
សកម្មភាពហ្វឹកហាត់របស់ក្រុមកីឡាហាប់គីដូបកម្ពុជា មុនចេញដំណើរទៅប្រកួតកីឡាហាប់គីដូជើងឯកអាស៊ាន លើកទី២ ឆ្នាំ២០២៥ នៅឥណ្ឌូនេស៊ី។ រូបថត NOCC
ប្រតិភូកីឡាហាប់គីដូកម្ពុជា សរុប១៥នាក់ ដឹកនាំដោយលោក គង់ ចាន់ធីណា បានចាកចេញពីមាតុប្រទេស ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី កាលពីព្រលប់ថ្ងៃចន្ទ ដើម្បីចូលរួមការប្រកួតកីឡាហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (2ND South East Asia Hapkido Championship 2025) នៅទីនោះ ពីថ្ងៃទី១៤ ដល់ទី១៥ ខែមិថុនា ដោយពួកគេ បានតាំងចិត្តដណ្តើមឱ្យបានលទ្ធផលល្អជូនជាតិ ទោះការប្រកួតនេះ មានការផ្លាស់ប្តូរលក្ខខណ្ឌប្រកួតលំបាកជាងមុន។
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានអះអាងថា ក្រុមអត្តពលិកទាំង១១នាក់ (ស្រី៤នាក់) បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការចូលរួមការប្រកួតកីឡាហាប់គីដូជើងឯកអាស៊ាន ឆ្នាំ២០២៥ ជាលើកដំបូងនេះ ដោយពួកគេ បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការដណ្តើមយកលទ្ធផលល្អ។
លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ មុនពេលឡើងឡានក្រុងថា៖ «កីឡាករ កីឡាការិនីរបស់យើង បានត្រៀមរួចជាស្រេចនូវបច្ចេកទេស សម្រាប់ចូលរួមការប្រកួជើងឯកអាស៊ានលើកនេះ ដោយយើងសង្កេតឃើញថា ក្រុមអត្តពលិកយើង មានការវិវឌ្ឍប្រសើរជាងមុន និងមិនមានអ្វីជាផលប៉ះពាល់ទេ ហើយពួកគាត់ បានតាំងចិត្តរួចជាស្រេចថា នឹងខិតខំប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អជូនប្រទេសជាតិយើង»។
គួររំឭកថា នេះជាលើកទី២ហើយ ដែលសហព័ន្ធខ្មែរកីឡាហាប់គីដូ បានរៃអង្គាសថវិកាគ្នាបញ្ជូនក្រុមអត្តពលករបស់ខ្លួនទៅចូលរួមការប្រកួតនៅលើឆាកអន្តរជាតិ ខណៈការចូលរួមប្រកួតកីឡាហាប់គីដូជើងឯកពិភពលោក ឆ្នាំ២០២៤ (World I.H.F Hapkido Championship 2024) នៅប្រទេសថៃ ក្រុមហាប់គីដូកម្ពុជា ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ គឺដណ្តើមបានមេដាយមាស១២ ប្រាក់១៣ និងសំរឹទ្ធ១៥ សរុបចំនួន៤០មេដាយ។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតកីឡាហាប់គីដូជើងឯកអាស៊ាន ឆ្នាំ២០២៥ ដែលមាន១០ប្រទេសចូលរួមនេះ លោក គង់ ចាន់ធីណា បានអះអាងថា សហព័ន្ធកីឡាហាប់គីដូអន្តរជាតិ ជាពិសេសម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានផ្លាស់ប្តូរលក្ខខណ្ឌនៃការប្រកួត ខុសពីការប្រកួតជើងឯកពិភពលោក នៅប្រទេសថៃ គឺតម្រូវឱ្យប្រទេសចូលរួមទាំងអស់អនុវត្តនូវគោលការណ៍បច្ចេកទេសរួមតែមួយ ដែលវាមិនងាយស្រួល ក្នុងការពង្រឹងសមត្ថភាពបានល្អប្រសើរ ទាន់ពេលវេលា ទៅតាមការកំណត់នេះទេ។

ប្រតិភូកីឡាហាប់គីដូកម្ពុជា ពេលចេញដំណើរទៅចូលរួមការប្រកួតកីឡាហាប់គីដូជើងឯកអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី។ រូបថត NOCC
លោកបញ្ជាក់ថា៖ «កាលប្រកួតនៅថៃ គេឱ្យប្រទេសនីមួយៗ រៀបចំបច្ចេកទេសប្រកួតដោយខ្លួនឯង ប៉ុន្តែលើកនេះ បច្ចេកទេសប្រកួត គឺសហព័ន្ធអន្តរជាតិ និងម្ចាស់ផ្ទះ ជាអ្នករៀបចំ ហើយឱ្យយើងធ្វើបច្ចេកទេសទៅតាមគេ អ៊ីចឹងជាធម្មតាការហាត់រៀនតាមគេ យើងមិនអាច ធ្វើអ្វីឱ្យបានល្អដូចគ្នានោះទេ ព្រោះពេលវេលា ដែលខាងម្ចាស់ផ្ទះ បានទម្លាក់បច្ចេកទេសហ្នឹងឱ្យយើងហាត់ ក៏ខ្លីដែរ»។
តែទោះបីជាយ៉ាងណា លោក គង់ ចាន់ធីណា បានអះអាងថា ក្រុមកីឡាករ កីឡាការិនីហាប់គីដូកម្ពុជា បានខិតខំប្រឹងប្រែងហាត់ខ្លាំង នូវច្ចេកទេស ដែលម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានដាក់ឱ្យ គឺក្នុង១ថ្ងៃហាត់២ពេល ហើយថ្ងៃខ្លះហាត់ដល់ម៉ោង៩យប់ សម្រាប់ត្រៀមទៅតាមវិញ្ញាសានីមួយៗ ដោយការប្រកួតជើងឯកអាស៊ាននេះ គឺអត្តពលិកម្នាក់ គេកំណត់ឱ្យប្រកួតតែ៣វិញ្ញាសាទេ ខុសពីការប្រកួតជើងឯកពិភពលោក នៅប្រទេសថៃ ដែលអត្តពលិកម្នាក់អាចប្រកួតដោយសេរី នៅគ្រប់វិញ្ញាសា ឱ្យតែអ្នកនោះមានលទ្ធភាព។
អគ្គលេខាធិការ និងជាគ្រូបង្វឹកហាប់គីដូរូបនេះ បាននិយាយថា៖ «សម្រាប់ការប្រកួតកម្រិតអន្តរជាតិនេះ យើងនៅមានបទពិសោធន៍ខ្ចីដែរទេ ព្រោះយើងទើបចូលរួមបាន២ដងទាំងលើកនេះ។ តែទោះបីជាយ៉ាងណា ក្រុមអត្តពលិករបស់យើង បានតាំងចិត្តរួចហើយថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមបានលទ្ធផលល្អជូនប្រទេសជាតិ ក៏ដូចជាសហព័ន្ធរបស់យើង»។
ចំណែកកីឡាករ ភិន មុន្នីរតន៍ ដែលធ្លាប់ដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ២ ពីការប្រកួត World I.H.F Hapkido Championship 2024 នៅប្រទេសថៃនោះ បានទទួលស្គាល់ថា ការហ្វឹកហាត់បច្ចេកទេសលើវិញ្ញាសាសម្តែង ទៅតាមការកំណត់របស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី មានការពិបាកដែរ ដោយសារមានរយៈពេលខ្លី ប៉ុន្តែ មុន្នីរតន៍ បានបង្ហាញភាពជឿជាក់ក្នុងការប្រកួតប្រជែង ហើយក៏រីករាយ ដែលបានប្រកួតហាប់គីដូ ទៅតាមលំនាំអន្តរជាតិ ជាមួយប្រទេសខ្លាំង ក្នុងតំបន់ ជាពិសេសឥណ្ឌូនេស៊ីតែម្តង។
ភិន មុន្នីរនត៍ បានបញ្ជាក់ថា៖ «យើងមានក្តីរំពឹងខ្ពស់ជាងមុន ព្រោះយើងធ្លាប់បានបទពិសោធន៍សម្រាប់ការប្រកួតនៅថៃម្តងហើយ ហើយលើកនេះ យើងនឹងព្យាយាមធ្វើឱ្យបានល្អជាងមុន ហើយការទទួលបានឱកាសទៅចូលរួមលើកនេះ វាពិតជាអស្ចារ្យណាស់ សម្រាប់ពួកយើង ដែលនឹងបានស្គាល់ហាប់គីដូពិត ប្រកួតជាមួយរបស់ពិត ដើម្បីយើងអាចវាស់ស្ទង់សមត្ថភាពពិតរបស់យើង ជាមួយប្រទេសផ្សេងៗ ជាពិសេសឥណ្ឌូនេស៊ី ដែលមានភាពសុះសាយលើប្រភេទកីឡាហាប់គីដូនេះខ្លាំងជាងគេ»៕