
មិន រតនៈ ពេលចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ហើយគេជាអ្នករកបានគ្រាប់បាល់ ចំពោះការចាញ់ក្រុមតាជីគីស្ថាន ២-១ កាលពីយប់មិញ។ រូបថត ស្វាយរៀង
ខ្សែបម្រើ មិន រតនៈ (Min Ratanak) បានអះអាងថា ការបរាជ័យរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមស្នាដៃក្រុមជម្រើសជាតិតាជីគីស្ថាន ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់មិញ វាជាលទ្ធផលមិនអាក្រក់ពេកទេ ប៉ុន្តែអ្វីដែលសំខាន់ ក្រុមយើង ស្ទើរកម្លាំង ហើយលេងមិនសូវយល់ចិត្តគ្នា។
ម្ចាស់អាវលេខ២៦ មិន រតនៈ ដែលជាអ្នករកបានគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមជាកីឡាករបម្រុងនោះ បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយ ដែលមិនអាចយកជ័យជម្នះជូនអ្នកគាំទ្រ»។
ខ្សែបម្រើរបស់ក្រុមព្រះខ័នរាជស្វាយរៀងរូបនេះបានបន្ថែមថា៖ «ពួកយើងព្យាយាមលេងទៅតាមអ្វីដែលលោកគ្រូចង់បាន គឺព្យាយាមលេងក្នុងកម្រិតមួយដ៏ខ្លាំង ហើយខ្ញុំគិតថា លទ្ធផលប៉ុណ្ណឹង ជាមួយក្រុមតាជីគីស្ថាន វាមិនអាក្រក់ពេកទេ ប៉ុន្តែកម្រិតលេងរបស់យើង គឺនៅស្ទើរកម្លាំង ហើយមួយទៀត យើងមិនសូវចិត្តគ្នា យើងអត់ទាន់មានការយល់ចិត្តគ្នាបានច្រើនទេ»។
សម្រាប់ការប្រកួត នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជា ធ្វើបានល្អ នៅក្នុងតង់ទី១ ដោយអាចគ្រប់គ្រងបាល់បានច្រើន និងអាចវាយបកទៅលើក្រុមជម្រើសជាតិតាជីគីស្ថាន គួរឱ្យកត់ស្គាល់ ហើយបានបញ្ចប់ដោយលទ្ធផលស្មើ ០-០ ក្នុងរយៈពេល៤៥នាទី។
ប៉ុន្តែគ្រប់យ៉ាងមានការផ្លាស់ប្តូរ សម្រាប់ការប្រកួតនៅតង់ទី២ គឺក្រុមតាជីគីស្ថាន បានគ្របដណ្តប់មកលើក្រុមកម្ពុជាវិញ បន្ទាប់ពីពួកគេ បានផ្លាស់ប្តូរកីឡាករមានល្បឿនលឿនមួយចំនួនឱ្យចូលលេង ហើយនៅត្រឹមនាទីទី៥២ កីឡាករទើបដាក់ឱ្យចូលលេង Samiev Shahrom បានតែតទម្លុះទីក្រុមកម្ពុជា បាន១គ្រាប់ ហើយខ្សែប្រយុទ្ធ Ehsoni Panshanbe ដែលបានចូលលេង នៅតង់ទី២ដែរនោះ បានស៊ុតចូល១គ្រាប់ទៀត នៅនាទីទី៦៣។
ជាមួយយស្ថានភាពដ៏លំបាកនេះ ខ្សែបម្រើ មិន រតនៈ ដែលដាក់ឱ្យចូលលេងនៅដើមតង់ទី២ បានស៊ុតបញ្ចូលទីបាន១គ្រាប់វិញ បន្ទាប់ពីរូបគេបានទទួលបានពីការបញ្ចូលឱ្យយ៉ាងស្អាតរបស់ ឡេង ណូរ៉ា នៅនាទីទី៧១ ប៉ុន្តែក្រុមកម្ពុជា មិនអាចរកបានគ្រាប់បាល់បន្ថែមទៀតនោះទេ ដោយបានចាញ់ក្រុមតាជីគីស្ថាន ២-១។

ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា (ខៀវ) ជាមួយក្រុមជម្រើសជាតិតាជីគីស្ថាន នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃព្រហស្បតិ៍។ រូបថត FFC
យ៉ាងណាក៏ដោយ លោក Koji Gyotoku គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានទទួលស្គាល់ថា តាជីគីស្ថាន គឺជាក្រុមមួយដ៏ខ្លាំង ស្របពេលកីឡាករសំខាន់ៗមួយចំនួនរបស់កម្ពុជា អវត្តមាន។ «កីឡាកររបស់យើងមួយចំនួន មិនអាចចូលរួមបាន ដោយអ្នកខ្លះជាប់ពិន័យកាត និងខ្លះទៀតមានរបួស អ៊ីចឹងកីឡាកររបស់យើង ដែលមាន គឺបានប្រឹងប្រែងលេងមែនទែន»។
លោក Koji បន្ថែមថា៖ «ក្រុមតាជីគីស្ថាន បានផ្លាស់ប្តូរកីឡាករថ្មី ធ្វើឱ្យល្បឿននៃការលេងរបស់គេ ក៏លឿនជាងមុន ស្របពេលដែល អ៊ិន សូដាវីដ ក៏ត្រូវបានប្តូរចេញ ដោយសារបញ្ហារបួស ក្រោយបញ្ចប់តង់ទី១ ធ្វើឱ្យតំបន់កណ្តាលរបស់យើងរាងធូររលុងបន្តិច នាំឱ្យខាងគេរកបានគ្រាប់បាល់»។
ជាមួយការចាញ់ក្រុមជម្រើសជាតិតាជីគីស្ថាន ២-១ នេះ លោក Koji បានឱ្យដឹងថា លោកបានផ្លាស់ប្តូរកីឡាកររហូតដល់៦នាក់ ទៅតាមការកំណត់នៃការប្រកួតមិត្តភាពអន្តរជាតិនេះ ប៉ុន្តែការផ្លាស់ប្តូរនេះ មិនមែនទាក់ទងនឹងការរៀបចំតាក់ទិចនៅក្នុងក្រុម ដើម្បីពង្រឹងគុណភាពលេងនៅតង់ទី២នោះទេ ប៉ុន្តែដោយសារកីឡាករមួយចំនួន បានធ្លាក់ចុះនូវគុណភាពកម្លាំង ដែលត្រូវតែប្តូរចេញ។
លោកបញ្ជាក់ថា៖ «វាជារឿងសោកស្តាយ ព្រោះការប្តូរកីឡាករនេះ មិនទាក់ទងនឹងទិចនិកលេងទេ គឺដោយសារតែពួកគាត់រមួល និងអស់ថាមពល អ៊ីចឹងបញ្ហារបស់កីឡាករយើង គឺការខ្វះកម្លាំង។ បើសិនពួកគាត់ បានឆ្លងកាត់ការប្រកួតប្រជែងដោយគុណភាពខ្ពស់រយៈពេល១ឆ្នាំពេញ គាត់នឹងអាចលេងបានល្អជាងនេះ»។
យ៉ាងណាក៏ដោយ លោក Koji បានសង្កត់ធ្ងន់ថា៖ «កីឡាកររបស់យើងបានប្រឹងប្រែងលេងអស់ហើយ គ្រាន់តែមិនអាចយកឈ្នះគេបាន។ ខ្ញុំចង់បានជ័យជម្នះ សម្រាប់ធ្វើជាកាដូមួយជូនដល់ទស្សនិកជន ដែលមកគាំទ្រនៅថ្ងៃនេះមែនទែន ប៉ុន្តែយើងធ្វើអត់ទាន់បានល្អ ហើយនេះជារឿងសោកស្តាយសម្រាប់ខ្ញុំ»៕