
ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (ខៀវ) ពេលប្រកួតស្មើ ១-១ ជាមួយក្រុមU19ជម្រើសជាតិនារីឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ។ រូបថត FFC
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានកោះហៅកីឡាការិនីឆ្នើមៗចំនួន២៨នាក់ មកប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមធំជម្រើសជាតិនារីកម្ពុជា ដើម្បីត្រៀមការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Women's Asian Cup Australia 2026 ចំណែកក្រុមU19ជម្រើសជាតិនារីកម្ពុជា បានបង្ហាញការតាំងចិត្តលេងឱ្យបានល្អ សម្រាប់ការប្រកួតចុងក្រោយជាមួយក្រុមការពារតំណែងជើងឯករបស់ថៃ ក្នុងពាន ASEAN U19 Girls’ Championship 2025 នៅថ្ងៃសុក្រនេះ។
ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងត្រូវធ្វើការប្រកួតបញ្ចប់ពូលBជាមួយក្រុមកីឡាការិនីជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំ នៅលើទឹកដីប្រទេសវៀតណាម នារសៀលម៉ោង៣ ថ្ងៃសុក្រនេះ ចំណែកក្រុមU19ជម្រើសជាតិនារីឥណ្ឌូនេស៊ី ក៏ត្រូវប្រកួតកាត់សេចក្តីជាមួយក្រុមU19ជម្រើសជាតិនារីម៉ាឡេស៊ី នៅម៉ោងជាមួយគ្នាផងដែរ។
យ៉ាងណាក៏ដោយ តាមរយៈការប្រកួតជម្រុះ២លើកក្នុងពូលនេះ ក្រុមU19ជម្រើសជាតិនារីកម្ពុជា ទើបរកបាន១ពិន្ទុទេ ដោយពួកគេ បានចាញ់ក្រុមនារីម៉ាឡេស៊ី ៤-០ ក្នុងការប្រកួតបើកឆាក កាលពីថ្ងៃចន្ទ និងបានស្មើ ១-១ ជាមួយក្រុមនារីឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ ហើយវាក៏ជាកំណត់ត្រាថ្មីសម្រាប់ក្រុមនារីកម្ពុជាដែរ ដែលស្មើជាមួយក្រុមនារីឥណ្ឌូនេស៊ី ក្នុងពាន ASEAN U19នេះ ព្រោះការជួបគ្នា២លើកកន្លងមក ក្រុមនារីកម្ពុជា បានចាញ់ ១-០ កាលពីឆ្នាំ២០២២ និងបានបន្តចាញ់ ៤-០ កាលពីឆ្នាំ២០២៣។
ចំពោះការស្មើ ១-១ ជាមួយក្រុមU19ជម្រើសជាតិនារីឥណ្ឌូនេស៊ីនេះ អតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិនារីកម្ពុជា បានបង្ហោះសារអបអរដល់ក្រុមU19នារីកម្ពុជា បែបនេះថា៖ «គ្រាប់បាល់១គ្រាប់ៗ ពិន្ទុ១ពិន្ទុៗ របស់ក្រុមជម្រើសជាតិ មិនមែនបានមកដោយងាយនោះទេ។ សូមសាទរសម្រាប់គ្រាប់បាល់ និងពិន្ទុដំបូងរបស់ក្រុមនារីU19»។

ជាមួយគ្នានេះ អ្នកស្រី ឈឺ នីផា គ្រូបង្គោលក្រុមU19ជម្រើសជាតិនារីកម្ពុជា បានមើលឃើញថា កូនក្រុមរបស់អ្នកស្រី ហាក់នៅមានអារម្មណ៍ភ័យ ពេលប្រកួតជាមួយក្រុមនារីម៉ាឡេស៊ី តែពួកគេ ចាប់មានទំនុកចិត្ត និងធ្វើបានល្អ ហេតុនេះអ្នកស្រីជឿថា ការជួបក្រុមនារីថៃ ថ្ងៃនេះ ក្រុមនារីកម្ពុជា នឹងកាន់តែមានទំនុកចិត្តខ្លាំង ហើយក៏បានតាំងចិត្តបង្ហាញពីការលេងឱ្យបានល្អផងដែរ ទោះលទ្ធផលចាញ់ ឬឈ្នះ។
តាមរយៈ FFC អ្នកស្រី ឈឺន នីផា បាននិយាយថា៖ «ការជួបក្រុមថៃ ជាការប្រកួតដ៏តានតឹង ប៉ុន្តែយើងក៏បានត្រៀម និងរៀបចំខ្លួនរួចរាល់ផងដែរ ហេតុនេះយើងសង្ឃឹមថា ក្មេងៗរបស់យើង នឹងលេងបានប្រសើរជាងការប្រកួតមុនៗ។ មិនថាលទ្ធផលយ៉ាងណា ប៉ុន្តែខ្ញុំជឿជាក់ថា កីឡាការិនីរបស់យើង នឹងលេងឱ្យល្អមើលជូនបងប្អូន ជាទស្សនិកជន បានទស្សនា»។
យ៉ាងណាក៏ដោយ ការជួបក្រុមU19ជម្រើសជាតិនារីថៃ នៅថ្ងៃសុក្រនេះ គេមិនរំពឹងថា ក្រុមU19នារីកម្ពុជា អាចដណ្តើមបានពិន្ទុបន្ថែមនោះទេ ព្រោះ២ប្រកួតកន្លងមកនេះ ក្រុមនារី បានលត់ក្រុមនារីឥណ្ឌូនេស៊ី ៦-១ និងបន្តយកឈ្នះក្រុមនារីម៉ាឡេស៊ី ៧-១ ហើយបានឈ្នះកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចទៅហើយ ហេតុនេះពួកគេ មិនបណ្តោយឱ្យចាញ់ក្រុមនារីកម្ពុជានោះទេ ខណៈការជួបគ្នា ក្នុងពានរង្វាន់នេះ កាលពីឆ្នាំ២០២២ ក្រុមនារីថៃ បានយកឈ្នះក្រុមនារីកម្ពុជា ៤-០។
ដោយឡែក FFC ទើបបង្ហាញបញ្ជីរាយនាមបឋមនៃក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ទាំង២៨នាក់ កាលពីយប់មិញ ដោយក្នុងនោះ កីឡាការិនីមកពីក្លិបភ្នំពេញក្រោន និងក្រុមវិសាខា ត្រូវបានជ្រើសរើសមកប្រមូលផ្តុំច្រើនជាងគេ ព្រោះក្រុមទាំង២នេះ កំពុងធ្វើបានល្អ ក្នុងការប្រកួតលីគនារីកម្ពុជា ឆ្នាំ២០២៥ (Cambodian Women's League) ដោយបានឈ្នះទាំង២ប្រកួតជាប់ៗគ្នា។

តាមបញ្ជីរាយនាមកីឡាការិនី២៨នាក់ដំបូងនេះ គឺមានកីឡាការិនីរបស់ភ្នំពេញក្រោន រហូតដល់៩នាក់ និងកីឡាការិនីរបស់វិសាខា ៧នាក់ ចំណែកកីឡាការិនី១២នាក់ទៀត គឺមានមកពីក្លិបណាហ្គាវើលដ៍ ៤នាក់ ក្លិបបឹងកេត ២នាក់ ក្លិបព្រះខ័នរាជស្វាយរៀង ២នាក់ ក្លិបបាល់ទាត់សៀមរាប ២នាក់ ក្លិបបាល់ទាត់មីស្ទើរលេង ១នាក់ និងកីឡាការិនីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា១នាក់។
យ៉ាងណាក៏ដោយ ក្រុមម្ចាស់ផ្ទះកម្ពុជា មានពេលប្រមូលផ្តុំហ្វឹកហាត់ជុំគ្នា បានជាង១០ថ្ងៃទេ ព្រោះពាន AFC Women's Asian Cup Australia 2026 ក្នុងពូលGនេះ នឹងចាប់ផ្តើមប្រកួតជម្រុះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ដោយក្នុងនោះ ក្រុមនារីកម្ពុជា ត្រូវជួបក្រុមនារីជម្រើសជាតិហុងកុង នៅថ្ងៃបើកឆាក រួចបន្តប៉ះក្រុមនារីហ្វីលីពីន ថ្ងៃទី២ កក្កដា និងចុងក្រោយជួបក្រុមនារីអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី៥ ខែកក្កដា៕


បញ្ជីរាយនាមបឋមនៃក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ទាំង២៨នាក់ សម្រាប់ត្រៀមការប្រកួតជម្រុះពាន AFC Women's Asian Cup Australia 2026។ រូបថត FFC