ក្រុងប៊េន៖ មិនចូលចិត្ដសាច់គោមែនទេ? ឧស្សាហកម្មប៊ឺហ្គឺរបន្លែដ៏ពេញនិយមកំពុងតែប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតបង្កើតជម្រើសអាហារនានា។
សម្ព័ន្ធ ហ្វឺមមីនិច (Firmenich) របស់ស្វ៊ីស ដែលជាក្រុមហ៊ុនផលិតបង្កើនរសជាតិអាហារឈានមុខគេក្នុងលំដាប់ពិភពលោកបានប្រាប់ឱ្យដឹងថា ភាពវិសេសរបស់សាច់គោមិនត្រឹមតែអាស្រ័យលើរសជាតិ រូបរាង និងពណ៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារបៀបនៃបម្រែបម្រួលពេលចម្អិន និងអារម្មណ៍ពេលទំពានៅក្នុងមាត់។
អេម៉ាញូអែល ប៊ុតស្ត្រេន ជាប្រធានផ្នែករសជាតិនៃក្រុមហ៊ុនហ្វឺមមីនិច បាននិយាយប្រាប់ AFP នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននៅក្រុងសាតិកនី ក្រៅក្រុងហ្ស៊ឺណែវថា៖ «ការស្វែងរកប្រូតេអ៊ីនដូចសាច់ពីប្រូតេអ៊ីនបន្លែ ពិតជាស្មុគស្មាញណាស់»។
លោកបាននិយាយថា បញ្ហាលំបាកបំផុតមួយ គឺអារម្មណ៍ក្រោយពេលភ្លក្សអាហាររួច។ ប្រូតេអ៊ីនសណ្ដែក បញ្ចេញនូវរសជាតិល្វីងដែលឆាប់ទាក់ជាប់អណ្ដាត។
ដើម្បីបំបាត់រសជាតិទាំងនេះ ឬក៏ជំនួសរសជាតិផ្សេងទៀត បច្ចេកវិទ្យាវៃឆ្លាត (AI) អាចបង្កើតនូវលទ្ធភាពរសជាតិរាប់លានប្រភេទ។
វាមិនត្រឹមតែអាចបង្កើតនូវរសជាតិប្លែកៗចម្រុះដ៏សម្បូបែបប៉ុណ្ណោះទេ ប៉ុន្ដែវាថែមជាផ្នែកមួយក្នុងការប្តូរចំណូលចិត្តអ្នកបរិភោគស្របទៅតាមគោលការណ៍ច្បាប់ និងបច្ចេកទេស។
ការវិភាគរបស់បច្ចេកវិទ្យាវៃឆ្លាតអាចធ្វើការបង្ហាញពីរសជាតិចម្រុះច្រើនយ៉ាង ដែលអ្នកជំនាញខាងក្លិនមិនអាចធ្វើបាន។
លោក ហ្គៀលប៊ឺត ហ្គូសស្ទីន ជានាយកប្រតិបត្តិក្រុមហ៊ុន ហ្វឺមមីនិច បានប្រាប់ឱ្យដឹងថា៖ «អាហារដែលប្រើបន្លែជាមូលដ្ឋានជាគន្លឹះនៃការផ្លាស់ប្ដូរទម្លាប់ទទួលទានដ៏សំខាន់»។
យោងតាមការសិក្សារបស់ធនាគារ Credit Suisse បានបង្ហាញថា ទីផ្សារអាហារបន្លែរសជាតិសាច់សត្វ និងទឹកដោះគោ មានតម្លៃប្រហែល ១៤ ពាន់លានដុល្លារ នៅក្នុងទូទាំងពិភពលោក នឹងឈានដល់ ១៤៣ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ និង ១,៤ ពាន់ពាន់លានដុល្លារ នៅឆ្នាំ ២០៥០៕ AFP/RS