
សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមតាជីគីស្ថាន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ រូបថត FFC
សមាជិកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការប្រជែងយកលទ្ធផលល្អ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិតាជីគីស្ថាន នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រលប់ម៉ោង៧ ថ្ងៃព្រហស្បតិ៍ស្អែកនេះ បើទោះបីជាពួកគេដឹងថា តាជីគីស្ថាន ជាក្រុមខ្លាំងក៏ដោយ។
អ្នកចាំទីដៃទី១ វីរៈ ដារ៉ា ដែលធ្លាប់ជួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ប្រកួតជាមួយក្រុមជម្រើសជាតិតាជីគីស្ថាន កន្លងមកនោះ បានអះអាងថា តាជីគីស្ថាន ពិតជាមានគុណភាពលេងល្អទាំងការពារ ប្រយុទ្ធ ជាពិសេសពួកគេចូលចិត្តជែងខ្លាំង ជាមួយការលេងខ្លាំងៗរបស់ពួកគេ។
តាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា វីរៈ ដារ៉ា បាននិយាយថា៖ «ក្រុមជម្រើសជាតិតាជីគីស្ថាន គឺជាក្រុមខ្លាំងមួយ ដែលចូលចិត្តលេងខ្លាំង ការពារខ្លាំង និងជែងខ្លាំង ប៉ុន្តែសម្រាប់ខ្ញុំ នៅតែមានក្តីរំពឹងក្នុងការប្រកួត គឺគ្រប់ការប្រកួត យើងត្រូវតែមានក្តីរំពឹង ហើយយើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាពរបស់ពួកយើង»។
ចំណែកខ្សែប្រយុទ្ធ សារ ទី បានបង្ហាញភាពសប្បាយរីករាយ សម្រាប់ការទទួលបានឱកាសចូលរួមជាមួយក្រុមជម្រើសជាតិ ដើម្បីប្រកួតមិត្តភាពអន្តរជាតិលើកនេះ។ ទោះបីជារូបគេដឹងថា ការប្រកួតនេះ មានការពិបាក ដោយសារ តាជីគីស្ថាន ជាក្រុមខ្លាំង ប៉ុន្តែ សារ ទី បញ្ជាក់ថា៖ «ពួកយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះ សម្រាប់ការប្រកួត នៅថ្ងៃទី៥ ខែមិថុនានេះ»។
ដោយឡែកខ្សែប្រយុទ្ធរបស់ក្រុមបឹងកេត សៀង ចន្ធា ដែលទើបទទួលបានស្បែកជើងមាស ក្នុងនាមជាអ្នកទាត់បាល់បញ្ចូលទីបានច្រើនជាងគេ ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៥នោះ បានមើលឃើញពីភាពអំណោយផលរបស់ក្រុមតាជីគីស្ថាន ដែលកីឡាករមានមាឌធំៗ និងចូលចិត្តលេងពិតពាំងខ្លាំង ហើយនេះជាអ្វីដែលក្រុមគោព្រៃកម្ពុជា ត្រូវផ្តោតយកចិត្តទុកដាក់ឱ្យបានខ្លាំង។
ជាមួយភាពអំណោយផលរបស់ក្រុមជម្រើសជាតិតាជីគីស្ថាន ដែលអាចបង្កការលំបាកដល់ក្រុមជម្រើសជាតិកម្ពុជានេះ ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន បាននិយាយថា៖ «តាជីគីស្ថាន គឺជាក្រុមល្អ និងខ្លាំងមួយ ហេតុនេះយើងត្រូវត្រៀមខ្លួនឱ្យបានល្អ»។
ជាមួយគ្នានេះខ្សែប្រយុទ្ធវ័យក្មេង ហាវ សុខនេត្រ របស់ក្លិប ISI ដង្កោសែនជ័យ ដែលទើបឈ្នះពានជាកីឡាករវ័យក្មេងល្អជាងគេ ប្រចាំការប្រកួតលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២០២៥ បានតាំងចិតខ្ពស់ក្នុងការប្រកួតជាមួយក្រុមតាជីគីស្ថាន។ សុខនេត្រ បញ្ជាក់ថា៖ «ជាកីឡាករ ត្រូវតែមានសង្ឃឹម១០០ភាគរយ ក្នុងការចង់ឈ្នះ ហេតុនេះយើងត្រូវខំប្រឹងឱ្យអស់ពីសមត្ថភាព»។
សម្រាប់ការប្រមូលផ្តុំលើកនេះ គ្រូបង្គោលជនជាតិជប៉ុន លោក Koji Gyotoku បានកោះហៅកីឡាករវ័យក្មេងមួយចំនួនធំឱ្យចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ស្របពេលដែលកីឡាករបរទេសមានសញ្ជាតិខ្មែរ មានទម្រង់លេងល្អ ដូចជា Yudai Ogawa, Takaki Ose, Nieto Rondon និង Abdel Kader Coulibaly សុទ្ធតែមិនបានចូលរួមនោះ ប៉ុន្តែលោក Koji អះអាងថា ការផ្តល់ឱកាសឱ្យកីឡាករវ័យក្មេង វាជារឿងល្អ។
លោក Koji បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងអំឡុងពេលហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជាលើកនេះថា៖ «កីឡាករពីមួយជំនាន់ទៅមួយជំនាន់ ត្រូវតែមានការផ្លាស់ប្ដូរ ដូច្នេះយើងមិនអាចជ្រើសរើសកីឡាករដដែលបានដូចគ្នា។ យើងត្រូវការកីឡាករក្មេងៗមកជំនួស ហើយការផ្តល់ឱកាសដល់កីឡាករវ័យក្មេងនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះពួកគេជាអ្នកតំណាងឱ្យ បាល់ទាត់កម្ពុជា ទៅថ្ងៃអនាគត»៕