
ការប្រកួតអន្តរជាតិវាងកីឡាករកម្ពុជា (ក្រហម) និងកីឡាករថៃ នៅលើសង្វៀនឯកជន នៅកម្ពុជា កន្លងមក ប៉ុន្តែពេលនេះ សហព័ន្ធ បានប្រកាសឱ្យឈប់យកកីឡាករ កីឡាការិនីថៃ មកប្រកួតទៀតហើយ។ រូបថត សហការី
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមការដឹកនាំរបស់លោក ខូវ ឆាយ បានចេញសេចក្តីដំណឹងទាន់ហន់មួយ នៅថ្ងៃសុក្រនេះ ដោយបានប្រាប់ទៅម្ចាស់ស្ថានីយទូរទស្សន៍ និងដៃគូសហការ ដែលមានបើកសង្វៀនប្រដាល់ គឺត្រូវបញ្ឈប់ការចាប់គូដល់កីឡាករ កីឡាការិនីថៃ ឱ្យមកប្រកួតនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ខែមិថុនានេះតទៅ។
សហព័ន្ធ បានបញ្ជាក់តាមសេចក្តីប្រកាសរបស់ខ្លួនថា៖ «សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានកិត្តិយសសូមជម្រាបជូនដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីថៃ នៅគ្រប់ស្ថានីយទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹងជាថ្មី»។
«អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ទាំងអស់ នៅកម្ពុជា ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទទួលខុសត្រូវខ្ពស់»។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់បន្ថែម។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីជូនដំណឹងនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនបានប្រាប់ពីមូលហេតុ ដែលឈានទៅដល់ការបញ្ឈប់ការចាប់គូដល់កីឡាករ កីឡាការិនីថៃ នៅគ្រប់ស្ថានីយទូរទស្សន៍ និងសង្វៀននានា នៅក្នុងប្រទេសកម្ពុជានេះទេ។
តែទោះបីជាយ៉ាងណា ករណីនេះ ត្រូវបានមហាជនយល់ថា អាចពាក់ព័ន្ធទៅហេតុការណ៍ថ្មីៗ កំពុងកើតមាន ជុំវិញបញ្ហានៅតាមព្រំដែន ដោយកម្ពុជាបញ្ជាក់ច្បាស់ថា នឹងយកករណីជម្លោះព្រំដែន ទាក់ទងនឹងប្រសាទតាមាន់ធំ ប្រសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាយុត្តិធម៌អន្តរជាតិ (ICJ) តែភាគីថៃ មិនព្រម ដោយពួកគេ បញ្ជាក់ជំហរចង់ចចារជាមួយលក្ខណៈទ្វេរភាគី ដែលមានស្រាប់វិញ។
ជាមួយនេះ គ្រប់ម្ចាស់សង្វៀនប្រដាល់ នៅក្នុងប្រទេសកម្ពុជា បានធ្វើការគាំទ្រនូវចំណាត់ការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចំពោះការបញ្ឈប់ការចាប់គូដល់កីឡាករ កីឡាការិនីរបស់ថៃ មិនឱ្យមកប្រកួតនៅលើទឹកដីកម្ពុជានេះ ហើយមហាជនភាគច្រើន ក៏បានបង្ហោះសារគាំទ្រលើចំណាត់ការនេះដូចគ្នា។
លោក ម៉ុល នី ប្រធានផ្គូផ្គងការប្រកួតកីឡាប្រដាល់ប្រចាំនៅសង្វៀនប្រដាល់ទទក បានបង្ហោះសារបែបនេះថា៖ «ក្នុងនាមខ្ញុំបាទ ជាអ្នកគ្រប់គ្រងផ្នែកកីឡាប្រដាល់របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក ខ្ញុំសូមធ្វើការគាំទ្រយ៉ាងពេញទំហឹង សម្រាប់ការសម្រេចចិត្តរបស់សហព័ន្ធប្រដាល់គុនខ្មែរក្នុងការបញ្ឈប់នាំយកកីឡាករថៃ មកប្រកួតនៅស្ថានីយ ទទក លុះត្រាមានការជូនដំណឹងជាថ្មី»។
ចំណែកលោក ហាក់ សុខហេង តំណាងពីខាងស្ថានីយទូរទស្សន៍ថោន ដែលមានកម្មវិធីប្រកួតប្រដាល់ច្រើនជាងគេនោះ បានបង្ហោះសារជុំវិញបញ្ហានេះដូច្នេះថា៖ «TV យើងខ្ញុំ មិនដែលចាក់រឿងថៃ និងមិនដែលយក (កីឡាករ កីឡាការិនី) ថៃ មកវ៉ៃច្រើនឆ្នាំមកហើយ»៕