
រូបនិមិត្តនៃទីលានហ្វឹកហាត់ថ្មីរបស់ក្លិប ISI ដង្កោសែនជ័យ ដែលចាប់ផ្តើមបើកការសាងសង់ កាលពីព្រឹកថ្ងៃសុក្រនេះ។ រូប ISI ដង្កោសែនជ័យ
ក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ បានប្រកាសពីការសាងសង់ទីលានហ្វឹកហាត់ថ្មី មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍ ISI PARK II ផ្លូវជាតិលេខ២ ភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ហើយក្លិបបានបញ្ជាក់ថា ការសងសងទីលានថ្មីនេះ ដើម្បីបំពេញតាមស្តង់ដាអន្តរជាតិទាំងលើការហ្វឹកហាត់ និងការប្រកួត។
ទីលានថ្មីរបស់ ISI ដង្កោសែនជ័យ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃសុក្រនេះ ហើយគម្រោងទីលាននេះ គឺមានទីលានហ្វឹកហាត់ស្មៅធម្មជាតិស្ដង់ដា មានទំហំ៦៨ម៉ែត្រ x១០៥ម៉ែត្រ ចំនួន៣ ទីលាន មជ្ឈមណ្ឌលហ្វឹកហាត់ កម្លាំងនិងកាយសម្បទាចំនួន១ និងអគារស្នាក់នៅសម្រាប់យុវជន ចំនួន១អគារ។
យ៉ាងណាក៏ដោយ សម្រាប់ការសាងសង់ នៅក្នុងដំណាក់កាលទី១នេះ ក្លិប ISI ដង្កោសែនជ័យ បានបង្ហើបថា មានការសាងសង់ទីលានហ្វឹកហាត់ស្មៅធម្មជាតិស្ដង់ដា (៦៨ម x១០៥ម) ចំនួន២ និងទីលាន មជ្ឈមណ្ឌលហ្វឹកហាត់ កម្លាំងនិងកាយសម្បទាចំនួន១សិន ប៉ុន្តែក្លិបមិនបានបង្ហាញពីទំហំនៃការចំណាយ និងរយៈពេលនៃការសាងសង់ទីលានថ្មីនេះ នៅឡើយទេ។
តែទោះបីជាយ៉ាងណា ក្លិប ISI ដង្កោសែនជ័យ បានបង្ហាញពីមោទនភាពក្នុងការប្រកាសពីការចាប់ផ្តើមសាងសង់ទីលានហ្វឹកហាត់ថ្មីនេះ ដោយបញ្ជាក់ថា៖ «ទីលានហ្វឹកហាត់ថ្មី នឹងបម្រើជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ទាំងឈុតធំ និងឈុតយុវជន គឺត្រូវបានរៀបចំឡើង ដើម្បីបំពេញតាមស្តង់ដាអន្តរជាតិ មានទីលានដែលមានទំហំធំទូលាយ កន្លែងហាត់កាយសម្បទា និងកន្លែងអប់រំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍កីឡាករទាំងមូល»។

លោក កាំង សេន រួមទាំងក្រុមការងារក្លិប ISI ដង្កោសែនជ័យ និងកីឡាករ ដែលបានចូលរួមនៅក្នុងកម្មវិធីសែនបើកការដ្ឋានសាងសង់ទីលានហ្វឹកហាត់ថ្មី កាលពីព្រឹកមិញ។ រូបថត ISI ដង្កោសែនជ័យ
ចំណែកលោក កាំង សេន ប្រធានក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ ដែលបានដឹកនាំក្រុមការងារក្លិប និងកីឡាករជាច្រើននាក់ ទៅចូលរូមក្នុងកម្មវិធីសែនបើកការដ្ឋានសាងសង់ទីលានហ្វឹកហាត់ថ្មី កាលពីព្រឹកថ្ងៃសុក្រនេះ បានថ្លែងថា៖ «ទីលានហ្វឹកហាត់ថ្មីនេះ លើសពីគម្រោងសាងសង់ គឺវាជាការប្តេជ្ញាចិត្តចំពោះអនាគតនៃក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ»។
ប្រធានក្លិប ISI ដង្កោសែនជ័យរូបនេះ បានបន្ថែមថា៖ «ទីលានហ្វឹកហាត់ថ្មីរបស់យើង នឹងផ្តល់ភាពងាយស្រួលដល់កីឡាករ គ្រូបង្វឹក និងបុគ្គលិករបស់យើងឱ្យឈានដល់កម្រិតខ្ពស់ និងផ្តល់នូវបរិយាកាសវិជ្ជាជីវៈដែលបំផុសគំនិតមនុស្សជំនាន់ក្រោយ»។
សម្រាប់ការប្រកួតនៅរដូវកាលឆ្នាំ២០២៤-២០២៥នេះ ក្រុម ISI ដង្កោសែនជ័យ ឈរនៅលេខ៧ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ចំណែកការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន គឺក្រុមនេះបានធ្លាក់នៅក្នុងវគ្គ៨ក្រុមចុងក្រោយ ក្រោយចាញ់ក្រុមបឹងកេត ៣-០ ក្នុងការប្រកួតទាំង២ជើង។
ជាមួយលទ្ធផលនេះ ISI បានបញ្ចប់កុងត្រាជាមួយកីឡាករជាច្រើននាក់ ក្នុងនោះក៏មានកីឡាករបរទេស Ndogo Louis Willy, Kuzu Yanagidate, Koum David Julien William និងអតីតគ្រូបង្គោលលោក Botioba Bouyaloua Jean ផងដែរ។
តែទោះបីជាយ៉ាងណា សម្រាប់ការបើកការសាងសង់ទីលានថ្មី ដែលមានតាំងទីលានហ្វឹកហាត់ស្មៅធម្មជាតិស្ដង់ដា ទីលានមជ្ឈមណ្ឌលហ្វឹកហាត់ កម្លាំងនិងកាយសម្បទា និងអគារស្នាក់នៅសម្រាប់យុវជននេះ វាបានបង្ហាញពីការបោះជំហានទៅមុខរបស់ក្លិប ISI ដង្កោសែនជ័យ ក្នុងការឈានទៅរកភាពរីកចម្រើន និងក្លាយជាក្លិបអាជីពមានមូលដ្ឋានដ៏រឹងមាំមួយ នាថ្ងៃអនាគត។
លោក កាំង សេន បានបញ្ជាក់ថា៖ «ការវិនិយោគនេះ ឆ្លុះបញ្ចាំងពីបេសកកម្មរបស់ក្លិបបាល់ទាត់ អាយអេសអាយដង្កោសែនជ័យ ក្នុងការរីកលូតលាស់ទាំងការប្រកួតប្រជែង និងប្រកបដោយនិរន្តរភាព ដោយពង្រឹងតួនាទីរបស់ខ្លួន ជាក្លិបបាល់ទាត់ ដែលមានការគិតឆ្ពោះទៅមុខបំផុតនៅក្នុងតំបន់»៕