នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុនខេមបូឌាន​ព្រីមៀរលីគ (CPL) លោក Peter Koo បានបង្ហាញ​ពី​ចេតនា ចង់​ឃើញ​​ក្រុម​ព្រះខ័នរាជស្វាយរៀង របស់​កម្ពុជា ទទួល​បាន​ជ័យជម្នះ​លើ​​ក្រុម FK Arkadag របស់​តួកមេគីស្ថាន ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC Challenge League នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ នា​ព្រលប់​ថ្ងៃទី​១០ ខែឧសភានេះ។ ជាមួយគ្នា​នេះ កង​រាជអាវុធហត្ថ​រាជធានីភ្នំពេញ ក៏បាន​ត្រៀម​កម្លាំង ដើម្បីការពារ​សន្តិសុខនា​ជំនួប​ជា​ប្រវត្តិសាស្រ្ត​រវាងក្រុមទាំង​២នេះ​ដែរ។


លោក Peter Koo បានចាត់​ទុក​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម​ស្វាយរៀង និង​ក្រុម Arkadag នេះ ជា​ការ​ប្រកួតដ៏កម្រ និង​ជា​ប្រវត្តិសាស្រ្ត​សម្រាប់​វិស័យបាល់​ទាត់នៅ​​កម្ពុជា ហេតុ​នេះ​លោក​​បានទទួច​សុំ​ឱ្យ​​ទស្សនិកជន ទៅ​ចូលរួមគាំ​ទ្រ​ដល់​ក្រុម​ស្វាយរៀង ឱ្យ​បានច្រើន ដើម្បី​ឱ្យ​ក្រុមនេះ អាចដណ្តើម​បានជ័យជម្នះ ហើយ​អាច​យឹត​យោង​​ក្រុម​តំណាង​ឱ្យ​កម្ពុជា បាន​ទៅលេង​ ​ពាន​រង្វាន់​លំដាប់​ទី​២ ប្រចាំទ្វីប​អាស៊ី។

លោក​បានបញ្ជាក់ថា៖ «ការជួបគ្នា​រវា​ង​​ក្លិប​ព្រះខ័នរាជស្វាយរៀង ​ជាមួយក្លិប​បាល់​ទាត់ Arkadag នៅវគ្គ​ផ្តាច់​ព្រ័ត្រ ​ថ្ងៃទី​១០ ខែឧសភា​នេះ ជាឱកាស​ដ៏កម្រ​​លើក​ទី​១​នៃ​ប្រវត្តិសាស្រ្តបាល់​ទាត់​យើង សម្រាប់​បាល់​ទាត់​អាជីព​នៃ​ក្រប​ខ័ណ្ឌខេមបូឌានព្រីមៀរលីគ»។


លោក Peter Koo​ បាន​បន្ថែម​ថា៖ «បើ​សិនជា​លើក​នេះ យើង (ក្រុមស្វាយរៀង) ​អាច​ទទួល​បាន​លទ្ធផល​ល្អ  ក្នុង​ពាន AFC Challenge League យើង​នឹង​​មានឱកាស​ឡើងទៅ​លេង​នៅពាន​រង្វាន់​លំដាប់​ទី​២ ប្រចាំទ្វីប​អាស៊ី នៅរដូវ​កាល​ក្រោយ ដូច្នេះ​​យើង​ត្រូវ​ការ​បង​ប្អូន​ទាំងអស់​គ្នា ទៅ​ចូលរួមគាំ​ទ្រ​លើក​ទឹក​ចិត្ត នៅពហុកីឡដ្ឋាន និង​ផ្សាយ​ផ្ទាល់​តាម​រយៈ BTV អ៊ីចឹង​​​កុំ​ភ្លេច​ចូលរួម​ជាមួយ​គ្នា»។


លោក Peter Koo ពេល​ចែករំលែក​បទពិសោធន៍​ផ្នែកបាល់​ទាត់​ ទៅដល់​តំណាង​ក្លិប​ក្នុងលីគ​កំពូល កន្លងមក ខណៈ​ថ្ងៃ​ទី​១០ ខែឧសភា​នេះ លោកបានទទួច​សុំ​ឱ្យ​មានការគាំ​ទ្រ​ឱ្យបាន​ខ្លាំង​ដល់​ក្រុមស្វាយរៀង ដើម្បី​អាច​យក​ឈ្នះ​ក្រុម​ Arkadag។ រូប​ថត CPL


ជាមួយគ្នានេះ កង​រាជអាវុធហត្ថ​រាជធានីភ្នំពេញ បាន​នាំយកកម្លាំងជា​ច្រើន​នាក់ ទៅ​ហាត់​សម នៅ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ ដើម្បី​ត្រៀមស្វ័យប្រតិកម្ម ចំពោះហេតុការណ៍អាសន្ន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ នៅ​ក្នុង​ការ​ប្រកួតផ្តាច់​ព្រ័ត្រ​រវាងក្រុម​ព្រះខ័នរាជស្វាយ​រៀង ​និងក្រុម​ FK Arkadag នេះដូចគ្នា។

សកម្ម​ភាព​ហាត់សម​នេះ ត្រូវ​បាន​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស និងជាមេបញ្ជាការ​កង​រាជអាវុធហត្ថ​រាជធានីភ្នំពេញ បង្ហាញ​នៅ​លើ​ផេចហ្វេសប៊ុក​របស់​លោក កាលពីរសៀល​ម៉ោង​២​ ថ្ងៃសុក្រ​នេះ។

ការ​បង្ហាញការហាត់សម​របស់​កង​​កម្លាំង​​នេះ បាន​​ធ្វើ​ឱ្យមហាជន ជាពិសេស​អ្នកគាំ​ទ្រ​មានការ​ភ្ញាក់ផ្អើល​ច្រើន ប៉ុន្តែ​លោក រ័ត្ន ស្រ៊ាង បាន​បញ្ជាក់​តាម​ការ​បង្ហោះសារ​នោះ​ថា «ការពារប្រសើរជាងព្យាបាល!»។ ការ​ធ្វើ​បែបនេះ ដោយសារ​ជំនួប​ផ្តាច់​ព្រ័ត្រ​ពាន AFC Challenge League មាន​អ្នក​គាំ​ទ្រ​ច្រើន គឺ​គ្រាន់តែ​អ្នកបានទិញសំបុត្រ​ទៅ​ទស្សនា​​ផ្ទាល់ ​មាន​ចំនួន​៥៣០០០នាក់ទៅ​ហើយ ដោយមិនទាន់​គិតពី​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ផង។

លោក រ័ត្ន ស្រ៊ាង បាន​បន្ថែម​ថា៖ «គ្រាន់តែជាការហាត់សម ត្រៀមស្វ័យប្រតិកម្ម ចំពោះហេតុការណ៍អាសន្ន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFC Challenge League 2024/2025 វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥ នាថ្ងៃស្អែក វេលាម៉ោង ៧:០០ នាទីយប់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រវាងក្រុម​ព្រះខ័នរាជស្វាយរៀង (កម្ពុជា) និង ក្រុម FK Arkadag (តួកមេគីស្ថាន)»៕