ក្រុម​ជម្រើសជាតិ​នារីកម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ នឹងចាប់​ផ្តើម​យុទ្ធនាការ​ប្រកួត​​ពាន​រង្វាន់​ASEAN U19 Girls’ Championship 2025 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នា​រសៀល​ម៉ោង​៣ ថ្ងៃ​ចន្ទ​នេះ ហើយសម្រាប់ការ​បង្ហាញ​ខ្លួន​ក្នុងព្រឹត្តិការណ៍​នេះក្រុម​នារី​កម្ពុជា មានគោល​បំណង​ ដណ្តើម​យក​សមិទ្ធផល​ថ្មី​ជូនប្រទេស​ជាតិ ទោះដឹង​ថា មានបទពិសោធន៍​នៅស្ទើរជាង​គេ។


ដោយឈរនៅពូល​B ក្រុម​U19ជម្រើសជាតិនារីកម្ពុជា នឹង​ត្រូវ​ប្រកួតបើក​ឆាក​ជាមួយ​ក្រុម​U19ម៉ាឡេស៊ី នៅ​ទីលាន Dat Duc Stadium នា​រសៀល​ម៉ោង​៣ ថ្ងៃ​ចន្ទនេះ រីឯ​​ក្រុមឈរនៅពូលជាមួយគ្នា គឺ​​U19ជម្រើសជាតិ​ថៃ និង U19ជម្រើសជាតិ​ឥណ្ឌូនេស៊ី ក៏​ត្រូវ​ប្រកួតគ្នាដណ្តើម​យក​៣ពិន្ទុ នៅម៉ោង​៣ ​ថ្ងៃ​នេះដូចគ្នា។

ចំណែក​​ក្រុមឈរ​នៅពូល​Aវិញ ​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម ត្រូវស្វាគមន៍ក្រុម​U19ជម្រើសជាតិនារី​​មីយ៉ាន់ម៉ា ខណៈ​ក្រុមU19ជម្រើសជាតិនារីឡាវ ត្រូវជួបក្រុម​U19ជម្រើសជាតិ​នារី​ទីម័រខាង​កើត នៅ​ថ្ងៃ​ចន្ទ​នេះ​ដូចគ្នា ដើម្បី​ស្វែង​រក​ក្រុម​លេខ​១ និងលេខ​២ តាមពូល​ទាំង​២ ឡើង​ទៅប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅថ្ងៃទី​១៦ និង​បន្តយក​ក្រុម​ឈ្នះ​ឡើងទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃទី​១៨ ខែមិថុនា។


នៅក្នុងចំណោមក្រុមទាំង​៤ ដែល​ឈរ​នៅពូល​Bនេះ គឺ​ក្រុមU19ជម្រើសជាតិនារី​ថៃ មានកម្រិតលេង​ខ្ពស់ជាងគេ ព្រោះការ​​ប្រកួត​ពាន​រង្វាន់ ASEAN U19 Girls’ Championship​ ចំនួន​៣​លើក​កន្លងមក​នេះ ពួកគេ បានឈ្នះ​ជើង​ឯក​២លើក កាលពី​ឆ្នាំ២០១៤ និងឆ្នាំ​២០២៣ ហើយ​បាន​លេខ​៣ ​កាលពី​ឆ្នាំ​២០២២២ ចំណែក​ក្រុម​U19ជម្រើសជាតិនារី​ឥណ្ឌូនេស៊ី ធ្លាប់បានឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ កាលពី​ឆ្នាំ២០២៣ ប៉ុន្តែ​ពួកគេ បានត្រឹម​លេខ​៤។


ចំណែក​ក្រុម​U19ជម្រើសជាតិ​នារី​កម្ពុជា និងU19ជម្រើសជាតិនារី​​ម៉ាឡេស៊ី ដែល​ត្រូវជួបគ្នា នៅរសៀល​ម៉ោង​៣ ថ្ងៃ​នេះ គឺមិន​ធ្លាប់​​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូលនោះទេ ហេតុ​នេះការ​ប្រជែង​គ្នា​យក​៣ពិន្ទុ​នៅថ្ងៃ​នេះ ពិតជា​សំខាន់ណាស់ សម្រាប់ក្រុមទាំង​២ ព្រោះការ​បន្ត​ទៅ​ជួប​ក្រុមនារី​ថៃ និងនារី​ឥណ្ឌូនេស៊ី វាកាន់តែពិបាកសម្រាប់ពួកគេ ក្នុងការ​ស្វែង​រក​ពន្លឺ​នៃជ័យជម្នះ។


គ្រូបង្គោល​ក្រុម​U19ជម្រើសជាតិ​នារីកម្ពុជា ឈឺន នីផា ពេល​ចូលរួួម​ក្នុងសន្និសីទកាសែតជាមួយ​ក្រុមបង្វឹកក្រុមនារីថៃ ម៉ាឡេស៊ី និង​គ្រូ​បង្វឹក​ក្រុមនារីឥណ្ឌូនេស៊ី កាលពី​ថ្ងៃអាទិត្យ។ រូប​ថត FFC

យ៉ា​ងណា​ក៏ដោយ ជុំវិញការ​ប្រកួត​ពាន​រង្វាន់ ASEAN U19 Girls’ Championship​ 2025នេះ អ្នកស្រី ឈឺន នីផា គ្រូបង្គោលក្រុមU19 ជម្រើសជាតិនារីកម្ពុជា បាន​លើក​ឡើង នៅក្នុ​សន្និសីទកាសែត កាលពី​ថ្ងៃអាទិត្យ​ថា៖ «យើង​មា​នពេល​ប្រមូល​ផ្តុំ​រយៈ​ពេល​ខ្លី ប៉ុន្តែ​​កីឡាការិនី​របស់យើង​ បាន​ត្រៀម​ខ្លួនរួច​រាល់​ សម្រាប់ការ​ប្រកួតនៅទីនេះ ហើយ​ពួក​យើង​សង្ឃឹម​ថា រាល់​ការ​ប្រកួតទាំង​អស់ ជា​ការ​ប្រកួត​ដ៏​ទាក់​ទាញ»។

គួរ​បញ្ជាក់ថា ​កម្ពុជា បានបញ្ជូន​កីឡាការិនីអាយុ​ក្រោម​១៩ឆ្នាំ ចំនួន​​​២៣នាក់ ​ទៅចូលរួម​ការ​​ប្រកួត​ពាន ASEAN U19 Girls’ Championship នេះ។ ​អ្នកទាំង​២៣នាក់នេះ ត្រូវបាន​សម្រិតសម្រាំង​ចេញពីកីឡាការិនី​អាយុ​ក្រោម​១៩​ឆ្នាំ​ចំនួន​៣៩នាក់ តាម​រយៈការ​ធ្វើ​តេស្ត​យ៉ាងត្រឹមត្រូវ ហើយពួកគេ ​បាន​ដាក់ចិត្តខ្លាំង ក្នុងការ​ប្រកួត​ប្រជែង ទោះបីជា​ដឹង​ថា មានពិសោធន៍ និង​កម្រិតលេង តិចជាង​គេ​ក៏ដោយ។

ជាមួយគ្នានេះ​គ្រូ​បង្គោល ឈឺន នីផា បានចាត់ទុកការ​ប្រកួត​នេះ ជាពេល​វេលា​ដ៏សំខាន់ សម្រាប់​កីឡាការិនី​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ ទាំងអស់គ្នា ក្នុងការអភិវឌ្ឍសមត្ថ​ភាព តែពួកគេ​ក៏មានគោលបំណងដណ្តើម​យកសមិទ្ធផល​ថ្មី ជូនប្រទេស​ជាតិ​ សម្រាប់​ការ​បង្ហាញ​ខ្លួន ក្នុង​ពាន​រង្វាន់ ASEAN U19 Girls’ Championship នេះ​ផងដែរ។

អ្នកស្រី ឈឺ នីផា បានបញ្ជាក់ថា៖​ «កីឡាការិនី​ ដែល​យក​មក​ទី​នេះ គឺ​ចង់​ឱ្យ​ពួកគេ​អភិវឌ្ឍ​ខ្លួន​ ដើម្បី​ឈាន​ទៅ​ដល់​ការ​ប្រកួត​ប្រជែង​កម្រិតខ្ពស់​ នៅ​​ក្រុម​ជម្រើស​ជាតិ​នារី​ឈុត​ធំ នាថ្ងៃ​អនាគត​ ហើយ​យើងមក​ទី​នេះ ក៏​មាន​គោល​បំណង​យក​សមិទ្ធផល​ថ្មី​ជូន​ប្រទេស​ជាតិ​របស់​យើង​ផង​ដែរ។ ​ពួក​យើង​ត្រូវ​ការ​ការគាំ​ទ្រ​ពីបងប្អូន​អ្នកគាំទ្រកម្ពុជា​ទាំងអស់​គ្នា ដើម្បី​ឱ្យ​កីឡាការិនី​របស់យើង​មានកម្លាំងចិត្ត ដើម្បី​​ប្រយុទ្ធ​ជូនជាតិ»៕