ភ្នំពេញក្រោន បានចាត់​ទុក​កីឡាករ​បរទេស ដែលបានចាកចេញជាបន្ត​បន្ទាប់ថា ជាតួអង្គ​សំខាន់ ក្នុងការទទួលបានជ័យជម្នះដ៏គួរឱ្យចងចាំជាមួយនឹងការលេងដ៏អស្ចារ្យ ប៉ុន្តែ​ក្លិប​មួយនេះ បានអះអាង​ពីការ​បន្តវិនិយោគ​ ក្នុងការ​នាំ​យក​កីឡាករ​បរទេស​មានគុណ​ភាពខ្ពស់ ក៏ដូចជាបណ្តុះបណ្តាលធន​ធានកីឡាករ​ក្នុងស្រុក ដើម្បី​ធានា​ពីការ​ត្រៀម​ខ្លួនបាន​ល្អ សម្រាប់ប្រកួត​ប្រជែង​នៅរដូវកាលក្រោយ​។ នេះបើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្លិប​។


នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍ កាលពី​ថ្ងៃចន្ទ​ ភ្នំពេញក្រោន បានសង្កត់​ធ្ងន់​ទៅលើ​កីឡាករ​បរទេស ដែលបានរួមរស់ជាមួយ​ក្លិប ក្នុង​រយៈពេល​ពី​៤ទៅ​៥​រដូវកាល ដែល​សំដៅ​ទៅលើ​កីឡាករ​ជប៉ុន Yudai Ogawa, Takaki Ose និង​ខ្សែ​បម្រើ​ប្រយុទ្ធរបស់កូឡុំប៊ី Nieto Rondon ដោយ​អ្នកទាំង​៣នេះ បាន​លេង​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន រហូត​ទទួលបានសញ្ជាតិ​ខ្មែរ និង​បាន​លេង​ឱ្យក្រុមជម្រើសជាតិ​កម្ពុជាទៀត។

ចំណែក​ខ្សែ​ប្រយុទ្ធហូឡង់ Jelle Goselink បាន​ចូលរួមនៅ​ឆ្នាំ​២០២៣ ហើយ​ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា Ibeh Ofufu និង​កីឡាករ​ហ្វីលីពីន Javier Gayoso ទើប​តែ​ចូល​រួមជាមួយ​ភ្នំពេញ​ក្រោន កាលពី​ឆ្នាំ​២០២៤​ទេ ប៉ុន្តែ​​ក្រោមការ​ដឹកនាំ​របស់​គ្រូបង្គោល លោក Oleg Starynskyi គឺអ្នកទាំង​៣នេះ ក៏បំពេញ​តួនាទីបាន​ល្អ ក្នុងការជួយ​ដល់​ក្រុម​មាន​មូល​ដ្ឋាន​នៅ​កីឡដ្ឋាន Smart RSN ផងដែរ មុនពេល​ចាកចេញ។


ភ្នំពេញក្រោន បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍បែបនេះ​ថា៖ «ជាការពិតណាស់ ពួកគេគឺជាកីឡាករស្នូល​របស់ភ្នំពេញក្រោន អស់រយៈពេល ៤ ឬ ៥ រដូវកាលមកហើយ ហេតុនេះ វាជាពេលវេលា ដែលពួកគេបានសម្រេចចិត្ត ក្នុងការស្វែងរកឱកាសថ្មី និងបទពិសោធន៍​បាល់ទាត់ថ្មីសម្រាប់ខ្លួនឯង»។


សេចក្តី​ថ្លែងការណ៍ដដែល បន្ថែម​ថា៖​ «ថ្នាក់ដឹកនាំក្លិប បានគោរពតាមការសម្រេចចិត្តរបស់ពួកគេ ក្នុងការស្វែងរកការប្រកួតប្រជែងថ្មីៗបន្ថែមទៀត ក្នុងបរិបទរៀងៗខ្លួន ដោយហេតុថា នាពេលកន្លងមក ពួកគេបានលះបង់ពេលវេលាដ៏សំខាន់ នៃអាជីពរបស់ខ្លួនជាមួយក្លិបភ្នំពេញក្រោន ព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការសាងភាពជោគជ័យ និងការរីកចម្រើនរបស់យើងទាំងក្នុង និងក្រៅទីលាន»។


កីឡាករ Nieto Rondon (ជួរក្រោយ​រាប់ពី​ស្តាំ) Jelle Goselink, Javier Gayoso, Takaki Ose, Park Yi-Young និង Yudai Ogawa (ជួរមុខ​រាប់ពី​ឆ្វេង) ពេល​លេង​រួមគ្នា​ឱ្យ​ក្រុមស្វាយរៀង កន្លងមក។ រូប​ថត ភ្នំពេញក្រោន

គួររំឭក​ថា ម្ចាស់អាវ​លេខ​១០ Nieto Rondon បាន​ចូលរួមជាមួយ​ភ្នំពេញក្រោន កាល​ឆ្នាំ​២០២០ ចំណែក Yudai Ogawa និង Takaki Ose បាន​ចូលរួមក្នុង​ឆ្នាំ​២០២១​ដូចគ្នា ហើយ​ក្នុង​រយៈពេល​​​ប្រមាណ​៥​ឆ្នាំ​នេះ អ្នកទាំង​៣ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការ​ជួយ​ឱ្យ ភ្នំពេញ​ក្រោន ឈ្នះ​ពាន​លីគកំពូលកម្ពុជា ចំនួន​២​លើកជាប់ៗ​គ្នា កាលពី​ឆ្នាំ​២០២១ និងឆ្នាំ​២០២២ ព្រមទាំង​​ឈ្នះ​ជើងឯក​រង កាលពី​រដូវ​កាល​ឆ្នាំ​២០២៣-២០២៤ និង​រដូវកាល​ឆ្នាំ​២០២៤-២០២៥​នេះ។

បន្ថែម​លើ​នេះ ​ពួកគេ ក៏​ទើបរួមចំណែកជួយ​ឱ្យ​​ក្រុម​ភ្នំពេញ​ក្រោន ​ឈ្នះ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ជា​លើក​ទី​៣ ក្នុង​ឆ្នាំ​២០២៥នេះ បន្ទាប់ពី​ក្រុមនេះ បាន​រង់ចាំអស់​រយៈពេល​១៦​ឆ្នាំ ពោលគឺចាប់​តាំងពី​បាន​ឈ្នះ​ពាន​នេះ​ចំនួន​២លើកជាប់ៗគ្នា កាលពី​ឆ្នាំ​២០០៨ និងឆ្នាំ​២០០៩។

ជាមួយសមិទ្ធផល​ទាំងអស់នេះ ភ្នំពេញក្រោន បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍​​​ថា៖ ​«ក្នុងអំឡុងពេលដែលពួកគេ បានរួមរស់ជាមួយក្លិបភ្នំពេញក្រោន កីឡាករទាំងនេះ បានបង្ហាញពីវិជ្ជាជីវៈ ទេពកោសល្យ និងការប្តេជ្ញាចិត្តយ៉ាងជាប់លាប់។ ពួកគេជាតួអង្គសំខាន់ក្នុងការទទួលបានជ័យជម្នះដ៏គួរឱ្យចងចាំជាមួយនឹងការលេងដ៏អស្ចារ្យ និងជំរុញការអភិវឌ្ឍន៍ក្រុមរបស់យើង»។

«សមិទ្ធផលដែលពួកគេទទួលបានជាមួយក្លិប វានឹងក្លាយទៅជាកំណត់ត្រាដ៏ស្ថិតស្ថេរ និងយូរអង្វែងមួយ ហើយយើងនឹងចងចាំពួកគេជានិច្ច ព្រោះពួកគេ គឺជាសមាជិកដ៏សំខាន់នៃគ្រួសារភ្នំពេញក្រោន»។ ភ្នំពេញក្រោនបានបញ្ជាក់បន្ថែម តាមសេចក្តី​ថ្លែងការណ៍​របស់​ខ្លួន។

ជាមួយគ្នានេះ ក្រុមគ្រួសារ​បាល់​ទាត់​ភ្នំពេញ​ក្រោន បាន​សម្តែងការ​អរគុណ​ដល់​កីឡាករ​​ទាំងអស់ ដែល​បាន​រួមចំណែក ខិតខំប្រឹងប្រែង និងលះបង់ជួយ​ដល់​ក្រុម គឺ​ពិតជា​មាន​តម្លៃណាស់ ហើយ​ភ្នំពេញ​ក្រោន ក៏​បានជូនពរ​ឱ្យ​កីឡាករ​បរទេស ដែលបានចាកចេញ​ ជួបតែ​សំណាង​ល្អ​ក្នុង​អាជីពបាល់​ទាត់ និងការងារ​ផ្ទាល់​ខ្លួន ជាពិសេស ភ្នំពេញក្រោន នឹងនៅតែស្វាគមន៍ បើពួកគេ វិល​ត្រឡប់​មក​វិញ។

បន្ថែម​លើ​នេះ ភ្នំពេញ​ក្រោន បាន​បង្ហាញការ​គោរព​ទៅ​ដល់អ្នកគាំ​ទ្រ ហើយ​សូមឱ្យ​ពួកគេរួមគ្នាជាមួយភ្នំពេញក្រោន ក្នុងការ​បន្តដំណើរទៅមុខទៀត ប្រកបដោយភាពខ្លាំងក្លា ជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការកសាងក្រុមដ៏រឹងមាំ និងមានការប្រកួតប្រជែងខ្ពស់ គឺ​ភ្នំពេញក្រោន នឹង​បន្តវិនិយោគ ក្នុងការ​នាំ​យក​កីឡាករបរទេសមានគុណ​ភាព​ល្អៗ ដើម្បី​បញ្ជាក់​ពីការ​ត្រៀម​ខ្លួន​កាន់​តែ​ល្អ សម្រាប់​ប្រកួតប្រជែង​នៅ​រដូវ​កាលក្រោយ។

ភ្នំពេញក្រោន បានបញ្ជាក់តាមសេចក្តីថ្លែង​ការណ៍បែប​នេះ​ថា៖ «ក្លិបនឹងបន្តវិនិយោគលើការពង្រឹងទេពកោសល្យ សមត្ថភាព ការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានកីឡាករ ស្របទៅតាមទស្សនវិស័យរបស់យើង ដើម្បីធានាថា យើងបានត្រៀមខ្លួនបានល្អ សម្រាប់បញ្ហាប្រឈម និងឱកាសថ្មីៗនៅរដូវកាលខាងមុខនេះ»។

យ៉ាង​ណាក៏​ដោយ គិតមក​ដល់ពេល​នេះ ភ្នំពេញក្រោន នៅមិនទាន់បានប្រកាស ពីការ​នាំ​ចូល​កីឡាករ​បរទេសណា​មួយ សម្រាប់ត្រៀម​រដូវ​កាល​ថ្មី​នៅឡើយទេ ប៉ុន្តែ​គ្រូ​បង្គោល​លោក Oleg Starynskyi ដែល​បានសម្រេច​បន្តកិច្ចសន្យា​ជាមួយ​ភ្នំពេញ​ក្រោន ២​ឆ្នាំ​ទៀត​នោះ បាន​បញ្ជាក់ថា៖ «​​គោល​ដៅរបស់យើង ​គឺ​ត្រូវ​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត សម្រាប់​ក្លិប ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ឆាក​អន្តរជាតិ។ ទោះបីជា​យើង ជា​ក្លិប​ដែល​ជោគជ័យ​ជាងគេ​មែន តែ​យើង​នៅ​តែ​ស្រេក​ឃ្លាន និង​ចង់​បាន​ពាន​រង្វាន់​បន្ថែម​ទៀត»៕