
ខ្សែបម្រើប្រយុទ្ធ GABI (ខៀវ) ពេលលេងឱ្យក្រុមស្វាយរៀង ទល់នឹងក្រុមភ្នំពេញក្រោន តែពេលនេះរូបគេ បានចាកចេញពីកីឡដ្ឋានស្វាយរៀយហើយ។ រូបថត ស្វាយរៀង
ខ្សែបម្រើប្រយុទ្ធរបស់ប្រេស៊ីល Cristian Roque បានរំឭកអនុស្សាវរីយ៍ដ៏ជូរចត់ជាមួយមិត្តរួមជាតិ Gabriel Silva Costa (GABI) តាមរយៈការបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងពេលពួកគេលេងជាមួយគ្នា ឱ្យក្រុមព្រះខ័នរាជស្វាយរៀង ប៉ុន្តែពេលនេះគ្រប់យ៉ាងត្រូវបានបញ្ចប់ បន្ទាប់ពី GABI បានសម្រេចចាកចេញពីក្រុមស្វាយរៀង។
Cristian បានចាត់ទុកការចាកចេញរបស់ GABI ជារឿងដែលរូបគេពិបាកនឹងទទួលយក ខណៈអ្នកទាំង២នេះ ជាអ្នកនាំលេងយ៉ាងសំខាន់ ដែលបានជួយឱ្យក្រុមស្វាយរៀង បង្កើតបានសមិទ្ធផលជាច្រើន ក្រោមការដឹកនាំរបស់គ្រូបង្គោលលោក Pep Munoz គឺការឈ្នះពានលីគកំពូលកម្ពុជា ២រដូវកាលជាប់ៗគ្នា ឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២៤ ជាពិសេសការជួយឱ្យក្រុមស្វាយរៀង ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League ជាប្រវត្តិសាស្រ្តលើកដំបូង។
ម្ចាស់អាវលេខ២១ Cristian បានបង្ហោះសារសំដៅលើការចាកចេញរបស់ GABI បែបនេះថា៖ «ប្អូនប្រុស តើខ្ញុំចាប់ផ្តើមរឿងនេះដោយរបៀបណា? ... តើអ្នកចាំហ្គេមដំបូងរបស់យើងពេលលេងជាមួយគ្នាបានទេ? អ្នកប្រាប់ខ្ញុំថា យើងនឹងបង្កើតប្រវត្តិសាស្ត្រជាមួយគ្នា ហើយយើងធ្វើវាបានហើយ យើងបង្កើតប្រវត្តិសាស្ត្រជាមួយគ្នា តែឥឡូវនេះ អ្នកកំពុងនិយាយលា បញ្ចប់រឿងដ៏ស្រស់ស្អាត និងជ័យជម្នះរបស់អ្នកនៅទីនេះ»។
Cristian បន្ថែមថា៖ «ខ្ញុំនឹងរក្សាមិត្តភាពរបស់យើង ជារៀងរហូតនៅក្នុងបេះដូងរបស់ខ្ញុំ ហើយខ្ញុំនឹងចងចាំពេលវេលារបស់យើងជានិច្ច នោះគឺជារដូវកាល ដែលខ្ញុំមិនអាចបំភ្លេចបាន។ អរគុណអ្វីគ្រប់យ៉ាង សម្រាប់ពេលវេលាល្អ និងអាក្រក់ ដែលអ្នកដឹងថា អ្នកអាចពឹងផ្អែកលើខ្ញុំជានិច្ច សម្រាប់ខ្ញុំ អ្នកជាប្អូនប្រុសរបស់ខ្ញុំ។ ខ្ញុំសូមជូនពរអ្នកឱ្យជួបរឿងល្អបំផុតក្នុងជីវិត ហើយខ្ញុំសង្ឃឹមថា ថ្ងៃណាមួយយើងនឹងបានជួបគ្នាម្តងទៀត ដើម្បីយើងអាចលេង និងរាំជាមួយគ្នាដូចរដូវកាលនេះ»។
គួរបញ្ជាក់ថា ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសពីការចាកចេញរបស់ខ្សែបម្រើប្រយុទ្ធ GABI កាលពីថ្ងៃទី៨ ខែមិថុនា គឺបន្ទាប់ពីក្លិបមួយនេះ បានបញ្ចប់កិច្ចសន្យាជាមួយខ្សែប្រយុទ្ធ ប្រេស៊ីល Pablo Augusto រួមជាមួយមិត្តរួមជាតិរបស់គេ Breninho ឬ Breno Caetano និង Matheus Moresche កាលពីថ្ងៃទី២៩ ខែឧសភា។

ខ្សែបម្រើប្រយុទ្ធជាមិត្តរួមជាតិប្រេស៊ីល Cristian និង GABI ពេលបង្ហាញវត្តមានរួមគ្នាជាមួយក្រុមព្រះខ័នរាជស្វាយរៀង កន្លងមក។ រូបថត ស្វាយរៀង
ជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀង ក៏បានចែកផ្លូវជាមួយកីឡាករខ្មែរ-អាមេរិក ថេឡរ ឌឿន នីកូឡាស ផងដែរ ប៉ុន្តែក្លិបមួយនេះ បានសម្រេចបន្តកិច្ចសន្យាថ្មីដល់ខ្សែបម្រើប្រយុទ្ធ Cristian Roque ខ្សែការពារជប៉ុន Takashi Odawara ខ្សែប្រយុទ្ធរបស់ឡាវ Bounphachan Bounkong និងកីឡាកររបស់ហុងកុង Ryo Fujii ដើម្បីរួមចំណែកជួយក្លិបបន្តទៀត នៅរដូវកាលក្រោយ ក្រោមការដឹកនាំរបស់គ្រូបង្គោល លោក Matthew McConkey។
ក្លិបបានបញ្ជាក់តាមសេចក្តីប្រកាស នៅលើផេចហ្វេសប៊ុកបែបនេះថា៖ «ព្រះខ័នរាជស្វាយរៀង សូមថ្លែងអំណរគុណដល់កីឡាករម្ចាស់អាវលេខ៩ Gabriel Silva Costa សម្រាប់ការចូលរួមចំណែកខិតខំប្រឹងប្រែងកន្លងមកចំពោះក្លិប និងជូនពរដល់ Gabriel Silva Costa ឱ្យមានសុខភាពល្អ សំណាងល្អ ជោគជ័យក្នុងពេលអនាគត»។
ចំពោះការប្រកាសចែកផ្លូវជាមួយកីឡាករ Gabriel Silva Costa នេះ បានក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ជាពិសេសអ្នកគាំទ្រក្លិបព្រះខ័នរាជស្វាយរៀង ផ្ទាល់ ដោយពួកគេបានសម្តែងការខកចិត្ត និងសោកស្តាយ ដែលក្លិបមួយនេះ មិនអាចបន្តកុងត្រាថ្មីដល់ GABI បាន។
យ៉ាងណាក៏ដោយកីឡាករ Cristian បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការជួយដល់ក្រុមស្វាយរៀង ទោះលែងមានមិត្តយល់ចិត្តដូច GABI។ «អរគុណព្រះខ័នរាជស្វាយរៀង ដែលជឿជាក់លើការងាររបស់ខ្ញុំ។ ខ្ញុំសន្យាម្តងទៀតថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត ហើយខ្ញុំសង្ឃឹមថា រដូវកាលក្រោយ ឆ្នាំ២០២៥-២០២៦ យើងនឹងសប្បាយចិត្តម្តងទៀតនៅទីបញ្ចប់។ ប្រវត្តិសាស្រ្តនៅតែបន្តចារ»៕