គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​តាជីគីស្ថាន លោក Gela Shekiladze បានអះអាង​ថា ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នា​យប់​ម៉ោង​៧ ថ្ងៃ​ព្រហស្បតិ៍នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងខំប្រឹងប្រែង​​លេង​១០០ភាគ​រយ ដើម្បីទប់ទល់​ជាមួយក្រុម​របស់លោក បើទោះបីជា ក្រុម​ម្ចាស់​ផ្ទះមួយនេះ អវត្តមាន​កីឡាករសំខាន់ៗ​មួយចំនួន ហើយ​បានដាក់​កីឡាករ​វ័យក្មេងមក​ជំនួស​ក៏​ដោយ។


នៅ​ក្នុងសន្និសីទកាសែត កាលពី​ល្ងាច​ថ្ងៃពុធ លោក Gela Shekiladze បានលើក​ឡើង​ថា ការ​អវត្តមាន​កីឡាករសំខាន់ៗ ក្នុងការ​ប្រកួត​ឱ្យក្រុមជម្រើសជាតិ វា​តែងតែ​កើតមាន​ឡើង នៅ​ក្នុងបាល់​ទាត់។ ជាក់ស្តែង​ក្រុមម្ចាស់​ផ្ទះកម្ពុជា នៅពេលនេះ អវត្តមាន​កីឡាករសំខាន់ៗ​មួយចំនួន​ធំ ប៉ុន្តែ​លោកជឿជាក់​ថា កីឡាករ​កម្ពុជា ដែលមាន​វត្តមាន នឹងខំប្រឹងប្រែង​លេង​១០០ភាគ​រយទល់ជាមួយក្រុម​របស់លោក។

លោកបានថ្លែងថា៖ ​«បើ​ទោះបីជា ក្រុម​កម្ពុជា មានការ​ខក​ខាន​កីឡាករ​សំខាន់ៗមួយចំនួន​មែន ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ក្រុមកម្ពុជា នឹងលេខ​១០០​ភាគ​រយ ​​ប្រឹងប្រែង​១០០​ភាគ​រយ ហើយវាជា​រឿង​ធម្មតា​ទេ នៅក្នុង​បាល់​ទាត់ ដែលពេលខ្លះ​កីឡាករ​មួយចំនួន ត្រូវ​ខក​ខាន​ការ​ប្រកួតបែប​ហ្នឹង ដោយសាររបួស និង​​បញ្ហាផ្សេងៗ»។


សម្រាប់ការ​ប្រមូល​ផ្តុំ​លើកនេះ ​​កីឡាករ​បរទេសមានសញ្ជាតិ​ខ្មែរ មាន​ទម្រង់​លេងល្អ Yudai Ogawa, Takaki Ose, Nieto Rondon និង​ Abdel Kader Coulibaly សុទ្ធតែ​មិន​បានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ហើយ​កីឡាករ​ខ្មែរមួយចំនួន​ទៀត ដែល​ធ្លាប់លេង​ក្នុងជម្រើស​១១នាក់ដំបូង ដូចជា សឿយ វិសាល, អ៊ន ចាន់ប៉ូលីន និង ថេឡរ នីកូឡាស់ ជាដើម ក៏​មិន​បាន​ចូលរួម​ដូចគ្នា។


តែទោះបីជា​យ៉ាងណា លោក Gela Shekiladze បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា កម្ពុជា ទោះបីជា​អត់មានកីឡាករ​សំខាន់ៗ​ទាំង​អស់​នោះ ក៏​កីឡាករដែលបាន​ចូល​មក​ជំនួស នឹ​ង​ខំប្រឹង​លេង​១០០​ភាគ​រយ ចំណែក​ក្រុម​របស់យើង​ក៏នឹងខំប្រឹង​​ដូច​គ្នា គឺ​ក្រុមទាំង​២ នឹង​លេង​១០០​ភាគ​រយ​ដូចគ្នា ហើយ​ខ្ញុំជឿជាក់ថា ​​ការ​មាន​គ្រូ​បង្វឹក​ល្អ ការ​រៀបចំ​ល្អ បុគ្គលិកនិងគ្រូជំនួយ​ល្អ និងមាន​​កីឡាករ​ល្អ គឺ​ក្រុមទាំង​២ ​នឹង​ធ្វើ​បាន​ល្អ​សម្រាប់ការ​ប្រកួតនេះ»។


សកម្មភាព​ហ្វឹកហាត់ថ្ងៃចុងក្រោយ​របស់​ក្រុមជម្រើសជាតិ​កម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពី​ថ្ងៃពុធ ត្រៀម​ជួបក្រុមជម្រើសជាតិតាជីគីស្ថាន នៅ​យប់នេះ។ រូប​ថត CPL

ចំណែកលោក Koji Gyotoku គ្រូ​បង្គោល​ក្រុមជម្រើសជាតិ​កម្ពុជា បានចាត់ទុក​ក្រុម​ជម្រើសជាតិតាជីគីស្ថាន គឺ​ជា​ក្រុម​ខ្លាំង ដែលមាន​ធនធាន​កីឡាករ​ល្អៗ ខ្ពស់ៗ និង​មាន​គុណ​ភាព​លេងខ្ពស់ ប៉ុន្តែ​លោកសប្បាយ​ចិត្ត ក្នុងការជួបក្រុមមួយនេះ ហើយ​លោក​នឹង​ព្យាយាម​ប្រើប្រាស់​កីឡាករ​ឱ្យ​បានច្រើន តាមដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឱ្យពួកគេ មានឱកាស​បង្ហាញសមត្ថភាព។

យ៉ាង​ណាក៏​ដោយ លោក Koji បាន​ទទួល​ស្គាល់​ថា កីឡាករ​ដែល​បានប្រមូល​ផ្តុំ ក្នុង​ក្រុមជម្រើសជាតិ​លើក​​នេះ គឺ​កីឡាករមួយចំនួន នៅមាន​ការ​នឿយហត់នៅឡើយ ហើយមួយចំនួនទៀត ក៏​មិនទាន់ពេញ​ល្អ​ប៉ុន្មាន​ដែរ ប៉ុន្តែ​លោក​នឹង​​​លៃលកធ្វើ​យ៉ាង​ណា ឱ្យពួកគាត់​លេងបាន និង​លេង​ឱ្យបាន​ល្អ​ជាង​កីឡាករបាន​អវត្តមាន។

លោក Koji បញ្ជាក់​ថា៖ «អ្វីដែល​ខ្ញុំ​ចង់​បាន​ពីកីឡាករ​វ័យក្មេង ដែលនឹង​ត្រូវដាក់​ឱ្យលេង​លើក​នេះ គឺ​​ត្រូវ​ប្រឹងលេង​ឱ្យអស់ពីសមត្ថភាព ដើម្បី​បង្ហាញ​សមត្ថ​ភាព​របស់​ពួកគាត់​ថា អាច​​ធ្វើ​បានល្អជាង​កីឡាករ ដែល​បានអវត្តមាន​។ ខ្ញុំ​ចង់​ឱ្យពួកគាត់​បង្ហាញខ្លួន​ឱ្យបាន​ល្អ ទៅតាម​អ្វី​ដែល​គាត់​ធ្វើ​បាន និង​​អស់​ពី​សមត្ថ​ភាព​របស់ពួកគាត់​»៕