កីឡាករ​ជើង​ខ្លាំងរបស់កម្ពុជា ពេជ្រ សម្បត្តិ, ឡៅ ចន្ទ្រា និង លន បញ្ញា សុទ្ធតែ​​ដណ្តើម​បាន​ខ្សែ​ក្រវាត់រៀងៗ​ខ្លួន សម្រាប់​ការ​ប្រកួត​ នៅសហរដ្ឋអាមេរិក ប៉ុន្តែ​កីឡាការិនី អេ យ៉ានុត បាន​ទួញយំដូចកូនក្មេង ខណៈរូបនាង​នៅតែមិនអាច​ដណ្តើម​បាន​ខ្សែ​ក្រវាត់ សម្រាប់​ការ​ប្រកួត​នៅលើទឹក​ដីមហាអំណាច​នេះ ចំណែក ឡៅ ចិត្រា ត្រូវបាន​ប្រកាស​ឱ្យ​ចាញ់​ជើង​ខ្លាំងបានកម្ពស់ Juan Jackson ទាំងមិនទំនង។


សម្រាប់​​ព្រឹត្តិការណ៍អន្តរជាតិ​គ្រុឌគុនខ្មែរ ជា​លើក​ទី​២ នៅ​អាមេរិក (KRUD KUN KHMER TO USA 2) ដែល​ធ្វើ​នៅ​មជ្ឍមណ្ឌលសន្និបាតក្រីត័រតាកូម៉ា ទីក្រុងតាកូម៉ា សហរដ្ឋអាមេរិច កាលពី​ថ្ងៃទី​៣១ ខែឧសភា ត្រូវ​នឹង​ថ្ងៃទី​១ ខែមិថុនា នៅ​កម្ពុជានេះ ពេជ្រ សម្បត្តិ និង លន បញ្ញា សុទ្ធតែ​ដណ្តើម​បានខ្សែ​ក្រវាត់ International USECA Champion ទាំង​លំបាក ក្នុង​ការ​ប្រកួត​៥ រីឯ ឡៅ ចន្ទ្រា ​បាន​ឈ្នះ​ខ្សែ​ក្រវាត់គ្រុឌគុនខ្មែរ​អន្តរជាតិ ចំពោះការ​ប្រកួត​៣​ទឹក។

ចំពោះ​ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ USECA ក្នុងប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ ពេជ្រ សម្បត្តិ ត្រូវបានគេ​មើល​ឃើញ​ថា អាចមានឱកាស​ផ្តួល Malcom Hill ឱ្យ​សន្លប់ ​នៅពេល​រូបគេ បាន​​ម៉ាត់​​ឱ្យ​កីឡាករអាមេរិក​ម្នាក់នេះ ដួល​អុកគូទទាំង​ជំហរ នៅចុងទឹក​ទី​២​នោះ ប៉ុន្តែ​លោកអាជ្ញាកណ្តាល មិន​បានរាប់​ទៅលើ​ Malcom Hill ដែល​ក្រោកឡើង​ទាំងស្ថានភាព​យ៉ាប់​នោះ​ទេ។


អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ គឺកីឡាករ​ Malcom Hill ដែល​ធ្លាប់​ឈ្នះខ្សែ​ក្រវាត់ WBC ចំនួន​២​ស្ថាប័ន​នោះ ពិតជា​មាន​ភាព​ធន់​ខ្លាំង ក្នុងការ​ទប់ការ​វាយសម្រុក​របស់ ពេជ្រ សម្បត្តិ រហូត​ដល់​ចប់៥​ទឹក​ពេញ និងបានចាញ់ត្រឹមពិន្ទុ ហើយការ​វាយកែងសង​របស់​កីឡាករ​អាមេរិក​ម្នាក់នេះ ក៏​បាន​ធ្វើ​ឱ្យ សម្បត្តិ បែក​ចុងចិញ្ចើម​ឆ្វេង នៅទឹកទី​៣​ផងដែរ។


កីឡាការិនី អេ យ៉ានុត (ក្រហម) ពេល​ប្រកួតជាមួយ​កីឡាការិនីកាណាដា Vectoria Borgdan នៅលើ​ទឹក​ដី​អាមេរិក។ រូប​ថត Krud Kun Khmer


តាម​រយៈជ័យជម្នះនេះ បានជួយ​ឱ្យ ពេជ្រ សម្បត្តិ ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ International USECA Champion យ៉ាងរំភើប ហើយ​នេះក៏ជា​លើក​ទី​២​ផងដែរ ដែល សម្បត្តិ បាន​ឈ្នះ​ខ្សែ​ក្រវាត់ នៅលើទឹកដី​អាមេរិក ខណៈ​ការ​ចេញ​ទៅ​លើក​ទី​១ នៅ​ទីក្រុង​ឡុង​ប៊ិច រដ្ឋកាលីហ្វញ៉ា កាលពី​ខែមេសា ឆ្នាំ​២០១៥ គឺ ពេជ្រ សម្បត្តិ បាន​ក្លាយជា​បេក្ខភាពតំណាង​ឱ្យ​កម្ពុជា​តែម្នាក់​គត់ ក្នុងចំណោម​បេក្ខភាព​ចំនួន​៤នាក់ ដែល​ឈ្នះ​បាន​ខ្សែ​ក្រវាត់ជូនកម្ពុជា។

ចំណែក លន បញ្ញា ក៏បាន​ធ្វើការធ្ងន់ដូចគ្នា ដោយ​រូបគេ បាន​យក​ឈ្នះ​កីឡាករ​របស់អាមេរិក Jose Aquino ដោយ​ពិន្ទុទាំង​លំបាក ដើម្បី​ឈ្នះ​បាន​ខ្សែ​ក្រវាត់ International USECA Champion ក្នុងប្រភេទ​ទម្ងន់ ៦៧គីឡូក្រាម។ រីឯ ឡៅ ចន្ទ្រា ​បាន​យក​ឈ្នះ​កីឡាករ​អាមេរិក Juan Jackson ដោយពិន្ទុ ក្នុងការ​ប្រកួតត្រឹម​៣ទឹក ដើម្បី​ទទួលបាន​ខ្សែ​ក្រវាត់​គ្រុឌគុនខ្មែរ​អន្តរជាតិ ទម្ងន់៧៥គីឡូក្រាម។

ផ្ទុយ​ពីនេះ កីឡាករជើង​ខ្លាំង ឡៅ ចិត្រា បានចាញ់​កីឡាករ​បាន​កម្ពស់​របស់អាមេរិក Evan Boulton ដោយពិន្ទុ​ទាំងមិនទំនង សម្រាប់​ការ​ប្រកួត​ដណ្តើមខ្សែក្រវាត់ International USECA Champion ទម្ងន់​៧០គីឡូក្រាម ហើយ​​កីឡាការិនី អេ យ៉ានុត ក៏បានចាញ់ពិន្ទុ​កីឡាការិនី​កាណាដា  Vectoria Borgdan ក្នុងការ​ដណ្តើមខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ ទម្ងន់​៥៧​គីឡូក្រាម​ផងដែរ។

ការ​បរាជ័យ​ ចំពោះការ​ទទួលបានឱកាស​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ជា​លើក​ទី​២ នៅលើទឹក​ដី​អាមេរិក​នេះ បាន​ធ្វើ​ឱ្យកូនស្រី​របស់លោក អេ ភូថង រូបនេះ មានការ​ខកចិត្ត​ខ្លាំង និងបានទួញ​យំដូចកូនក្មេង។ អេ យ៉ានុត បាននិយាយ​ទាំងទឹក​ភ្នែករហាម​ថា៖ ​«ខ្ញុំបានចាញ់​២​ដង​ហើយ ហើយខ្ញុំ​​មិនមែន​អ្វី​ក្រៅ​ពី​ការ​សោក​ស្តាយ និងសុំ​ទោសទៅ​ដល់ឪពុក​ម្តាយ​របស់​ខ្ញុំ ដែលកូនស្រី​ម្នាក់នេះ ធ្វើ​មិនបាន​ល្អ»។

យ៉ាង​ណា​ក៏​ដោយ លោក ខូវ ឆាយ ប្រធានសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ដែល​ដឹកនាំ​ក្រុមគុនខ្មែរ ទៅ​​ប្រកួត​នៅអាមេរិក​លើកទី​២នេះ បាន​អះអាង​ថា ការ​ឈ្នះ​បានខ្សែ​ក្រវាត់​៣នាក់ និងចាញ់​២នាក់ ក្នុងចំណោម​កីឡាករ កីឡាការិនីកម្ពុជា​​ទាំង​៥នាក់ ដែល​ចេញ​ទៅ​ប្រកួត​លើកនេះ វាជា​លទ្ធផល​ល្អ ជាងការ​ចេញ​ទៅ​ប្រកួត​លើក​ទី​១ កាលពី​ខែមេសា តែ​លោក​ក៏មិនយល់​ស្របចំពោះការកាត់សេចក្តី​ឱ្យ​​កីឡាករ ឡៅ ចិត្រា នោះ​ដែរ។

ការ​ប្រកួត​រវាង​កីឡាករ ឡៅ ចិត្រា និង​កីឡាករអាមេរិក Evan Boulton ដែលជំនួូប​នេះ ចិត្រា ត្រូវបានប្រកាស​ឱ្យចាញ់​ទាំង​មិនទំនង។ រូប​ថត Krud Kun Khmer

លោក ខូវ ឆាយ ​បាននិយាយជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ក្រោយការ​ប្រកួត​​ថា៖​ «ឡៅ ចិត្រា មិនសម​ចាញ់​នោះ​ទេ តែ​ធ្វើ​ម៉េច​បើ​គេកាត់​សេចក្តីមក​អ៊ីចឹងហើយនោះ។ តែទោះបីជា​យ៉ាងណា ការ​ឈ្នះ​បានខ្សែ​ក្រវាត់​៣នាក់ ទល់​នឹងខាងគេ​​២​នាក់នេះ ​វា​ល្អ​ហើយ ព្រោះ​យើងមក​ប្រកួត​នៅទឹកដី​របស់​គេ អ៊ីចឹងគេ​ក៏ត្រូវការ​កិត្តិយស​ដែរ។ នេះជា​លទ្ធផល​កីឡា ដោយសារគេ​ក៏​ប្រឹងហាត់ យើងក៏ប្រឹងហាត់ដូចគ្នា តែយើងហត់នឿយជាង ព្រោះ​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​ណាស់»៕