
បេក្ខភាពកីឡាករប្រដាល់សកលកម្ពុជា ទាំង៣នាក់ ដែលនឹងត្រូវបញ្ជូនឱ្យទៅប្រកួត Asian U22 and Youth Boxing Championships 2025 នៅប្រទេសស្រីលង្កា។ រូបថត សហព័ន្ធ
កីឡាករប្រដាល់សកលកម្ពុជា៣នាក់ និងគ្រូបង្វឹក១នាក់ ត្រូវបានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បញ្ជូនឱ្យទៅចូលរួមការប្រកួតកីឡាប្រដាល់សកលយុវជនជើងឯកអាស៊ី ឆ្នាំ២០២៥ (Asian U22 and Youth Boxing Championships 2025) នៅស្រីលង្កា ហើយអ្នកទាំងនេះ បានបង្ហាញទំនុកចិត្តខ្ពស់ ក្នុងការដណ្តើមយកមេដាយមកជូនប្រទេសជាតិ។
លោក ជ័យ ណារ៉ា គ្រូបង្វឹកជម្រើសជាតិប្រដាល់សកលកម្ពុជា នៅមិនទាន់ប្រាកដថា ការប្រកួតកីឡាប្រដាល់សកលយុវជនជើងឯកអាស៊ី ឆ្នាំ២០២៥ ដែលនឹងធ្វើពីថ្ងៃទី១០ ដល់ទី២៤ ខែឧសភា នៅប្រទេសស្រីលង្កា លើកនេះ អាចមាន៣៧ប្រទេសចូលរួមដូចធ្វើនៅប្រទេសថៃ ឬក៏ច្រើនជាងនេះទេ ហើយលោកក៏មិនអាចវាយតម្លៃពីកម្រិតបច្ចេកទេស និងចំណុចខ្លាំងរបស់ក្រុមកីឡាករមកពីប្រទេសផ្សេងៗនោះដែរ។
តែទោះបីជាយ៉ាងណា គ្រូបង្វឹកជម្រើសជាតិប្រដាល់សកលកម្ពុជា បានបង្ហាញទំនុកចិត្តខ្ពស់ទៅដល់កីឡាករ នា សុវណ្ណ, រ៉ុន វិរៈ និងកីឡាករ ឡុង ណូវែល ដែលត្រូវបានជ្រើសរើសយកទៅប្រកួតនៅស្រីលង្កានេះ។ លោក ជ័យ ណារ៉ា មើលឃើញថា អ្នកទាំង៣នេះ មានកម្រិតបច្ចេកទេសខ្ពស់ ដែលអាចនឹងឈានទៅដល់ការដណ្តើមបានមេដាយ ពីការប្រកួត Asian U22 and Youth Boxing Championships 2025 នេះ។
លោកគ្រូ ណារ៉ា បានថ្លែងថា៖ «កីឡាករ ដែលយើងជ្រើសរើសទៅចូលរួមលើកនេះ គឺមានទេពកោសល្យ និងកម្រិតបច្ចេកទេសខ្ពស់ ចូល៩០ភាគរយហើយ ដោយសារពួកគាត់មានការយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ហេតុនេះខ្ញុំដាក់ក្ដីសង្ឃឹម ៦០ភាគរយថា នឹងទទួលបានមេដាយ សម្រាប់ការចេញទៅប្រកួតលើកនេះ»។
សម្រាប់ការប្រកួត Asian U22 and Youth Boxing Championships 2025 នេះកីឡាករ នា សុវណ្ណ នឹងត្រូវប្រកួតលើប្រភេទទម្ងន់ ៤៨គីឡូក្រាម រីឯ រ៉ុន វិរៈ ប្រភេទទម្ងន់ ៦០គីឡូក្រាម និង ឡុង ណូវែល ប្រកួតក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម ហើយលោក ជ័យ ណារ៉ា បានផ្តល់ទំនុកចិត្តដល់អ្នកទាំង៣នេះស្មើៗគ្នា។ លោកបញ្ជាក់ថា៖ «កីឡាករទាំង៣នាក់នេះ មានកម្រិតបច្ចេកទេសល្អស្មើគ្នា អ៊ីចឹងយើងសង្ឃឹម៦០ភាគរយ ចំពោះការដណ្តើមមេដាយ»។

លោកគ្រូ ជ័យ ណារ៉ា និងកីឡាករទាំង៣នាក់ ពេលផ្តល់បទសម្ភាសឱ្យប្រព័ន្ធផ្សព្វផ្សាយ ហើយអ្នកទាំង៤ នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កា នាម៉ោង៩ ថ្ងៃសៅរ៍ស្អែកនេះ។ រូបថត សហការី
យ៉ាងណាក៏ដោយ ទាំងកីឡាករ ឡុង ណូវែល និង រ៉ុន វិរៈ ហាក់មានការបារម្ភ ចំពោះការប្រកួត Asian U22 and Youth Boxing Championships 2025 ព្រោះនេះជាលើកទី១ហើយ ដែលកីឡាករជាយុវជនទាំង២នេះ ទទួលបានឱកាសចេញទៅប្រកួតនៅក្រៅប្រទេស ហេតុនេះពួកគេយល់ថា អាចចាញ់ប្រៀបផ្នែកកម្ពស់ និងគុណភាពកម្លាំងរបស់កីឡាករបរទេស ប៉ុន្តែអ្នកទាំង២នេះ បានតាំងចិត្តយ៉ាងមុតមាំ ក្នុងការប្រជែងយកមេដាយត្រឡប់មកវិញ។
កីឡាករ រ៉ុន វិរៈ បាននិយាយថា៖ «ខ្ញុំមានការបារម្ភដែរ ព្រោះយើងអាចចាញ់កម្ពស់គេ ប៉ុន្តែខ្ញុំក៏សប្បាយចិត្ត ដែលបានចេញទៅប្រកួត នៅក្រៅប្រទេសលើកដំបូងនេះ។ ខ្ញុំនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព ហើយខ្ញុំមានក្តីរំពឹងថា នឹងដណ្តើមបានមេដាយ ជូនជាតិមាតុភូមិ»។
ចំណែកកីឡាករ នា សុវណ្ណ ដែលធ្លាប់បានចេញទៅប្រកួតប្រដាល់សកលអាជីព៦ទឹក នៅប្រទេសជប៉ុននោះ ក៏ហាក់មានការបារម្ភទៅលើគុណភាពកម្លាំងផងដែរ ប៉ុន្តែរូបគេបានយកបទពិសោធន៍ទទួលបានពីការប្រកួតនៅជប៉ុន មកអភិវឌ្ឍសមត្ថភាពខ្លួនឯង ដោយបង្កើនសមត្ថភាពវាយ និងចលនាចេញចូលបានលឿនជាងមុន។
សុវណ្ណ បានបញ្ជាក់ថា៖ «ខ្ញុំធ្លាប់ប្រកួតប្រដាល់សកល៣ទឹក នៅកម្ពុជាយើង ដោយបានជួបអ្នកខ្ពស់ៗច្រើនដែរ តែខ្ញុំនៅតែអាចដណ្តើមបានមេដាយមាស ចំណែកការចេញទៅប្រកួត នៅស្រីលង្កាលើកនេះ ខ្ញុំអាចចាញ់កម្លាំងគេក៏ថាបាន ព្រោះខ្ញុំបានសម្រក់ទម្ងន់ពី៥១គីឡូក្រាម មកប្រកួត៤៨គីឡូក្រាម ប៉ុន្តែទោះលទ្ធផលបែបណា ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយខ្ញុំទុកចិត្តខ្លួនឯងថា នឹងអាចធ្វើបានល្អ»៕