
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១២ ឆ្នាំ២០២៤ ដែលរៀបចំនៅខាងមុខព្រះបរមរាជវាំង តែលើកនេះប្តូរទៅធ្វើនៅខាងមុខវត្តបទុមវតីវិញ។ រូបថត សហការី
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៣ ឆ្នាំ២០២៥ ដែលនឹងត្រូវធ្វើនៅថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ ត្រូវបានប្តូរទីតាំងរៀបចំ ពីការចេញដំណើរ និងបញ្ចប់ទីនៅខាងមុខព្រះបរមរាជវាំង មកធ្វើនៅឧទ្យានមុខវត្តបទុមវតីវិញ ប៉ុន្តែព្រឹត្តិការណ៍នេះ នៅតែរក្សាគោលបំណងរួមក្នុងការជួយដល់សង្គមជាតិដដែល។
ជុំវិញការផ្លាស់ប្តូរទីតាំងរៀបចំនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើង ក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ឆ្នាំ២០២៥នេះ មិនអាចរៀបចំការចេញដំណើរ ការបញ្ចប់ទី និងរៀបចំពិធីបិទផ្សេងៗ នៅខាងមុខព្រះបរម្យរាជវាំង ដូចបណ្តាឆ្នាំកន្លងមកនោះទេ។
លោកបញ្ជាក់ថា៖ «ជារៀងរាល់ឆ្នាំ ទិវារត់ប្រណាំងនេះ យើងតែងប្រារព្វធ្វើនៅខាងមុខព្រះបរម្យរាជវាំង ប៉ុន្តែដោយសារបច្ចុប្បន្ន ព្រះបរមរាជវាំង មានរៀបចំពិធីបុណ្យជាតិធំៗច្រើន អ៊ីចឹងយើងនឹងរៀបចំទិវារត់ប្រណាំងរបស់យើង នៅខាងមុខវត្តបទុមវតីវិញ ដើម្បីរក្សាសុវត្ថិភាពការរៀបចំរបស់យើង ដោយមានការទទួលខុសត្រូវ និងចៀសឆ្ងាយពីខាងមុខព្រះបរម្យរាជវាំង ហើយអ្នករត់ទាំងអស់ ក្នុងត្រូវជ្រាបពីបញ្ហានេះដែរ»។
ជាមួយការផ្លាស់ប្តូរទីតាំងរៀបចំនេះ លោក សែម ផល្លា នាយកប្រតិបត្តិរៀបចំម៉ារ៉ាតុងនៅកម្ពុជា បានឱ្យដឹងថា ការរត់ចម្ងាយ២១គីឡូម៉ែត្រ លើកនេះ មិនមានការរត់ឆ្លងកាត់ស្ពានជ្រោយចង្វាទៀតទេ គឺជំនួសដោយការត់ទៅតំបន់កោះនរាវិញ ហើយចម្ងាយ១០គីឡូម៉ែត្រ ក៏រត់ត្រឹមក្រោមស្ពានជ្រោយចង្វា រួចបត់ស្តាំតាមផ្លូវមាត់ទន្លេ ឆ្ពោះទៅកោះពេជ្រ និងឆ្លងកាត់ស្ពានកោះនរាដូចគ្នា មុនត្រឡប់មកទីផ្តាច់ព្រ័ត្រ នៅខាងមុខវត្តបទុមវតី។
តាមការរៀបរាប់របស់លោក សែម ផល្លា បង្ហាញថា ផ្លូវរត់លើកនេះ ហាក់មានផ្លូវបត់ប៉ែនច្រើន ប៉ុន្តែលោកអះអាងថា គណៈកម្មការរៀបចំ មានដាក់សញ្ញាសម្គាល់ និងមានអ្នកប្រចាំការនៅតាមផ្លូវនីមួយៗ ហើយក៏មានម៉ូតូជិះនាំមុខ និងជិះបិទគូទ ក្រោមការរៀបចំសណ្តាប់ធ្នាប់ពីភាគីពាក់ព័ន្ធ គឺធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍នេះ អាចដំណើរទៅបានល្អ ឱ្យស្របតាមស្តង់ដាអន្តរជាតិ។

លោក វ៉ាត់ ចំរើន និងលោក សែម ផល្លា ពេលចូលរួមក្នុងសន្និសីទកាសែត នៅទីស្នាក់ការ NOCC កាលពីថ្ងៃចន្ទ។ រូបថត NOCC
លោកបញ្ជាក់ថា៖ «ការរៀបចំរបស់យើង មានភាពហ្មត់ចត់តាមស្តង់ដាអន្តរជាតិដែរ ព្រោះទិវារត់ប្រណាំងភ្នំពេញរបស់យើង ជាព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ហើយក៏ជាសមាជិករបស់ម៉ារ៉ាតុងពិភពលោកដែរ អ៊ីចឹងក្រោយបញ្ចប់ការរត់ប្រណាំងហើយ គណៈកម្មការបច្ចេកទេសរបស់យើង នឹងធ្វើរបាយការណ៍មួយទៅឱ្យម៉ារ៉ាតុងពិភពលោក វាយតម្លៃ ហេតុនេះយើងត្រូវខិតខំប្រឹងប្រែងរៀបចំឱ្យបានល្អប្រសើរ»។
ជាមួយការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៣ ឆ្នាំ២០២៥នេះ លោក វ៉ាត់ ចំរើន បានអះអាងថា នៅតែរក្សាគោលបំណងរួម ដោយផ្តោតទៅលើការអបអរសាទរថ្ងៃចម្រើនព្រះជន្មសម្តេចម៉ែ ក៏ដូចជារក្សាគោលជំហរ ក្នុងការប្រមូលថវិកាជួយដល់កិច្ចការសង្គមជាតិ។
លោកបានថ្លែងថា៖ «គោលបំណងនៃការរៀបចំនៅដដែល ដោយប្រធានបទ ដែលយើងទទួលបានពីរាជរដ្ឋាភិបាល គឺដើម្បីអបអរសាទរដល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ជារៀងរាល់ឆ្នាំ យើងតែងប្រារព្វពិធីនេះ មុនពេលរត់ ដើម្បីថ្វាយព្រះពរទៅដល់សម្តេចម៉ែ»។
«គោលបំណងមួយទៀត យើងបានដឹងហើយថា តាំងពីការរៀបចំទិវារត់ប្រណាំងនេះ លើកទី១មក គឺយើងធ្វើការជាមួយមន្ទីរពេទ្យគន្ធបុប្ផា ហើយជារៀងរាល់ឆ្នាំ ថវិកា ដែលប្រមូលបានពីព្រឹត្តិការណ៍នេះ យើងបានយកទៅជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយមានការផ្សព្វផ្សាយយ៉ាងមានតម្លាភាព»។ លោក វ៉ាត់ ចំរើន បានបន្ថែម។
ទន្ទឹមជាមួយគ្នានេះ ការរៀបចំឱ្យមានទិវារត់ប្រណាំងនេះ ក៏ជាការរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជនផងដែរ គឺមនុស្សមកពីគ្រប់ទិសទី ទាំងជនជាតិខ្មែរ និងជនបរទេស សុទ្ធតែអាចចូលរួមរត់តាមសមត្ថភាពរបស់ខ្លួន ដើម្បីបង្កើតសុខភាពល្អ រាងកាយមាំមួន និងទំនាក់ទំនងល្អជាមួយអ្នកដទៃ។
គិតមកដល់ពេលនេះ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ឆ្នាំ២០២៥ មានអ្នកចុះឈ្មោះចូលរួមរត់ទាំងខ្មែរ និងបរទេសប្រមាណ៤៩៨៨នាក់ហើយ ហើយគណៈកម្មការរៀបចំ បានដាក់ក្តីសង្ឃឹមថា ចំនួនអ្នកចូលរួមសរុបអាចកើនដល់ជាង៥ពាន់នាក់ ទៅតាមការគ្រោងទុក ខណៈព្រឹត្តិការណ៍នេះ មានការរត់ប្រណាំងលើការរត់ចម្ងាយ ២១ គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូក្រាម និងរត់បែបកម្សាន្ត២គីឡូម៉ែត្រ៕