​យក​ពាន AFC Challenge League ជា​លើក​ដំបូង​នេះ៕