ក្រុម​ភ្នំពេញ​ក្រោន បាន​ទម្លាក់​ក្រុម​វិសាខា ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ជា​លើក​ទី​២ បន្ទាប់ពី​ពួកគេ ​ដណ្តើម​បាន​ជ័យជម្នះ ១-០ សម្រាប់​ការ​ប្រកួតកាត់​សេចក្តី​ជើង​ទី​២​ទាំងលំបាក កាលពី​យប់មិញ គឺ​បន្ថែម​ទៅលើ​លទ្ធផល​ស្មើ​គ្នា ២-២ កាល​​ប្រកួតគ្នា​ជើង​ទី​១ នៅលើ​ទឹក​​ដី​ភ្នំពេញក្រោន។


គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន លោក Oleg Starynskyi ​បានសម្តែង​ការ​អបអរ​សាទរ​ខ្លាំង​ទៅ​​កាន់​អ្នកគាំ​ទ្រ ជាពិសេស​​កីឡាករ និងក្រុម​ការងារ​ទាំង​អស់ ដែលបាន​បង្ហាញការគាំ​ទ្រ​ដ៏​អស្ចារ្យ​ ជាមួយនឹងភាពជឿជាក់គ្នារហូតដល់វិនាទីចុងក្រោយ ដើម្បីដណ្តើមបាន​​ជ័យជម្នះ​លើ​ក្រុម​វិសាខា ហើយ​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

លោក​បាននិយាយ​ក្រោយការ​ប្រកួត​ថា៖ «នេះ​ជាការប្រកួតមួយ ដែលមានការប៉ះទង្គិចគ្នាខ្លាំង ហើយ​យើងបានព្យាយាមរហូតដល់ចប់ការប្រកួត និងបានធ្វើការងារដ៏អស្ចារ្យនេះ។ ខ្ញុំដឹងថា វាមិនមែនជាការប្រកួត ដែលល្អមើលនោះទេ ប៉ុន្តែពេលខ្លះបាល់ទាត់ គឺវាត្រូវការលទ្ធផល ហើយ​កីឡាកររបស់យើង បានបង្ហាញចរិតលក្ខណៈ​ដ៏អស្ចារ្យ ដូច្នេះខ្ញុំពិតជារីករាយ និងសប្បាយចិត្ត»។


ជាមួយ​ការ​ទទួល​បាន​ជ័យជម្នះ ដើម្បីឡើង​ទៅកាន់វគ្គ​ផ្តាច់​ព្រ័ត្រនេះ លោក Oleg បាន​អះអាង​ថា វាដល់​ពេល​វេលា ដែល​ក្រុម​ភ្នំពេញ​ក្រោន អាច​លើក​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៨ ឆ្នាំ​២០២៥​នេះ​បាន​ហើយ បន្ទាប់ពី​ក្រុម​នេះ បាន​​ត្រឹម​ជើង​ឯក​រង កាលពី​ឆ្នាំ​២០២៤ ក្រោយចាញ់​ក្រុម​ព្រះខ័នរាជស្វាយរៀង នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ។


គ្រូ​បង្វឹកសញ្ជាតិ​អ៊ុយក្រែន លោក Oleg បាន​និយាយ​ដោយសំណើចតិចៗ​ថា៖ «កាលពី ៣ឆ្នាំមុន យើងទទួលបានលេខ៤ ហើយបន្ទាប់មកយើងបានលេខ៣ ចំណែក​ការ​ប្រកួត​កាល​ពី​ឆ្នាំមុន យើងបានលេខ២ ដូច្នេះ​នៅរដូវកាលនេះ ខ្ញុំគិតថា វាគឺជាពេលល្អ ក្នុងការលើកពានសម្តេច ហ៊ុន សែន បាន​ហើយ»។


ការ​ប្រកួត​កាត់សេចក្តីជើងទី​២​រវាងក្រុម​ភ្នំពេញ​ក្រោន (ក្រហម) និងក្រុម​ម្ចាស់​ផ្ទះ​វិសាខា ដោយ​ ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ ១-០។ រូប​ថត វិសាខា/ភ្នំពេញ​ក្រោន/FFC

សម្រាប់ការ​ប្រកួត នៅកីឡដ្ឋាន​ព្រីនស៍ កាលពី​យប់ថ្ងៃ​ពុធ​ម្សិលមិញនេះ ក្រុម​ម្ចាស់​ផ្ទះ​វិសាខា និង ភ្នំពេញ​ក្រោន បាន​បង្ហាញការ​ប្រកួតប្រជែងគ្នា ដោយ​ប្រុងប្រយ័ត្ន​បំផុត ព្រោះ​ក្រុម​ទាំង​២ សុទ្ធតែ​ខ្លាច​របូត​គ្រាប់បាល់​ ហើយសកម្ម​ភាព​នេះ បានធ្វើ​ឱ្យប្រកួត ហាក់មិនសូវ​មានការ​វាយសម្រុក​គ្នា​ខ្លាំងប៉ុន្មាន​ឡើយ ជាពិសេស​នៅ​តង់ទី​១ ដោយក្រុមទាំង​២​នេះ មិនអាច​រក​បាន​គ្រាប់បាល់​ដូចគ្នា។

តែទោះបីជា​យ៉ាងណា នៅ​ក្នុ​ងតង់ទី​២ Yudai Ogawa បាន​លើក​បាល់​ពីកណ្តាលតារាង ទម្លាក់ទៅឱ្យ យ៉ែម ដេវីត ហើយ ដេវីត បាន​ឆ្កឹះបាល់​នោះ​ទម្លាក់ផុត​ពីការ​ចេញមក​ជួយ​សង្រ្គោះ​របស់​​អ្នកចាំទី កែវ សុខសិលា ធ្វើ​ឱ្យបាល់​រត់​ចូល​ទីដោយសុវត្ថិភាព​ នៅនាទីទី​៨៥ ហើយក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផងដែរ ​ខណៈ​ការ​ព្យាយាម​វាយ​សម្រុក​របស់​ក្រុម​វិសាខា រហូត​ដល់នាទីទី ៩០+៧ គ្មាន​គ្រាប់បាល់​កើត​ឡើង​នោះ។

ក្រុម​វិសាខា បាន​បង្ហាញការ​សោក​ស្តាយ​ខ្លាំង ចំពោះ​​ការចាញ់​ក្រុម​ភ្នំពេញ​ក្រោន ១-០ នេះ ដោយកីឡាករ​ខ្លះ បានសម្រក់​ទឹក​ភ្នែក ចំពោះ​ការ​បរាជ័យ​នេះ ចំណែក​ក្លិប​វិសាខា បានបង្ហាញសារ​ ក្រោយ​ការ​ប្រកួតបែប​នេះ​ថា៖ «វាគឺជាសុបិនអាក្រក់ តែពួកយើង នឹងបន្ដការខំប្រឹង ដើម្បីគោលដៅទៅមុខទៀត»។​

សម្រាប់​ការ​ធ្លាក់​ចេញពី​ពាន​រង្វាន់សម្តេច ហ៊ុន សែន ត្រឹម​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជា​លើក​ទី​២​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ធ្លាប់​ឈ្នះ​ជើងឯក​៣សម័យ​កាល​ជាប់​គ្នា វិសាខា នៅ​សល់​ឱកាស​ត្រឹម​ការដណ្តើម​យក​លេខ​៣ ដែលពួកគេ​អាច​ជួបក្រុមបឹងកេត ឬ ក្រុម​​​ព្រះខ័នរាជស្វាយរៀង​។

ចំពោះការ​ប្រកួត​រវាង​ក្រុម​បឹងកេត និងស្វាយរៀង នេះ​គឺ​ក្រុមណា​ឈ្នះ ត្រូវ​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រជាមួយ ​ភ្នំពេញក្រោន ហើយ​ក្រុម​ចាញ់ ត្រូវ​ធ្លាក់​មកដណ្តើម​យកលេខ​៣ និង​លេខ​៤ ជាមួយ​វិសាខា ខណៈការ​ប្រកួតជើង​ទី​១ កាលពី​ថ្ងៃទី​២៣ ខែមេសា ក្រុមស្វាយរៀង បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ បឹងកេត ១-០៕