នៅទីបំផុត​ក្លិប​ព្រះខ័នរាជស្វាយរៀង បាន​សម្រេច​តែងតាំង​គ្រូជំនួយ​លោក Matthew McConkey ឱ្យ​ឡើង​មក​ធ្វើជា​គ្រូ​បង្គោល ដោយ​រំពឹង​ថា គ្រូ​បង្វឹក​ថ្មី​នេះ នឹង​អាច​បង្កើត​បាន​នូវសមិទ្ធផល​ថ្មីៗ​ បន្ថែម​ទៅលើ​សមិទ្ធផល ដែល​សម្រេច​បាន ក្រោមការ​ដឹក​របស់​គ្រូ​បង្គោល​លោក Pep Munoz ដែល​ទើប​បានចាក​ចេញ។


នៅក្នុងសន្និសីទកាសែត បង្ហាញ​បេក្ខភាព​គ្រូបង្គោល​ថ្មី កាលពី​រសៀល​ថ្ងៃ​អង្គារ លោក Christopher William Grant អ្នកចាត់ការ​ទូទៅ​ក្រុមព្រះខ័នរាជស្វាយរៀង បានអះអាង ថា លោក Matthew បាន​ធ្វើជា​គ្រូជំនួស​រយៈពេល​៤​ឆ្នាំ​ជាមួយ​ក្រុមស្វាយរៀង ទាំងជាមួយ​គ្រូ​បង្គោល​លោក Conor Nestor និង​លោក Pep Munoz អ៊ីចឹង​គាត់បានស្គាល់រួច​ហើយពីបរិបទ​នៅ​ក្នុង​ក្លិប ក៏ដូចជា​ស្គាល់​ពី​បុគ្គលិក និង​កីឡាករនៅកម្ពុជា​។

លោក Christopher បាន​បន្ថែម​ថា ​នៅក្នុង​អំឡុង​ដែល​ក្រុមព្រះខ័នរាជស្វាយរៀង បានឈ្នះ​តំណែង​ជើងឯក​លីគកំពូល​កម្ពុជា ២​ឆ្នាំ​ជាប់ៗគ្នា និង​ឈ្នះ​តំណែង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២៤ ជាពិសេស​ការឡើង​​ទៅដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC Challenge League ឆ្នាំ​២០២៥នេះ គឺ​មានការ​រួមចំណែកជាច្រើន​​ពី​លោក Matthew ហើយនេះជា​អ្វី​ដែល​ក្លិបបាន​ជ្រើសរើស​យក​គាត់​ ធ្វើជា​គ្រូ​បង្គោល។


លោក Christopher បានបញ្ជាក់ថា៖​ «លោក Matthew បានរួមចំណែក​ជា​ច្រើន ក្នុងការ​នាំ​យក​ភាពជោគ​ជ័យ​ឱ្យ​ក្លិប​ក្នុងនាមជាគ្រួជំនួយ​៤​ឆ្នាំ​មក​នេះ ហេតុនេះ​ថ្នាក់ដឹកនាំ​ក្លិប​របស់យើង មិនបានគិតច្រើន​ទេ ក្នុងការ​ជ្រើស​រើស​ឱ្យគាត់​​ធ្វើ​ជាគ្រូ​ធំ​ គឺ​គាត់ពិតជាស័ក្តិសម​​ ហើយ​យើង​​មានទំនុក​ចិត្ត​ថា គ្រូ​បង្គោល​ថ្មី​​នេះ នឹង​ដឹកនាំ​ក្រុម​ឆ្ពោះ​ទៅបង្កើតបាននូវ​សមិទ្ធ​ផលផ្សេងៗ​បន្ថែម​ទៀត»។



យ៉ាងណាក៏​ដោយ លោក Christopher មិនចង់​ឱ្យ​មានការ​ប្រៀប​ធៀប​សមិទ្ធផល ដែល​បង្កើតបានក្រោម​ការ​ដឹកនាំ​របស់អតីត​គ្រូ​បង្គោល​លោក Pep Munoz ជាមួយគ្រូ​បង្គោល​ថ្មី​លោក Matthew ដែលនឹងត្រូវដឹកនាំ​ក្រុមស្វាយរៀង នៅរដូវ​កាល​នេះ​ទេ។

លោក​បានសង្កត់​ធ្ងន់​ថា៖ «ក្លិប​របស់យើងតែងតែ​ឆ្ពោះទៅមុខ អ៊ីចឹងអ្វី​ដែល​យើងត្រូវធ្វើ គឺ​យើងតែងតែ​ស្រេក​ឃ្លាន​នូវជ័យជម្នះ និងស្វែង​រក​ជ័យជម្នះជូនអ្នកគាំទ្រ ហេតុនេះ​យើងមិនចង់​ឱ្យមានការប្រៀបធៀប​នូវសមិទ្ធផលគ្រូ​ចាស់ ជាមួយគ្រូ​ថ្មី​នោះ​ទេ»។

ជាមួយគ្នានេះ លោក Matthew បានទទួលស្គាល់ថា ការ​ឡើង​មក​ធ្វើជា​គ្រូ​បង្គោល​នេះ ពិតជាមានសម្ពាធ​ជាង​ការ​ធ្វើជា​គ្រូជំនួយ ប៉ុន្តែ​គ្រូបង្វឹកមកពី​អៀរឡង់ខាងជើង កាន់អាជ្ញាប័ណ្ណ UEFA A Licence រូបនេះ ​បានអះអាង​ថា ការ​ទទួលបានការជឿជាក់ ដើម្បី​ក្លាយជាគ្រូ​បង្គោល​នៅក្លិប​ព្រះខ័នរាជស្វាយរៀងនេះ គឺពិតជាសំខាន់បំផុត នៅក្នុងជីវិត​របស់លោក។

លោក​បញ្ជាក់ថា៖ «នេះជាការ​សម្រេច​ចិត្ត​ដ៏ធំ នៅក្នុង​ជីវិត​របស់​ខ្ញុំ ក្នុងការ​បាន​ធ្វើ​ជា​គ្រូ​បង្គោល​ក្រុមព្រះខ័នរាជស្វាយរៀង ហើយ​គ្រូ​ជា​ច្រើនទៀត ក៏​តែងតែចង់​ធ្វើ​ជា​គ្រូ​ធំ​បែប​នេះ​ដែរ គឺ​យើងមិនអាច​ធ្វើជា​​គ្រូជំនួយអស់​មួយជីវិត​នោះ​ទេ អ៊ីចឹងការ​សម្រេច​ចិត្ត​ធ្វើជា​គ្រូ​ធំ ខ្ញុំ​សម្រេច​ចិត្ត​តែ​៣វិនាទីទេ ហើយខ្ញុំ​សូម​អំណរគុណ​ដល់​លោក Christopher និងឯកឧត្តម ឌី វិជ្ជា ជាប្រធាន​ក្លិប ដែលបានជឿជាក់ និង​ផ្តល់​ទំនុកចិត្តឱ្យខ្ញុំ​ក្លាយជា​គ្រូ​បង្គោល​របស់ក្លិប​ព្រះខ័ន​រាជស្វាយរៀង»៕